read

ទីកន្លែង​ស្នាក់នៅ​របស់​សិស្ស​និស្សិត​ខ្វះគុណភាព ស្ដង់ដារ​រស់នៅ និង​សុវត្ថិភាព

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍,​ Thu, 5 November 2015

place-for-student-stay

​ការរស់នៅ​ក្នុង​កន្លែង​តូចចង្អៀត​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​និស្សិត​សាកលវិទ្យាល័យ​ជាច្រើន ជាពិសេស​សម្រាប់​និស្សិត​ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត​ពី​តាម​បណ្តា​ខេត្ត​ជាច្រើន​ដើម្បី​មក​បន្ដ​​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។

ទោះ​បីជា​ទីក្រុង​នេះ​មាន​អគារ​ធំៗ​ខ្នាត​អន្ដរជាតិ​ជាច្រើន​យ៉ាងណា ក៏​ដោយតែ​អគារ​ទាំងនោះមិន​មែន​ជា​ជម្រើស​ដែល​សិស្សនិស្សិត​ទាំងនោះ​អាចធ្វើ​ការជ្រើសរើស​បាន​ទេ ដោយ​ពួកគេត្រូវធ្វើ​ការ​សម្រេចចិត្ត​រស់​នៅ​ទីកន្លែង​ដែលមានមនុស្ស​កកកុញ និង​ពុំ​សូវ​មាន​ស្ដង់ដារត្រឹមត្រូវ​នោះទេ។​

បន្ទាប់ពី​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រោយពី​ប្រឡងជាប់​ចូល​ទៅ​​សិក្សា​នៅ​សាកលវិទ្យាល័យ និស្សិត​ដែល​មកពី​ខេត្តត្រូវ​ប្រឈម​នឹង​ភាពលំបាក​ក្នុងការ​ស្វែង​រក​កន្លែង​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ខណៈដែល​សាកលវិទ្យាល័យ​មួយចំនួន​ដូចជា​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ មាន​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ​ដល់​និស្សិត​ក៏​ដោយក៏​ទីកន្លែង​នោះ​នៅតែមានកំណត់​ដែរ​។​

​ដោយ​សង្កេតឃើញថា និស្សិត​មួយ​ចំនួន​មិនមាន​លទ្ធភាព​ក្នុង​ការ​ជួល​កន្លែង​ស្នាក់នៅ​ដោយ​ខ្លួនឯង សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ដបាន​ជួល​អគារពីរជាន់មួយ​នៅក្បែរនោះ​សម្រាប់​ផ្ដល់​ជាកន្លែងស្នាក់នៅ​ដល់​សិស្សនិស្សិត​របស់ខ្លួន។​

​អគារ​ស្នាក់នៅ​របស់​និស្សិត​នោះ​មាន​បន្ទប់​គេងចំនួន ៤ និង​បន្ទប់ទឹកចំនួន ៣​។ បន្ទប់​គេង​ដែល​មានទំហំ ១២ ម៉ែត្រការ៉េ គឺ​ត្រូវ​បាន​ស្នាក់នៅ​ដោយ​និស្សិតចំនួន ៤ នាក់ហើយ​បន្ទប់​គេង​ដែល​មានទំហំ​ធំ​ជាង​នេះគឺត្រូវបាន​​ស្នាក់​នៅ​ដោយ​និស្សិតចំនួន ៥ នាក់​។ និស្សិត​នៅ​ទីនោះ​ត្រូវ​ទាម​ទារ​ឲ្យ​ស្នាក់​នៅក្នុង​ទីកន្លែងតូច​ចង្អៀត និង​ប្រជ្រៀតគ្នា។​

