ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​បញ្ចប់​ការ​បំពុល​ដោយ​បា្លស្ទិក​
Posted On : មេសា, 26, 2018 | By Vantha

«បញ្ចប់​ការ​បំពុល​ដោយ​ប្លាស្ទិក» គឺ​ជា​ប្រធានបទ​សំខាន់​នៃ​ទិវា​ភព​ផែន​ដី​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។ តាម​រយៈ​ប្រធាន​បទ​នេះ ក្រសួង​បរិស្ថានកម្ពុជា​បាន​ស្នើ​ឱ្យ​ពលរដ្ឋ និង​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ ចូល​រួម​កាត់​បន្ថយ​ការ​នាំ​ចូល ​និង​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ឱ្យ​បាន​ជា​អតិបរមា​។ ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ដែល​ក្រសួង​ជំនាញ​មួយ​នេះ អះអាង​ថា បាន​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន ជាពិសេស សុខមាលភាព​ប្រជាពលរដ្ឋ។

ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រសួងបរិស្ថាន នៅ​ឆ្នាំ​នេះ បានរៀប​ចំ​ទិវា​ភព​ផែនដី លើកទី៣ នៅ​ខេត្ត​ព្រៃវែង ដោយ​ផ្តោត​សំខាន់​ទៅ​លើ​បង្កើន​ការ​យល់​ដឹង​ការ​គ្រប់​គ្រង​ប្លាស្ទិក សំដៅ​កាត់​បន្ថយ​ឱ្យ​បាន​ជា​អតិបរិមា ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​។

លោកអ៊ាង សុផល្លែត អនុរដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ប្លាស្ទិក​ដែល​ជួយសម្រួល​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​ថា ប្លាស្ទិក​គឺ​ជា​អាវុធ​លាក់​មុខ ព្រោះ​សារធាតុពុល​នៅ​ក្នុង​ថង់​ប្លាស្ទិក​អាច​បង្ក​នូវ​ជំងឺ​កាច​សាហាវ​នានា​ដល់​មនុស្ស និង​ធ្វើឱ្យ​ប៉ះ​ពាល់​គុណភាព​ទឹក​ និង​ដី។

ប្រឈម​នឹង​បញ្ហា​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ កុំ​បោះ​ថង់​ប្លាស្ទិក​ចូល​ទៅ​ក្នុង​បរិស្ថាន​ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ឋ​អេកូឡូស៊ី ជា​ពិសេស​ជីវៈចម្រុះ​នៅ​ក្នុង​ទឹក និង​ឈាន​ទៅ​ធ្វើឱ្យ​ប៉ះពាល់​គុណភាព ​ទឹកនិងដី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​យក​ប្លាស្ទិក ច្រក​អាហារក្តៅ​ដែល​ធ្វើ​ឱ្យ​ចេញ​សារធាតុគីមី​ពុល បង្ក​នូវ​ជំងឺ​មហារីក​នានា​ដល់​អ្នក​បរិភោគ ក៏ដូចជា ការ​ដុត​ថង់​ប្លាស្ទិក ដែល​នឹង​ភាយ​ឧស្ម័ន​ពុល ធ្វើ​ឱ្យ​ប៉ះពាល់​ស្រទាប់​អូហ្សូន​។ នេះ​បើ​តាម​លោក​អ៊ាង សុផល្លែត។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​បរិស្ថាន​បាន​ចេញ​អនុក្រឹត្យ​លេខ ១៦៨ ស្តី​ពី​គ្រប់​គ្រង​ថង់​ប្លាស្ទិក​ដែល​មាន​គោលបំណង​បង្កើន​ប្រសិទ្ឋភាព​កាត់​បន្ថយ ការ​នាំចូល ការ​ផលិត ការចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក សំដៅធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង សោភណ័ភាព។ បើ​តាម​ក្រសួង​បរិស្ថាន ការ​ដាក់កម្រិត​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​មិន​មែន​មាន​តែ​នៅ​កម្ពុជា​ ទេ គឺ​មាន​ប្រទេស​ជា​ច្រើន​លើ​សកលលោក​បាន និងកំពុង​អនុវត្ត​តាមរយៈ ​ការ​យក​ពន្ឋ​លើ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ការ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិច​ទាំង​ស្រុង​ និង​ការ​កំណត់​កម្រាស់​នៃ​ថង់​ប្លាស្ទិក​ជា​ដើម​។

បើតាមការ​សិក្សា​របស់​អង្គការ​មូលនិធិ​អករា (ACRA Foundation) បរិមាណ​កាក​សំណល់ និង​សំរាម ដែល​ប្រមូល​បាន​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​មាន​ចំនួន​រាប់​រយ​តោន គឺ ៣០០​តោន​នៅ​ខេត្ត​សៀមរាប ចំនួន ៣៧០​តោន​ក្នុង​ខេត្ត​ព្រះសីហនុ និង ១៧.៨០០​តោន នៅ​ភ្នំពេញ។ កម្ពុជា ត្រូវ​ចំណាយ​លុយ​ប្រចាំ​ឆ្នាំ​លើ​សម្ភារៈ​សម្អាត​ប្លាស្ទិក​ប្រមាណ ៤.៥០០​ដុល្លារ ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខេត្ត​សៀមរាប ១៥.០០០​ដុល្លារ និង​ភ្នំពេញ ៣១.០០០​ដុល្លារ៕
ប្រភព៖ RFI

សំឡេងទីក្រុង!

សំឡេងទីក្រុង!