តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ​នៅ​ពេល​ដែល​បុរី​មួយ​ប្រកាស​ក្ស័យ​ធន?

ដោយ វិទ្យុអាស៊ីសេរី ថ្ងៃទី ១១ ថ្ងៃទី ធ្នូ ឆ្នាំ ២០១៤

បុរី ៩៩៩ ៦២០

ការដ្ឋាន​សាងសង់​បុរី ៩៩៩ ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ជិត​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ រូបថត​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤

គម្រោង​វិនិយោគ​នានា​នៅ​កម្ពុជា របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​រអាក់រអួល​ជា​ខ្លាំង បន្ទាប់​ពី​តុលាការ​បាន​ចោទ​អ្នក​គ្រប់គ្រង​រូប​នេះ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ព័ត៌មាន​នេះ បាន​ជំរុញ​ឲ្យ​ដំណើរ​ការ​សាងសង់​បុរី និង​សកម្មភាព​អាជីវកម្ម​របស់​ឧកញ៉ា ថោង សារ៉ាត់ បាត់​បង់​ការ​ទុក​ចិត្ត​ពី​អតិថិជន ហើយ​បញ្ហា​នេះ​អាច​ឈាន​ដល់​ការ​ក្ស័យ​ធន។

តើ​អតិថិជន​ត្រូវ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អ្នក​ណា​ខ្លះ ប្រសិន​បើ​បុរី​មួយ​ត្រូវ​ដួល​រលំ?

រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ មួយ​ចំនួន ត្រូវ​ផ្លាស់ប្ដូរ​ទាំង​ស្រុង​នៅ​ពេល​ដែល​រូប​លោក​ត្រូវ​ប៉ូលិស​ចោទ​ប្រកាន់ ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ថៅកែ​ស៊ីម៉ង់​ពេជ្រ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​គ្រប់គ្រង​នោះ គឺ​មាន​តែ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​ទៀត​របស់​ឧកញ៉ា ថោង សារ៉ាត់ គឺ​ក្រុមហ៊ុន​ផលិត​ប៉ាតេ ៩៩៩ ដែល​បាន​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​មនុស្ស​ជិតស្និទ្ធ​នឹង​រូប​លោក​ ចំនួន ៥​នាក់ ដើម្បី​គ្រប់គ្រង​សកម្មភាព​អាជីវកម្ម​ជំនួស។

ចំណែក​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​បុរី ៩៩៩ ដែល​ជា​ការ​វិនិយោគ​ធំ​មួយ​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ មិន​មាន​ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ឡើយ។ កត្តា​នេះ បាន​ធ្វើ​អោយ​សាធារណជន និង​អ្នក​ជំនាញ​អចលនទ្រព្យ​ព្រួយ​បារម្ភ​ថា សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​បុរី ៩៩៩ នឹង​អាច​រាល​ដល់​វិស័យ​ធនាគារ អតិថិជន និង​សេដ្ឋកិច្ច​កម្ពុជា។ គេហទំព័រ​របស់​បុរី ៩៩៩ បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​ខ្លួន បាន​ទទួល​ប្រាក់​កម្ចី​ពី​ធនាគារ​វៀតណាម ឈ្មោះ ប៊ីអាយឌីស៊ី (BIDC) ប៉ុន្តែ​ធនាគារ​របស់​វៀតណាម និង​ក្រុមហ៊ុន​បុរី​នេះ មិន​បាន​បង្ហាញ​ទឹក​ប្រាក់​វិនិយោគ​ជាក់លាក់​ឡើយ។

អ្នក​គ្រប់គ្រង​សាខា​របស់​បុរី ៩៩៩ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​អះអាង​ថា ទោះ​បី​ជា​លោក​ឧកញ៉ា​កំពុង​រត់​ភៀស​ខ្លួន​ក៏ដោយ តែ​សកម្មភាព​សាងសង់ និង​ការ​លក់​របស់​ខ្លួន​នៅ​មាន​សកម្មភាព​ដដែល។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​គ្រប់គ្រង​រូប​នោះ​ទួល​ស្គាល់​ថា បច្ចុប្បន្ន​មាន​អតិថិជន​ថ្មីៗ​ជាច្រើន​មាន​ការ​រារែក ក្នុង​ការ​ទិញ​បុរី ប៉ុន្តែ​អតិថិជន​ដែល​បាន​បង់​លុយ​ទិញ​បុរី​នោះ​រួច​ហើយ ពុំ​មាន​ការ​ព្រួយ​បារម្ភ​ឡើយ។