​ទោះជា​កន្លែង​ស្នាក់នៅ​សម្រាប់​និស្សិត​នោះមានត្រឹមតែ​និស្សិត​ចំនួន​តែ ២៥ នាក់​ក៏ដោយ តែនៅ​ទីនោះ​មិនមាន​គ្រែ​សម្រាប់​គេង​ទេ ដោយ​និស្សិតទាំងនោះ​ត្រូវ​គេង​ផ្ទាល់​នឹង​ឥដ្ឋ​។ ទូសម្រាប់ដាក់ខោ​អាវ​គឺ​ត្រូវ​បានដាក់​នៅតាម​ផ្លូវដើរ ហើយ​វ៉ា​លិសគឺ​ត្រូវបាន​តម្រៀប​លើ​គ្នា​ស្ទើរតែដល់ពិដាន​។ សូម្បី​តែ​បន្ទប់ទទួលភ្ញៀវ​ក៏ត្រូវបានរៀប​ចំ​ជា​កន្លែង​សម្រាប់​ឲ្យ​និស្សិត​ចំនួន ៥ នាក់បន្ថែមទៀត​គេង​ស្នាក់​នៅ​ទីនោះ​ផងដែរ​។​

​ថ្វីបើ​កន្លែង​ស្នាក់​នៅមាន​ស្ថានភាព​បែបនេះ​ក្តីក៏​វាជាជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​និស្សិត​ជា​ច្រើន​ដែរ​។ កញ្ញា ឡៅ ដា​ណេ អ្នក​គ្រប់គ្រង​កន្លែង​ស្នាក់នៅ​របស់​សិស្ស​នោះ បាន​និយាយថា​៖ «សិស្សនិស្សិត​ដែល​ស្នាក់នៅ​ទីនោះ​គឺជា​និស្សិត​ក្រីក្រ ឬ​និស្សិត​ដែល​​មិនដឹងថាត្រូវ​រស់នៅ​ជាមួយ​អ្នកណា ឬ​មិនអាច​ស្វែងរក​កន្លែង​ដែលមាន​សុវត្ថិភាព​សម្រាប់​ស្នាក់​នៅបាន​»​។​

​កញ្ញា​បានបញ្ជាក់​ទៀតថា ដោយ ​​កញ្ញា និង​និស្សិត​នៅ​ទីនោះ​បាន​ចាប់ផ្តើម​បង់ប្រាក់​ថ្លៃ​ជួល​ចំនួន ១២ ដុល្លារ និង​ថ្លៃ​ទឹកភ្លើង ៥ ដុល្លារ ក្នុង​មួយខែក្នុង​គោល​បំណង​ជួយ​ផ្គត់​ផ្គង់​ការចំណាយ​របស់​សាកលវិទ្យាល័យ ប៉ុន្តែទោះ​នៅ​ក្នុង​តម្លៃ​នេះ​ក៏ដោយក៏​នៅ​តែមាន​និស្សិតមួយចំនួន​ដែល​មិនមាន​លទ្ធភាព​ក្នុងការ​បង់ប្រាក់​ដែរ​។​

​កញ្ញា ដា​ណេ បាន​បន្ដទៀតថា ដើម្បី​ចុះឈ្មោះ​សុំ​ស្នាក់​នៅក្នុង​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​នេះ សិស្ស​និស្សិត​ត្រូវតែ​ជា​សិស្ស​ដែល​មកពី​ខេត្ត ឬ​គ្រួសារ​ទីទ័លក្រ ប៉ុន្តែ​​ កន្លងមក​ក៏​ធ្លាប់មាន​ករណី​លើកលែង​មួយចំនួន​ផងដែរ។​

កញ្ញា​បាន​បន្ដថា​៖ «​យើង​ធ្លាប់​មាន​សិស្សស្រី​មួយរូប ដែល​គាត់​បានមក​សុំ​ស្នាក់នៅ​កន្លែង​របស់​យើង ព្រោះ​ពេលដែល​គាត់​រស់នៅ​ជាមួយ​បងប្អូន​គាត់ មាន​សមាជិក​ប្រុស​ក្នុង​គ្រួសារ​នោះ​ប៉ុនប៉ង​ចង់​ចាប់រំលោភ​គាត់ អ៊ីចឹង​យើង​ក៏​បាន​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ​ឲ្យ​គាត់ ដោយ​គាត់​បានស្នាក់នៅ​ចំនួន ៤ ឆ្នាំ​ហើយ​»​។

កញ្ញា​ក៏បាន​បញ្ជាក់​ដែរ​ថា សម្រាប់​សិស្ស​ប្រុស​វិញ ពួក​គេ​ក៏មាន​ជម្រើស​ស្នាក់នៅ​វត្ដ​ដែរ ប៉ុន្តែ​សិស្សស្រី​គឺ​ស្នាក់នៅ​ជាមួយ​នឹង​បងប្អូន​ប្រសិនបើ​ពួក​គាត់​មិន​ជួលផ្ទះ​រស់នៅ​ដោយ​ខ្លួន​ឯង​។​

