តើ​យុទ្ធនាការ​រៀបចំ​សណ្ដាប់ធ្នាប់ ​ជា​ផ្គរលាន់​ដាស់​អ្នក​ភ្នំពេញ​?
Posted On : August, 16, 2017 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

សឹងតែជាទូទៅរបស់លោកអភិបាលរាជធានីភ្នំពេញទៅហើយឲ្យតែបានផ្ទេរមកកាន់តំណែងនេះគឺភ្លែតឡើងហាក់ដូចជាចង់ឲ្យគេចាប់អារម្មណ៍ថាគាត់បានមកកាន់កន្លែងថ្មី និងមានរបៀបធ្វើការប្លែកពីអ្នកកាន់មុនៗតាមរយៈចាប់យកចំណុចអាទិភាពមកដោះស្រាយ។

កាលពីសពលោក ហុក ឡងឌី ឡើងកាន់តំណែងចៅហ្វាយក្រុងភ្នំពេញ មិនទាន់ក្តៅគូទផងចំណុចអាទិភាពរបស់គាត់គឺវ៉ៃចោលផ្ទះណាដែលសង់លយចូលផ្លូវ ឧទាហរណ៍ដូចនៅផ្ទះ ៣ ល្វែងក្បែរសហគ្រាសថតរូបអេសស្ប៉េកាជិតវត្តកោះផ្លូវព្រះមុនីវង្សត្រូវលោក ហុក ឡងឌី បញ្ជាឲ្យវ៉ៃចោលខ្ទេចត្រង់កន្លែងដែលលៀនចេញមកនោះហើយឲ្យម្ចាស់ផ្ទះចេញថ្លៃទៅជាងទៅ។ បន្ទាប់មកលោក ជា សុផារ៉ា វិញ បានដូរស្ទីលដោយយកការធ្វើលូនៅរដូវវស្សា និងធ្វើសួនច្បារសាធារណៈជាអាទិភាព។

លុះចូលមកដល់សម័យកាលលោក កែប ជុតិមា ចំណាត់ការជាអាទិភាពរបស់គាត់គឺបោសសម្អាតអាចម៍ឆ្កែតាមសួនច្បារសាធារណៈ ហើយក៏បានលើកទឹកចិត្តឲ្យពលរដ្ឋហូបសាច់ឆ្កែអនាថាតាមផ្លូវផងដែរ។ ចំណែកឯលោក ប៉ា សុជាតិវង្ស វិញគ្រាន់តែឮល្ហិចល្ហៀងៗថាឈ្មោះលោកនឹងមកជំនួសលោក ជុតិមា ភ្លាមគាត់ឆ្លេឆ្លាម្ដងទៅបាយាបបន្តិចម្ដងទៅបឹងទំពុនបន្តិចដើម្បីរកកន្លែងរំដោះទឹកចេញពីទីក្រុងកុំឲ្យលិចទៀតព្រោះអ្នកភ្នំពេញតែងតែរអ៊ូរទាំរឿងក្រោយភ្លៀងលិចទឹករយៈពេលយូរនោះ តែក្រោយមកទឹកនៅតែលិចក្រុងក្រោយពេលភ្លៀងដដែល។

ស្រដៀងគ្នានេះដែរដោយទំនងជាកុំឲ្យគេថាអន់ជាងអភិបាលរាជធានីមុនៗឬយកស្ទីលតាមគ្នាដដែលៗលោក ឃួង ស្រេង ដែលទើបបានត្រាអភិបាលរាជធានីថ្មីក៏ចាប់ផ្ដើមផ្ដោតចក្ខុវិស័យមុនគេលើបញ្ហាកកស្ទះចរាចរណ៍ដោយសារតែការចតយានយន្តលើផ្លូវ ការសង់លយចូលផ្លូវ និងលក់អីវ៉ាន់នៅលើចិញ្ចើមផ្លូវសាធារណៈមុខផ្ទះពលរដ្ឋ។ អ៊ីចឹងហើយចំណុចអាទិភាពចម្បងរបស់លោកគឺចាត់វិធានការបោសសម្អាតបញ្ហាអត់សណ្តាប់ធ្នាប់ទាំងនេះដើម្បីរំលេចស្នាដៃដែលទើបឡើងតំណែងថ្មីឲ្យគេស្គាល់តាមរយៈដាក់បញ្ជាឲ្យអភិបាលខណ្ឌទាំង ១២ ចាត់វិធានការលើបញ្ហាសណ្ដាប់ធ្នាប់តាមចិញ្ចើមថ្នល់។