ម្យ៉ាង​វិញ​ទៀត ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន​បុរី ៩៩៩ មិន​មាន​ផែនការ​ក្នុង​ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ និង​កាត់​បន្ថយ​គម្រោង​វិនិយោគ​ដែល​កំពុង​សាងសង់​នា​ពេល​បច្ចុប្បន្ន​នោះ​ ទេ។

អ្នក​វិភាគ​ផ្នែក​អចលនទ្រព្យ លោក កឹក ណារិន បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​នៃ​ការ​សាងសង់ ឬ​វិនិយោគ​បុរី​នីមួយៗ​នៅ​ប្រទេស​កម្ពុជា ត្រូវ​ឆ្លង​កាត់​ស្ថាប័ន​សំខាន់​បី គឺ​ក្រសួង​ដែនដី នគរូបនីយកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​រាជធានី​ភ្នំពេញ។ លោក​បញ្ជាក់​ទៀត​ថា ផល​ប៉ះពាល់​ដល់​អតិថិជន​ដែល​ទិញ​បុរី​នោះ គឺ​អាស្រ័យ​លើ​ប្រភព​ទុន​ដែល​ម្ចាស់​បុរី​នោះ​យក​ទៅ​វិនិយោគ។

ចំណែក​តំណាង​ក្រុមហ៊ុន​បុរី ៩៩៩ វិញ​បាន​អះអាង​ថា អតិថិជន​មិន​គួរ​បារម្ភ​ពេក​ទេ ព្រោះ​តាម​ផ្លូវ​ច្បាប់ គឺ​តម្រូវ​ឲ្យ​ម្ចាស់​វិនិយោគ​បុរី​តម្កល់​ប្រាក់ ២% នៅ​ធនាគារ​ជាតិ​កម្ពុជា ដើម្បី​សង​ជា​ប្រាក់​សំណង​នៅ​ពេល​បុរី​នោះ​មាន​បញ្ហា ឬ​ក្ស័យ​ធន។ បច្ចុប្បន្ន ក្រុមហ៊ុន​អភិវឌ្ឍ​បុរី ៩៩៩ មាន​គម្រោង​ចំនួន​១២ លើ​ការ​សាងសង់​ផ្ទះ​ល្វែង វីឡា និង​អគារ​ស្នាក់នៅ​បែប​ទំនើប ឬ​ហៅថា​ខុនដូ (Condo)។ គម្រោង​វិនិយោគ​របស់​ខ្លួន​នោះ គឺ​ស្ថិត​នៅ​តំបន់​សំខាន់​បី គឺ​ទី​មួយ តំបន់​ស្ទឹងមានជ័យ បឹងត្របែក និង​ក្នុង​ខណ្ឌ​ទួលគោក។

អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា យល់​ឃើញ​ថា កាល​ណា​បុរី​មួយ​ប្រកាស​ក្ស័យ​ធន​ដោយ​ប្រការ​ណា​មួយ​នោះ គឺ​ត្រូវ​វិភាគ​លើ​ប្រភព​ទុន​នៃ​ការ​វិនិយោគ​បុរី​សំខាន់​បី គឺ​ទី​មួយ ប្រភព​ទុន​មក​ពី​ធនាគារ។ ទី​ពីរ ប្រភព​ទុន​មក​ពី​អតិថិជន និង​ទី​បី ប្រភព​ទុន​មក​ពី​ម្ចាស់​បុរី​ដោយ​ផ្ទាល់។