​ដោយសារតែ​សិស្ស​និស្សិត​ស្រី​ជាច្រើន​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​ពេលដែល​ពួកគេ​ជួល​កន្លែង​ស្នាក់​នៅ​ដោយ​ខ្លួនឯង អង្គការ Harpswell Foundation ដែល​ជា​អង្គការ​ដែលមាន​ទីតាំង​នៅ​សហ​រដ្ឋអាមេរិក បានរៀបចំ​ផ្តល់​ជា​​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​ដល់​សិស្ស​និស្សិត​ស្រី​នៅក្នុង​ទីក្រុង​។​

​លោកស្រី អ៊ឹង វ៉ា​រ៉ូ​នី អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​អង្គការ​នេះ បាន​​មានប្រសាសន៍ថា ជា​រៀងរាល់​ឆ្នាំ អង្គការ​អាច​ទទួលយក​សិស្ស​និស្សិត​បានត្រឹមតែ​ប្រហែល​ជា​ចំនួន ៤ នាក់ ពី​សាលា​នីមួយៗ ឬក៏​ចំនួន​សិស្ស​ច្រើន​បំផុត​គឺ ២០ នាក់​។​

​ក្នុងពេល​បច្ចុប្បន្ននេះ កន្លែង​ស្នាក់នៅ​របស់​អង្គការ Harpswell គឺមាន​សិស្ស​និស្សិត​ចំនួន ៧៩ នាក់ដែលពួកគេ​ស្ទើរតែ​ទាំងអស់​គឺ​មកពី​បណ្តា​ខេត្តផ្សេងៗ ហើយ​ក្នុង​មួយ​បន្ទប់​គឺមាន​សិស្ស​ស្នាក់​នៅ​​ចំនួន ៤ នាក់​។​

លោកស្រី​បាន​មានប្រសាសន៍ ថា​៖ «​ពេលដែល​សិស្ស​មកពី​ខេត្ត ពួកគេ​មួយចំនួន​មិនមាន​លទ្ធភាព​គ្រប់គ្រាន់ ឬ​មិន​ហ៊ាន​ស្នាក់នៅ​តែ​ម្នាក់ឯង​ទេ ដូច្នេះ​ពួកយើង​មាន​បំណង​ចង់​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​​សិស្ស​ដែល​មិនមាន​កន្លែង​ស្នាក់នៅ និង​ពុំ​ហ៊ាន​រស់នៅ​ម្នាក់​ឯង​»​។​

​ទោះជា​ទីក្រុង​ភ្នំពេញ​មាន​កន្លែង​​ ស្នាក់នៅ​ជាច្រើន​ក៏ដោយ តែ​និស្សិត​ជាច្រើន​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការជួល​នោះទេ​។ កញ្ញា សរ ពិសី ដែល​មកពី​ខេត្ត​ព្រះសីហនុ បានសម្រេច​ចិត្ត​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយនឹង​មិត្តភក្តិ​ម្នាក់ក្នុងតម្លៃ ២០ ទៅ ៣០ ដុល្លារ​ក្នុង​មួយខែ អស់​រយៈពេល​មួយឆ្នាំ​កន្លះ​។​

​កញ្ញា ពិសី បាន​និយាយថា​៖ «ខ្ញុំ​​បាន​ចំណាយពេល​អស់​ជាង ៣ ខែ ដើម្បី​មាន​ទម្លាប់​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​។ តាមពិតទៅខ្ញុំ​មិន​មាន​អារម្មណ៍​ថា នៅផ្ទះ​ទេ ព្រោះ​ផ្ទះ​នៅទីនេះ​នៅ​ជិតគ្នា​ពេក​»​។​