តាមពិតទៅយុទ្ធនាការនេះហាក់ដូចជាមិនមែនថ្មីទេពោលគឺដូចតែលោកអភិបាលមុនៗដែរដោយម្នាក់ៗ សុទ្ធតែចង់តែធ្វើមិនបានដោយសារកិច្ចការនេះប្រៀបដូចវែកចកក្នុងទឹកអ៊ីចឹងគឺទៅមុខមិនរួចទេ ព្រោះគ្មានយុទ្ធសាស្ត្រជាក់លាក់គួបផ្សំនឹងកំសួលនៃនិន្នាការ ឬវប្បធម៌អន្តរាគមន៍មិនទាន់សាបរលាបគាប់ជួននឹងរាជរដ្ឋាភិបាលកំពុងស្ថិតក្នុងបរិបទយកចិត្តពលរដ្ឋដើម្បីសន្សំសន្លឹកឆ្នោតផងនោះអីចឹងទៅល្មមៗអាចជាការធ្វើគ ធ្វើថ្លង់ខ្លះទៅ ចង់នរណាត្អូញត្អែរអីក៏ត្អូញទៅមានតែបណ្តោយៗតៗគ្នា ហើយពេលឃើញបញ្ហាគរដូចភ្នំទើបដោះស្រាយម្តង។

ជាក់ស្តែងតាំងពីភាពរញ៉េរញ៉ៃពីបោះឆ្នោតឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ននេះគឺប៉ូលិសចរាចរណ៍លែងខ្វល់រឿងផាកពិន័យអីហើយ ចង់បើកបរបញ្ច្រាសទិស ឬមិនគោរពភ្លើងស្តុប ឬក៏បើកបរមិនពាក់មួកសុវត្ថិភាព ឬក៏បើករថយន្តមិនពាក់ខ្សែក្រវាត់ ចង់ឈប់ចតទីណាក៏បាន ក៏ប៉ូលិសមិនផាកដែរ លើកលែងតែករណីបុកគ្នាទេ។ អ៊ីចឹងមើលទៅចរាចរណ៍កាន់តែរញ៉េរញ៉ៃមិនដឹងនរណាស្តាប់នរណាទេ រីឯប៉ូលិសរកលុយចាយក្រៅបានពីឡានដឹកទំនិញសំពីងសំពោង ឬក៏អ្នកមានលុយគេហុចឲ្យខ្លះទៅ។

នៅពេលប៉ូលិសចរាចរណ៍រកលុយមិនសូវបានអ៊ីចឹងខាងអង្គភាពប្រឆាំងអំពើពុករលួយក៏ធ្វើមិនដឹងមិនឮដែរទៅ។ បើមើលទៅកន្លែងដែលមានបេនឡានតាក់ស៊ីគឺមានភាពរញ៉េរញ៉ៃពេញថ្នល់ និងស្ពានតែម្តងដោយពួកគេមិនចូលចាំដឹកភ្ញៀវក្នុងបេនតែម្តងនោះទេគឺចតសុទ្ធតែ ២ ជួរនៅផ្លូវហើយជួនកាលទៅធ្វើជាបើកដែរ តែល្បឿនដូចក្តាមវារអ៊ីចឹង ត្រឹកៗនៅលើស្ពានច្បារអំពៅ និងស្ពានជ្រោយចង្វារ អ្នកបើកពីក្រោយទើសចិត្តណាស់។ ហេតុអ្វីបានជាមិនជំរុញឲ្យពួកគាត់ទៅបេនឡានឈ្នួលទៅ?

បើនៅផ្សារដើមគវិញគឺព្រលប់មិនទាន់ទេបន្លែត្រីសាច់យកពីប្រទេសវៀតណាមផ្ទាល់ៗមកចែកចាយលក់បន្តពេញលើថ្នល់តែម្តង។

កន្លងមកលោក គួច ចំរើន អតីតអភិបាលខណ្ឌដូនពេញក៏ធ្លាប់សាកល្បងបោសសម្អាតបង្គោលផ្សាយពាណិជ្ជកម្ម និងហាងលក់លយចូលចិញ្ចើមថ្នល់ដែរ តែបានតែ ១ អាទិត្យក៏ស្ងប់បាត់ទៅវិញគឺទៅមិនរួចទេបានតែល្អមើល ឬពីរោះស្ដាប់ប៉ុណ្ណោះ។

បើចង់អនុវត្តយុទ្ធនាការនេះឲ្យបានជោគជ័យទាំងលោកអភិបាលរាជធានី ទាំងលោកអភិបាលខណ្ឌទាំង ១២ ទាល់តែឆ្លងយោបល់ពីថ្នាក់លើសិនថា តើផ្ដល់ភ្លើងខៀវឲ្យធ្វើដែរឬអត់? បើថ្នាក់លើខ្លាចប៉ះពាល់សន្លឹកឆ្នោតនៅតែយកចិត្តពលរដ្ឋទេគឺមិនបាច់ធ្វើទេនាំខាតពេលអត់ប្រយោជន៍គឺនៅតែដូចវែកចកដដែលដេញពីមុខទៅក្រោយដេញពីក្រោយទៅមុខ។ តែបើថ្នាក់លើ យល់ឃើញថាល្អបើកភ្លើងខៀវឲ្យហើយត្រូវតែរៀបចំយុទ្ធសាស្ត្រជាក់លាក់ជាមុនសិនដោយមានចំណាត់ការម្ដងមួយៗដោយទុកពេលឲ្យអ្នកដែលប៉ះពាល់រកកន្លែងសមរម្យ ហើយបើធ្វើគឺទាំងអស់គ្នាកុំឲ្យច្រណែនគ្នា ឬក៏អន្តរាគមន៍សែស្រឡាយអ្នកនេះ អ្នកនោះ។

