ថ្ងៃនេះ​ដល់​ថ្ងៃ​ឱសានវាទ​ ដែល​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​កំណត់​ឱ្យ​អាជីវករ​រុះរើ​តូប​លក់ដូរ​ចេញពី​ផ្លូវ​សាំ​ហាន់​
Posted On : March, 19, 2015 | By សំឡេងទីក្រុង

ថ្ងៃ ព្រហស្បតិ៍ ទី19 មីនា ឆ្នាំ2015, ប្រភព៖ kampucheathmey

ភ្នំពេញ ៖ ថ្ងៃទី​២០ ​ខែមីនា​ ឆ្នាំ​២០១៥​នេះ ​ដល់​ថ្ងៃ​ឱសានវាទ​ដែល​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អ្នក​លក់​ដូរ​តាមផ្លូវ​សាធារណៈ​ហើយ​។​

ការ​ដាក់​ឱសានវាទ​បន្ទាប់ពី​អាជ្ញាធរ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​ធ្វើការ​វាស់វែង​បាញ់​គំនូស​កំណត់​ទីតាំង​ឱ្យ​អ្នក​លក់ដូរ​កាលពី​ថ្ងៃ​១៣​ ខែមីនា ​ឆ្នាំ​២០១៥ ហើយ​ដាក់​កំណត់​រយៈពេល​៧​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​២០ ​ខែមីនា​នេះ​។​

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣​ ខែមីនា ​ឆ្នាំ​២០១៥​ គណៈកម្មាធិការ​ចំរុះ​ដែល​ដឹកនាំ​ដោយ​លោក​ កូប ​ស្លេះ​ អភិបាលរងខណ្ឌ​ឫស្សីកែវ​បាន​ចុះ​វាស់វែង ​និង​រៀបចំ​សណ្ដាប់ធ្នាប់​តាមផ្លូវ​ជុំវិញ​ផ្សារ​សាំ​ហាន់​ដើម្បី​ឱ្យ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ដែល​កន្លង​មក​មានការ​កកស្ទះ​ខ្លាំង​ជា​រៀងរាល់​ថ្ងៃ​ដោយសារតែ​អាជីវករ​លក់ដូរ​អានាធិបតេយ្យ​លើ​ទ្រូងផ្លូវ​សាធារណៈ​។​

អាជ្ញាធរ​ចុះ​រៀបចំ​វាស់វែង​និង​បាញ់​គំនូស​កំណត់​ទីតាំង​ឱ្យ​លក់​នេះ​បន្ទាប់​ពី​ប្រតិកម្ម​ពី​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​និង​ខាង​រោងចក្រ​ធ្វើការ​ប្តឹងផ្តល់​ទៅ​អាជ្ញាធរ​សង្កាត់​និង​ខណ្ឌ​ជា​យូរ​មក​ហើយ ដែល​បាន​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ ដោះស្រាយ​មិន​ចេញ​ទើបតែ​ពេលនេះ​អាជ្ញាធរ​បាន​ធ្វើ​ការវាស់វែង​និង​បាញ់​គំនូស​ ហើយ​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​២០ ​ខែមីនា​ ឆ្នាំ​២០១៥ ដើម្បី​ឱ្យ​បងប្អូន​អាជីវករ​រុះរើ​តូប​ដែល​លក់ដូរ​លើ​ទ្រូង​ និង​ចិញ្ចើម​ផ្លូវ​ចេញ​ឱ្យ​អស់​ត្រឹម​ថ្ងៃទី​២០ ​ហើយ​រក​ទីតាំង​ថ្មី​លក់ដូរ​វិញ បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​ចាត់​រុះរើ​ដោយ​កម្លាំង​សមត្ថកិច្ច​ ហើយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ឬ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​បង​ប្អូន​ឡើយ​។​

គួរ​បញ្ជាក់​ថា កន្លងមក​អាជ្ញាធរ​សង្កាត់​ទួល​សង្កែ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ និង​ដាក់​ឱសា​ន​វាទ​ឱ្យ​អាជីវករ​រុះរើ​ចេញ​ជាច្រើនលើក​ច្រើនសា​មក​ហើយ តែ​មិនបាន​លទ្ធផល​ឡើយ ​ដោយ​ពួកគាត់​មិន​អនុវត្ត​តាម​អ្វី​ដែល​ជា​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ឡើយ ប៉ុន្តែ​ពេលនេះ​អាជ្ញាធរ​នឹង​ប្រើ​ធម៌​ក្តៅ​ចំពោះ​ការ​យក​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ឱ្យ​ខាង​តែ​បាន​។​

គួរ​រំលឹក​ថា ផ្លូវ​មួយ​ខ្សែ​ជាប់​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់​ត្រូវ​បាន​គេ​យក​ទៅ​ជួល​ឱ្យ​អាជីវករ​លក់ដូរ​ពេញ​ផ្លូវ​យ៉ាង​អានាធិបតេយ្យ​បង្ក​ការ​កកស្ទះ​ចរាចរ​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ ជាពិសេស​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ចំនួន​៣​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី កែវ​បាន​រិះគន់​និង​លើកឡើង​ពី​ចំណាត់ការ​របស់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ដែល​យក​ផ្លូវ​សាធារណៈ​មក​ធ្វើ​អាជីវកម្ម​ដោយ​មិន​គិត​ពី​ផលវិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួកគាត់ បើ​ទោះ​មាន​បណ្ដឹង​ពី​រោងចក្រ​នៅ​តំបន់​នោះ​ក៏ដោយ ក៏​មិនដែល​អាជ្ញាធរ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ដែរ​៕

Urban Voice Cambodia

Urban Voice Cambodia