ថ្មីបំផុត! ស្ពានអាកាស២កន្លែងនឹងបើកការដ្ឋានមុនចូលឆ្នាំខ្មែរ ចំចំណុចស្ទះផុតលេខ
Posted On : កុម្ភៈ, 19, 2018 | By Vantha

ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ ដែល​តែង​ធុញ​ទ្រាន់​ចំពោះ​​បញ្ហា​កកស្ទះ​ចរាចរណ៍ ដោយ​រដ្ឋាភិបាល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​២​កន្លែង​ទៀត នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។ ស្ពាន​អាកាស​ថ្មី​ទាំង​២​កន្លែង​នោះ មាន​ដូចជា៖

១. ស្ពានអាកាសថ្មី​នៅ​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់

ស្ពាន​អាកាស​១​កន្លែង​ទៀត គ្រោង​នឹង​សាងសង់​នៅ​ច្រមុះ​ជ្រូក​ក្បាលថ្នល់​ជាមួយ​នឹងផ្លូវ ៦០​ម៉ែត្រ ដែលជា​ចំណុច​ប្រសព្វ​ផ្លូវ ៦០​ម៉ែត្រ ផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ចំការមន ក្បែរនឹង​ស្ពាន​អាកាស​ក្បាល​ថ្នល់។ ស្ពាន​អាកាស​ថ្មី​នេះ គ្រោង​នឹង​បើក​ការដ្ឋាន​មុន​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ។

លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យដឹង​ថា នៅក្នុង​កិច្ចប្រជុំ​រវាង​សាលា​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​ក្រុមហ៊ុន OCIC និង​អាជ្ញាធរ​ពាក់ព័ន្ធ កាល​ពី​ឆ្នាំ ២០១៧ ​បាន​លើកឡើង​ពី​កាត់បន្ថយ​ការ​ស្ថាបនា​ស្ពាន​២ខ្សែ នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ពោលគឺ​នៅ​រក្សា​តែ​ស្ពាន​បន្ថែម​មួយខ្សែ​ប៉ុណ្ណោះ ដោយ​រត់ពី​ផ្លូវ​ព្រះមុនីវង្ស​ឡើង​ទៅផ្លូវ​ព្រះនរោត្តម។ ការកាត់​បន្ថយ​នេះ គឺ​ដោយសារតែ​ការ​ដោះស្រាយ​ផល​ប៉ះពាល់ មាន​ចំនួន​ទឹកប្រាក់​ច្រើន​លើសលប់​ពេក រហូតដល់​រាប់លាន​ដុល្លារ​ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​សាងសង់​ស្ពាន​អាកាស​មួយ​កន្លែង​ទៀត​នៅ​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់​វិញ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បន្ថែម​ទៀត​ថា បន្ទាប់​ពីមាន​ការ​ស្ថាបនា​ស្ពាន​អាកាស​ច្រមុះ​ជ្រូក​ក្បាលថ្នល់​នេះរួច នឹងអាច​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ នៅតំបន់​នេះ​បាន​យ៉ាង​រលូន​ជាក់ជា​មិនខាន។

២. ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ

ស្ពាន​​អាកាស​​ និង​​ផ្លូវ​​ក្រោម​​​​ដី​​នៅ​​តំបន់​​រង្វង់​ចោម​ចៅ​​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​​សង្កាត់​​ចោម​ចៅ ​​ខណ្ឌ​ពោធិ​សែន​​ជ័យ​ រាជធានី​ភ្នំពេញ​ នឹង​ត្រូវ​​បើក​ការដ្ឋាន​សាងសង់​​ឡើង​ ​​នៅ​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​។ នេះ​បើតាម​លោក ម៉េ​ត ​មាស​​ភក្ដី​​ អ្នក​នាំ​ពាក្យ​​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​ sabay ។ ​

 

លោក​បាន​បន្ថែម​ថា ​ក្រុម​ការងារ​បច្ចេកទេស​​បានសម្រេច​ជ្រើស​រើស​ប្លង់​ចុង​ក្រោយ​រួច​ហើយ ក្នុង​ចំណោម​​ប្លង់​ចន្លោះ ៦ ប្លង់​ ទៅ​​ ៧ប្លង់​ តាម​រយៈ​កិច្ច​ប្រជុំ ​កាលពី​​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ ​ឆ្នាំ២០១៨ ​ក្រោម​អធិបតីភាព​លោក​ ឃួង​ ​ស្រេង​ អភិបាល​ល​ នៃ​គ​ណៈអ​ភិ​បាល​​រាជ​ធានី​ភ្នំពេញ​។​ ការ​សាង​សង់​​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ត្រូវ​បាន​ធ្វើ​ឡើង​​​ ​ក្នុង​គោល​បំណង​​​សម្រួល​​ចរាចរណ៍​​​ដល់​អ្នក​​​​ធ្វើ​ដំណើរ​​នៅ​​ផ្លូវ​ជាតិ​​លេខ​​៤ ​ផ្លូវ​ជាតិ​​លេខ​​៣​​ ផ្លូវ​​ចោម​ចៅ ​​និង​​មហាវិថី​ស​ហព័ន្ធរុស្ស៊ី ​​ចេញ​​ចូល​​មក​​រាជ​ធានី​​ភ្នំពេញ​​​មិន​ឱ្យ​មាន​​​កក​ស្ទះ​។

លោក​ ភក្តី​ មិ​ន​បាន​បញ្ជាក់​ពី​ទំហំទឹក​ប្រាក់​ និង​រយៈពេល​នៃ​ការសាងសង់​​បាន​ទេ ពោល​គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​បើក​ការដ្ឋាន​សាងសង់​ទើប​អាច​បញ្ជាក់​បាន​។

បច្ចុប្បន្ន​នេះ​​ នៅ​ក្នុង​​រាជធានី​​ភ្នំពេញ​​មាន​​ស្ពាន​​អាកាស​​ចំនួន ​​៥​​កន្លែង​ ​​គឺ​​ស្ពាន​​អាកាស​​ក្បាល​ថ្នល់ ​នៅ​​អតីត​​រង្វង់​មូល​ក្បាល​ថ្នល់ ​ស្ពាន​​អាកាស​​ស្ទឹង​មាន​ជ័យ ​​ស្ពាន​​អាកាស​​៧​​​មក​រា​ ​​ស្ថិត​នៅ​​ស្តុ​​ប​​ពេទ្យ​លោក​សង្ឃ ​​និង​​ស្ពាន​​អាកាស​​៥​​មករា ​​ស្ថិ​ត​នៅ​​ស្ដុ​ប​​តិច​​ណូ ​​ហើយ​​បច្ចុប្បន្ន​​សំណង់​​ស្ពាន​​អាកាស​​ មួយ​​​នៅ​​ស្តុ​ប​​ផ្សារ​​ដី​ហុយ​​ក៏​​ស្ថាបនា​ជិត​​រួចរាល់​ហើយ​​​ដែរ និង​គ្រោង​ដាក់​ដំណើរ​ការ​មុន​ចូល​ឆ្នាំ​ខ្មែរ៕

ប្រភព៖ Sabaynews

សំឡេងទីក្រុង!

សំឡេងទីក្រុង!