បើនិយាយពីបេនឡានតាក់ស៊ីគឺកំណត់ឲ្យគាត់ទៅកន្លែងរបស់គាត់ទៅនៅខាងកើតស្ពានច្បារអំពៅមានបេនឡាននៅក្តីតាកុយកន្លែងធំទូលាយស្រួល ឲ្យទម្លាក់អ្នកដំណើរនៅទីនោះទៅគឺលែងស្ទះខ្លះហើយ។

រីឯអ្នកបើកបរធម្មតាចំណតគឺសាលារាជធានីលើកទឹកចិត្តក្រុមហ៊ុនឯកជនសង់អគារក្រោមដី និងលើដីទៅតាមប្លុកទីប្រជុំជនមួយៗទៅសម្រាប់តែទទួលចំណតបង់តាមម៉ោង ឬក៏យកប្រចាំថ្ងៃ ឬក៏ខែទៅគឺអ្នកមានយានយន្តគាត់មិនខ្លាចបង់ទេព្រោះមានសុវត្ថិភាពសម្រាប់យានយន្តគាត់។

ឧទារណ៍កន្លែងទទួលចំណតបង់លុយដូចនៅទីតាំងភ្នំពេញសិនធើរនៅពហុកីឡដ្ឋានជាតិអូឡាំពិកតាមផ្សារនានាគឺសុទ្ធតែទទួលផ្ញើបង់លុយតែនៅមិនគ្រប់គ្រាន់នោះទេ កន្លែងចំណតបង់លុយនេះតម្រូវឲ្យមានការវិនិយោគបន្ថែមដោយឲ្យមានកន្លែងច្រើន ហើយផ្សាយពាណិជ្ជកម្មលើកទឹកចិត្តឲ្យមានការបញ្ចុះតម្លៃថោកសមរម្យទៅ។

បើមានកន្លែងហើយអ្នកបើកបរនោះមិនគោរពទៀតគឺសមត្ថកិច្ចផាកទៅតាមច្បាប់។ ម្យ៉ាងបញ្ហាធំដែលពិបាកដោះស្រាយនោះគឺការលក់តាមថ្នល់ អាជ្ញាធរកំណត់ឲ្យប៉ុន្មានម៉ែត្រពីមុខផ្ទះ ឬក៏ចិញ្ចើមផ្លូវ បើលើសគឺចាប់ផ្តើមផាកឲ្យស្មើភាពគ្នា។

យ៉ាងណាមិញការសង់បន្ថែមលយចូលសាច់ផ្លូវដើរ និងចិញ្ចើមផ្លូវនោះក៏ត្រូវរកដំណោះស្រាយដែរព្រោះវាជាឫសគល់នៃបញ្ហានាំឲ្យកកស្ទះចរាចរណ៍ផងដែរ។

ករណីនេះបើលោកអភិបាលថ្មីអាចដោះស្រាយបានគឺជាស្នាដៃមួយរបស់លោកហើយគឺក្នុងន័យសេដ្ឋកិច្ចអាចចូលរួមកាត់បន្ថយការខាតបង់ដោយសារការកកស្ទះចរាចរណ៍ដែលសាលារាជធានីបានរកឃើញកន្លងមកខាតអស់ទឹកប្រាក់ចំនួន ៦ លានដុល្លារក្នុង ១ ខែ។

ជាងនេះទៅទៀតក៏ពាក់ព័ន្ធទៅនឹងស្រេ្តស និងការមិនសប្បាយចិត្តរបស់អ្នកបើកបរពេលធ្វើដំណើរទៅធ្វើការផងដែរ និយាយរួមការងារនេះមិនមែនគ្រាន់តែធ្វើរបៀបផ្គរលាន់ដើមឆ្នាំដែលដាស់អារម្មណ៍ថារដូវវស្សាចូលមកដល់ហើយនោះទេ តែវាសំដៅដល់លទ្ធផលនៅចុងរដូវថាតើបានផ្លែផ្កាល្អឬមួយយ៉ាងណា?

ប្រភព៖ Postkhmer

Urban Voice Cambodia

Urban Voice Cambodia