សាកលវិទ្យាល័យ​ដែល​ពិសី កំពុង​​សិក្សា គឺ​សាកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ ដោយ​សាកល​វិទ្យាល័យ​នេះ ក៏មាន​ផ្តល់​ជា​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​និស្សិត​ដែល​​មកពី​ខេត្ត​ដែរ តែ​ពិសី​បាន​ប្រាប់ថា ក្នុងចំណោម​សិស្ស​ចំនួន ២ ម៉ឺន​នាក់ គឺមាន​សិស្ស​ត្រឹមតែ​ចំនួន ៥០ នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​មាន​កន្លែង​ស្នាក់នៅ បន្ទាប់ពី​ពួកគេ​ត្រូវបានធ្វើ​តែ​ស្ត​មួយ​ចំនួនទៀត​នោះ​។​

​ដោយ ពិសី យល់ឃើញថា មាន​សិស្ស​ដទៃទៀត​ដែល​ត្រូវការ​កន្លែង​​ស្នាក់នៅ​នោះ​ជា​ចាំបាច់​ជាង​នាង និង​មាន​ចំនួន​ច្រើន​នោះ នាង​ក៏​បាន​សម្រេចចិត្ត​ស្វែងរក​កន្លែង​ស្នាក់​នៅ​ផ្ទាល់ខ្លួន​វិញ ហើយ​ទឹកប្រាក់​ប្រចាំខែ​ចំនួន ១០ ដុល្លារ ដែល​ត្រូវ​បានផ្តល់​ឲ្យ​ពី​សាកល​វិទ្យាល័យ ដើម្បី​ចំណាយ​លើ​កន្លែង​​ស្នាក់នៅ​ក៏បាន​ជួយ​សម្រួល​ដល់​នាង​ខ្លះ​ដែរ​។

​កញ្ញា ពិសី បាន​និយាយថា​៖ «លុយ​ប្រចាំខែ​គឺ​ភាគច្រើន​ត្រូវ​បាន​​ផ្តល់​ឲ្យ​និស្សិត​ស្រី ព្រោះ​ពួក​គាត់​​ត្រូវ​ការជួល​កន្លែង​ស្នាក់នៅ ដែលមាន​សុវត្ថិភាព​ច្រើន​ជា​និស្សិត​ប្រុស​»​។ ពិសី ក៏​ធ្លាប់បាន​ជួយ​ប្រទះ​នឹង​ការគំរាមកំហែង​ពី​ក្រុម​​ក្មេង​ពាល នៅ​ល្ងាច​មួយពេល​ដែល​នាង​ធ្វើដំណើរ​ទៅផ្ទះ​។

នាង​បាន​ប្រាប់ថា​៖ «​ខ្ញុំ​គិតថាម្ចាស់​ផ្ទះ​ជួល​ភាគច្រើន ផ្តោត​សំខាន់​លើ​តែ​ប្រាក់ចំណេញ​ទេ ដែល​នាំ​ឲ្យ​ផ្ទះជួល​មួយចំនួន​មិនមាន​សុវត្ថិភាព​សម្រាប់​និស្សិត​ស្រី​ទេ តែ​គ្រប់ៗ ​ម្ចាស់ផ្ទះ​មិនមែន​សុទ្ធតែ​បែបនេះ​ទេ​»​។​

​កាលពី ៥ ខែ​មុន ពីសី បាន​ចាក​ចេញ​ទៅ​ស្នាក់នៅ​ផ្ទះជួល​មួយ​ទៀត​​ដែលមាន​ទំហំ ១៦ ម៉ែត្រការ៉េ នៅ​ជិត​សាកលវិទ្យាល័យដែល​នាង​សិក្សា ក្នុងតម្លៃ ៥០ ដុល្លារ​ក្នុង​មួយខែដែល​នាង​មានលទ្ធភាព​បង់​បាន​ដោយសារ​នាង​អាច​រក​ចំណូលបាន​តាម​រយៈ​ការងារ​ក្រៅ​ម៉ោង​របស់ខ្លួន​។​

​ពិសី បាន​ប្រាប់ថា​៖ «​បន្ទប់​នោះ​តូច​ណាស់​សម្រាប់​មនុស្ស​ពីរ​នាក់ តែ​​វា​ល្មមសម្រាប់​ខ្ញុំ​រស់នៅ​ម្នាក់​ឯង​»​។​

​ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​អភិវឌ្ឍ​ន៍ក្នុងស្រុក​គឺ​មិន​ផ្តោតសំខាន់​លើ​សិស្ស​និស្សិត ឬ​អ្នក​ដែល​មាន​លទ្ធភាព​ក្នុងការ​ទៅ​បន្ត​ការសិក្សា និង​រស់នៅ​ក្រៅប្រទេស​នោះទេ​។​

​អ្នកនាង Sharon Liew នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huttons CPL បាន​មានប្រសាសន៍ ថា​៖ «​ក្នុងពេល​បច្ចុប្បន្ននេះ កន្លែង​ស្នាក់​របស់​សិស្ស​នៅ​ប្រទេស​កម្ពុជា គឺជា​កន្លែង​ដែលមាន​តម្លៃ​ទាប​។ សិស្ស​ជាច្រើន​ដែល​កំពុង​តែ​​ស្នាក់នៅ​កន្លែង​ទាំងនោះ​គឺជា​សិស្ស​ដែល​មកពី​បណ្តា​ខេត្ត​នានា ដូច្នេះ​ពួកគាត់​មិនមាន​លទ្ធភាព​ក្នុងការ​ចំណាយ​ដើម្បី​ស្នាក់នៅ​កន្លែង​ដែលមាន​ស្តង់ដារ​ទេ ដែល​នេះ​គឺ​ផ្ទុយ​ពី​កន្លែង​ស្នាក់នៅ​របស់​សិស្ស​នៅក្រៅ​ប្រទេស​»​។​

​ក្រុមហ៊ុន​របស់​អ្នកនាង ដែល​ផ្តោត​សំខាន់​លើ​គម្រោង​ដែលមាន​តម្លៃ​ខ្ពស់​នៅ​ប្រទេស​កម្ពុជា ដូចជា​ខុន​ដូ បន្ទប់​ការិយាល័យ ឬ​បុរី ក៏មាន​លក់​ជាទី​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​នៅក្រៅ​ប្រទេស​ផងដែរ​។​

​អ្នកនាង Liew បាន​ប្រាប់ថា​៖ «​ប្រទេសក្រៅ​ដូចជា​ប្រទេស​ម៉ាឡេស៊ី គឺ​ទាក់ទាញ​សិស្ស​ជាច្រើន ​ដែល​មកពី​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់ ពីព្រោះ​ប្រទេស​នោះ​មាន​សាកលវិទ្យាល័យ​ធំៗ និង​ល្អៗ»។​

​ក្រុមហ៊ុន​របស់​អ្នកនាង​បាន​ផ្តល់​​ ជា​កន្លែង​ស្នាក់នៅរបស់​សិស្ស ​​ច្រើន ​ប្រភេទ​ផ្សេងៗ​គ្នា នៅ​ទីផ្សារ​ក្រៅ​ប្រទេស ដោយ​រួមមាន​ទាំង​អគារ​មួយ​ដែលចែកចេញជា​យូ​នី​ត ដោយ​ ក្នុងនោះ​មាន​គ្រែ ទូ​ចាន និង​តុ​មួយ ក៏ដូចជា​កន្លែង​ធ្វើ​ម្ហូប​រួម រហូតដល់​ផ្ទះល្វែង​ទំនើប​ដែល​ត្រូវ​បាន​រៀបចំ​ដូចជា​ខុន​ដូ​ផងដែរ។​

​ស្របពេល​នឹង​ការរីកលូតលាស់​ផ្នែក​សំណង់​អគារ​ខុន​ដូ​ទំនើប​នៅ​ក្នុង​​ទីក្រុង គេ​ក៏សង្ក​ត​ឃើញ​មានកំណើនឡើង​នៃ​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទិញ​កន្លែង​ស្នាក់​នៅ​ទំនើបៗ​នោះដែរ​។ ទោះ​ជា​​យ៉ាងណាក៏ដោយ អ្នកនាង Liew បាន​និយាយថា សិស្ស​និស្សិត​​ ដែលមាន​លទ្ធភាព​ក្នុងការ​រស់នៅ​ផ្ទះ​ទំនើបៗ​គឺមាន​ទំនោរ​ក្នុងការ​ទៅ​​ បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។​