ទំនាក់ទំនង​នៃ​ការ​ដួល​រលំ​បុរី និង​ការ​ផ្ដល់​ឥណទាន​ធនាគារ​វិញ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា (Acleda Bank) លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា ធនាគារ​មិន​មាន​ការ​ចុះ​កិច្ចសន្យា​ណា​មួយ​រវាង​ម្ចាស់​គម្រោង​សាងសង់ ឬ​បុរី​ណា​មួយ​នោះ​ទេ។ ការ​ផ្ដល់​ប្រាក់​កម្ចី​កន្លង​មក គឺ​អាស្រ័យ​លើ​គម្រោង​សាងសង់​ដែល​ស្រប​ច្បាប់ និង​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ផ្នែក​អចលនទ្រព្យ​មួយ​ចំនួន​ទៀត​អះអាង​ថា ហានិភ័យ​នៅ​ក្នុង​វិស័យ​វិនិយោគ​លំនៅឋាន​នៅ​តែ​មាន ដែល​អាច​ប៉ះពាល់​ដល់​អតិថិជន និង​វិស័យ​ធនាគារ។ ហានិភ័យ​នោះ គឺ​ការ​អនុវត្ត​ច្បាប់​សាងសង់​នៅ​មាន​កម្រិត​ទាប ជាពិសេស​ម្ចាស់​គម្រោង​តែង​តែ​ផ្ដល់​ជា​លាភ​សក្ការៈ​ដល់​មន្ត្រី​រដ្ឋាភិបាល ជា​ថ្នូរ​នឹង​ការ​សម្រួល​កិច្ចការ​សាងសង់។ ការ​សាងសង់​លឿន​ពេក ក៏​ប៉ះពាល់​ដល់​អតិថិជន នៅ​ពេល​សេដ្ឋកិច្ច​កម្ពុជា និង​ចំណូល​របស់​ម្ចាស់​វិនិយោគ​ជួប​វិបត្តិ។ បច្ចុប្បន្ន ការ​វិនិយោគ​បុរី​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៧៤​បុរី។

ម្យ៉ាង​វិញ​ទៀត គម្រោង​វិនិយោគ​បុរី​នីមួយៗ​ទទួល​ជោគជ័យ ឬ​បរាជ័យ គឺ​អាស្រ័យ​លើ​កត្តា​តម្លៃ ទីតាំង និង​កត្តា​អតិថិជន។ តែ​ភាព​ទុក​ចិត្ត​លើ​អតិថិជន​ចំពោះ​បុរី ៩៩៩ នៅ​ពេល​នេះ បាន​ធ្លាក់​ចុះ​ម្ដង​បន្តិចៗ នៅ​ពេល​គេ​បាន​ដឹង​ឮ​ថា ម្ចាស់​បុរី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ។ បច្ចុប្បន្ន អ្នក​គ្រប់គ្រង​បុរី​វិញ គឺ​បាន​ត្រឹម​តែ​ព្យាយាម​ពន្យល់​អតិថិជន​ឲ្យ​យល់​ដឹង​អំពី​ករណី​ដែល​កើត​ឡើង ​នោះ ថា​ជា​រឿង​បុគ្គល និង​បុគ្គល​ប៉ុណ្ណោះ ដោយ​មិន​មែន​កើត​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​នោះ​ទេ។

ចំណែក​អាជ្ញាធរ​ដែល​ជា​អ្នក​គ្រប់គ្រង​ការ​វិនិយោគ​បុរី​នៅ​កម្ពុជា វិញ មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​សង​សំណង​ទៅ​អតិថិជន ប្រសិន​បើ​បុរី​ណា​មួយ​ដួល​រលំ ឬ​ប្រកាស​ក្ស័យ​ធន ព្រោះ​ប្រាក់​តម្កល់​នៅ​ក្រសួង​សេដ្ឋកិច្ច ប្រមាណ ២% ក្នុង​គម្រោង​នីមួយៗ​នោះ មិន​អាច​ទូទាត់ ឬ​សង​ប្រាក់​ទៅ​អតិថិជន​បាន​គ្រប់​ចំនួន​ឡើយ។ ម្យ៉ាង​វិញ​ទៀត អតិថិជន​ដែល​ខ្ចី​ប្រាក់​ពី​ធនាគារ​វិញ ក៏​អះអាង​ថា អតិថិជន​ជា​អ្នក​ទទួល​ខុស​ត្រូវ​សង​ប្រាក់​ទៅ​ធនាគារ ប្រសិន​បើ​បុរី​ណា​មួយ​ដែល​ខ្លួន​ទិញ​នោះ​ខុស​ច្បាប់ ឬ​ក៏​បុរី​នោះ​ប្រកាស​ក្ស័យ​ធន៕

 

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply