ទីក្រុងរណប២ទំនើបបំផុត បើកទំព័រប្រវត្តិសាស្ត្រនៅជ្រោយចង្វា
Posted On : មិនា, 29, 2018 | By Vantha

ស្ថិត​នៅ​ភាគ​ខាងជើង​ឆៀង​ខាងកើត​នៃ​រាជធានី​ភ្នំពេញ ខណ្ឌ​ជ្រោយចង្វា​ជា​តំបន់​មួយ​ដែល​មាន​កំណើន​អភិវឌ្ឍ​លឿន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ចំណោម​តំបន់​រីក​ចម្រើន​ផ្សេង​ៗទៀត​នៅ​រាជធានី​ភ្នំពេញ​ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ភាព​រីកចម្រើន​ក្នុង​ខណ្ឌ​ជាប់​អនុ​តំបន់​ទន្លេ​មេគង្គ​មួយ​នេះ កំពុង​មាន​ការ​អភិវឌ្ឍយ៉ាង​សស្រាក់សស្រាំ ស្រប​ពេល​ដែល​គម្រោង​ទីក្រុង​រណប​ចំនួន​ពីរ​កំពុង​បង្ហាញ​រូបរាង​ជា​បណ្តើរៗ៖

ទី​ក្រុង​រណប​ជ្រោយ​ចង្វា

ទី​ក្រុង​រណប​ជ្រោយ​ចង្វាត្រូវ​បាន​អភិវឌ្ឍដោយ​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC) គ្រប់គ្រង​ដោយ​លោក ពុង ឃាវសែ។ បើ​តាម​ផែនការ​មេ​របស់​ក្រុមហ៊ុន OCIC ទីក្រុង​រណប​ជ្រោយចង្វា​វិនិយោគ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ៣៨៧ ហិកតា គ្រប​ដណ្តប់​ក្នុង​សង្កាត់​ចំនួន​បី មាន​ដូចជា សង្កាត់​ឫស្សីកែវ សង្កាត់​ជ្រោយចង្វា និង​សង្កាត់​ព្រែក​លៀប ក្រោម​ទុន​វិនិយោគ ១,៦​ពាន់​ដុល្លារ​អាមេរិក។

ក្រុង​រណប​ចាយ​ទុន​ខ្ទង់​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​ បាន​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០១២ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៦។

ទីក្រុង​រណប​មិត្តភាព​កម្ពុជា-ចិន​

មាន​ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ទីក្រុង​មិត្តភាព​កម្ពុជា-ចិន ដែល​គេ​ស្គាល់​ថា​ទីក្រុង​រណប The Garden City ជា​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ គឺ​ក្រុមហ៊ុន L.Y.P Group និង​ក្រុមហ៊ុន​ចិន China Minsheng Investment Group ។ ទីក្រុង​រណប​នេះ ត្រូវ​បោះទុន​វិនិយោគ ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក លើ​ទំហំ​ផ្ទៃដី ២០០០​ហិកតា។

បច្ចុប្បន្ន​ទីក្រុង​រណប​ដែល​ត្រូវ​បោះទុន​ក្រោម​រូបភាព​រួមគ្នា​នេះ​កំពុង​ដំណើរការ ក៏​ប៉ុន្តែ​កាល​បរិច្ឆេទ​នៃ​ការ​បញ្ចប់​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​នោះ​ទេ។

វត្តមាន​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ទាំង​ពីរ​នេះ​ បាន​ក្លាយ​ជា​មេ​ដែក​ស្រូប​ទាញ​ដ៏​សំខាន់ ក្នុង​ការ​ទាក់ទាញ​គម្រោង​វិនិយោគ​ជាច្រើន ជា​ពិសេស​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​បុរី ដែល​គេ​សង្កេត​ឃើញ​មាន​ការ​វិនិយោគ​ជា​ហូរហែ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦​អា រាប់​ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វា រហូត​ដល់​សង្កាត់​ព្រែក​លៀប និង​សង្កាត់​ព្រែក​តាសេក​ជាដើម។

លោក ប៉ូ អ៊ីវគង់ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Advance Real Estate បាន​ថ្លែង​ឲ្យ​ដឹង​ថា​ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ទាំងពីរ​នេះ​ជា​ផ្នែក​មួយ​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​គម្រោង​ផ្សេង​ទៅ​វិនិយោគ​ក្នុង​តំបន់​ជ្រោយចង្វា។

លោក​បាន​ពន្យល់​ថា ភាព​រីកចម្រើន​ក្នុង​តំបន់​នេះ ដោយសារតែ​វា​ស្ថិតនៅ​ជិត​ទន្លេ​មេគង្គ ដែល​ផ្តល់​បរិយាកាស​ល្អ​ក្នុង​ការ​រស់នៅ រួមមាន​ទាំង​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អ​ប្រសើរ ហើយ​មាន​ប្រភេទ​ទីតាំង​ដី​ធំ​ៗ ដែល​សុទ្ធសឹងតែ​ផ្តល់​អំណោយផល​ក្នុង​ការ​វិនិយោគ​៕

 

ប្រភព៖ Sabaynews

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!