​អ្នកនាង​បាន​បន្តថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចុប្បន្ននេះ​មិន​ផ្តោត​សំខាន់​លើ​កន្លែង​ស្នាក់នៅ​របស់​សិស្ស​ទេ «​លុះត្រា​ណា​តែមាន​ការផ្លាស់ប្តូរ​ក្នុង​រចនាសម្ព័ន្ធ​សាកលវិទ្យាល័យ និង​ការហូរចូល​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ តែ​ខ្ញុំ​គិតថា​វា​នឹង​មិនអាច​កើតឡើង​នោះទេ​»​។

នេះ​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​ទីផ្សារ​នេះ​អាចទាក់ទាញបានត្រឹមតែ​ប្រជាជន​ក្នុង​ស្រុក​​តែប៉ុណ្ណោះ​។​

​អ្នកនាង Liew បាន​បញ្ជាក់ថា ប្រជាជន​ក្នុងស្រុក​មាន​ចំណាប់​អារម្មណ៍​លើ​ការសាងសង់​ផ្ទះជួល​សម្រាប់​សិស្ស ដោយ​ពួកគេ​មើល​ឃើញ​តម្រូវការ​ទាំងនោះ ហើយ​ការ ​សាងសង់​អគារ​បែបនេះ​ក៏មាន​ភាព​ងាយស្រួល និង​ថោក បើ​ប្រៀប​ ធៀប​នឹង​ការសាងសង់​អគារ​ទូទៅ ព្រោះ​សិស្ស​និស្សិត​ទាំងនោះ​ត្រូវ​ការ​កន្លែង​តូច​មួយ​សម្រាប់​ស្នាក់​នៅ​។ ពួកគេ​ជាធម្មតា​គឺ​ចំណាយ​តិចជាង ៥០ ដុល្លារ​សម្រាប់​ថ្លៃ​ជួល​ក្នុង​មួយខែ ដោយ​ផ្អែក​ទៅតាម​ទីតាំង​ផ្សេងៗ​គ្នា​។​

​អ្នកនាង​បន្តថា​៖ «​អ្វីដែល​ម្ចាស់​ផ្ទះជួល​ក្នុងស្រុក​មិន​ផ្តោត​សំខាន់​នោះ គឺ​ពួកគេ​មិន​រៀបចំ​ទុកដាក់​កន្លែង​ស្នាក់នៅ​នោះទេ​។ អគារ​ទាំងនោះ​គឺមាន​លក្ខណៈ​ចាស់ រេចរឹល​ណាស់​។ កន្លែង​ស្នាក់នៅ​របស់​សិស្ស​ជាទូទៅ​គឺ​បន្ទប់​មួយ​ដែល​គេ​ចែកចេញ​ទៅជា​បន្ទប់​តូចៗ​។ វា​ប្រៀបដូចជា​បន្ទប់​គុក​អ៊ីចឹង»។​

​ទោះជា​បែបនេះ​ក្តី រាជរដ្ឋាភិបាល​កម្ពុជា​ប្រហែលជា​មិនអាច​ផ្តល់​ជា​ដំណោះស្រាយ​បាន​នោះ​ទេ​។ អ្នកនាង Liew បាន​មាន​ប្រសាសន៍ថា​៖ «​កត្តា​មួយទៀត​ដែល​អាចជួយ​បាន​នោះ​គឺ រាជរដ្ឋាភិបាល​អាចបង្កើត​ជា​គោល​នយោបាយ​​ដែល​តម្រូវ​ឲ្យ​សាកលវិទ្យាល័យ​ផ្តល់​ជា​កន្លែង​ស្នាក់នៅ ហើយ​ឲ្យ​និស្សិត​ស្នាក់នៅ​ពេល​ដែលពួកគេ​សិក្សា​នៅ​ឆ្នាំទី ១ ជា​ដើម​»​។​

​អ្នកនាង​បន្តថា​៖ «​ប៉ុន្តែ​ក្នុង​ពេល​នេះ រដ្ឋាភិបាលមិនមាន​គម្រោង​បែបនេះ​ឡើយ​។ ដូច្នេះ​វិធីសាស្ត្រ​តែមួយ​សម្រាប់​សិស្ស​និស្សិត​គឺ​ពួកគេ​ត្រូវតែ​ជួយ​ខ្លួនឯង​»៕

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply