តើ​គួរ​ដល់​ពេល​ត្រូវ​គិតគូរ​ពី ​ប្រព័ន្ធ​ការពារ​ការ​រញ្ជួយ​ដី​ ឬ​នៅ​សម្រាប់​សំណង់​ខ្ពស់ៗ​នៅ​កម្ពុជា?
Posted On : កញ្ញា, 1, 2016 | By សំឡេងទីក្រុង

នៅពេលសួរថា តើអ្នកសាងសង់អគារខ្ពស់ៗនៅកម្ពុជាគួរគិតគូរពីការការពារការរញ្ជួយដីដែរឬទេ? កាលពី ១០០ ឆ្នាំមុនទំនងជាមិនមានអ្នកឆ្លើយថាបាទនោះទេប៉ុន្តែពេលនេះទំនងជាដល់ពេលវេលាហើយដែលអ្នកសាងសង់អគារខ្ពស់ៗកប់ពពកនានានៅទីក្រុងភ្នំពេញត្រូវគិតគូរពីការរៀបចំប្រព័ន្ធការពារការរញ្ជួយដីនៅតាមគម្រោងរបស់ខ្លួន។

ដោយសារប្រព័ន្ធអាកាសធាតុប្រែប្រួល និងហេតុការណ៍រញ្ជួយដីបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាកាលពីក្នុងសប្តាហ៍ទី ២ នៃខែសីហាកន្លងមកនេះហើយបានបង្កការរំញ័រដល់ប្រទេសថៃនៅក្បែរខាងនៃប្រទេសកម្ពុជាអ្នកវិនិយោគសាងសង់អគារខ្ពស់ៗនៅកម្ពុជាសុទ្ធតែនិយាយថាដល់ពេលដែលអ្នកវិនិយោគសាងសង់អគារខ្ពស់ៗគិតគូរពីការបង្ការបញ្ហានេះហើយ។

លោក Michael Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO Group បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃចន្ទថានៅពេលលោកសាងសង់សណ្ឋាគារកម្ពស់ ១៧ ជាន់នៅទីក្រុងភ្នំពេញលោកបានគិតគូរពីការរៀបចំប្រព័ន្ធការពារការរញ្ជួយដីតាមស្តង់ដារប្រទេសជប៉ុនរួចហើយដោយលោកបានឲ្យស្ថាបត្យករ និងវិស្វករសាងសង់សសរស្នូលកណ្តាលនៃអគារមានការរៀបចំបំពាក់ប្រព័ន្ធការពាររញ្ជួយដីក្នុងកម្រិតសមល្មមបាន។

លោកបន្តថា៖ «ខ្ញុំអំពាវនាវឲ្យអ្នកអភិវឌ្ឍន៍សាងសង់អគារខ្ពស់ៗគិតគូរពីបញ្ហានេះដោយសារការប្រែប្រួលអាកាសធាតុដូច្នេះយូរ ឬឆាប់វា (រញ្ជួយដី) នឹងមកដល់កម្ពុជា»។

លោកបន្តថា៖ «ខ្ញុំមិនដែលឮក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិយាយពីបញ្ហានេះទេដូច្នេះខ្ញុំសូមសំណូមពរឲ្យក្រសួងគិតគូរពីរឿងនេះផង»។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលបាននិងកំពុងវិនិយោគសាងសង់អគារកប់ពពកជាច្រើននៅក្នុងគម្រោង Olympia Plaza និងគម្រោងដទៃទៀតបានថ្លែងថាគម្រោងវិនិយោគរបស់លោកសុទ្ធតែគិតពីការការពារការរញ្ជួយដីគ្រាន់តែប្រព័ន្ធដែលបានរៀបចំការការពារមានកម្រិតខុសៗគ្នាដូចជាគម្រោង Olympia City មានកម្រិតការពារការរញ្ជួយដីចន្លោះពី ៦ ទៅ ៧ រ៉ិចទ័រអគារផ្ទះល្វែងមួយចំនួនក៏មានប្រព័ន្ធការពារការរញ្ជួយដី ៤ រ៉ិចទ័រផងដែរ។

លោកបន្តថា ក្រុមហ៊ុនមិនត្រឹមតែគិតគូរពីការការពារការរញ្ជូយដីនោះទេប៉ុន្តែយើងក៏ការពារពីខ្យល់ព្យុះក្នុងកម្រិតល្បឿនចន្លោះពី ១២០ ទៅ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។

លោកបន្តថា៖ «សំណង់ខ្ពស់ៗនានាសុទ្ធតែមានប្រព័ន្ធការពារហើយក្នុងកម្រិតត្រឹម ៥ ទៅ ៦ រ៉ិចទ័រដែលជាកម្រិតអាចការពារបានមួយចំនួនធំហើយបើទោះជាប្រទេសយើងស្ថិតនៅលើផ្ទៃរាបមិនធ្លាប់មានរញ្ជួយដីក៏ដោយ»។

លោកបន្តថា៖ «ការសាងសង់ការពារការរញ្ជួយដីដែលអាចការពារការរញ្ជួយពី ៨ ទៅ ៩ រ៉ិចទ័រវាធ្វើឲ្យតម្លៃចំណាយលើសំណង់ខុសគ្នាក្នុងចន្លោះពី ៣០ ទៅ ៤០ ភាគរយធៀបនឹងសំណង់មិនការពារការរញ្ជួយដី»។

លោក សំណាង បានបន្តថាការការពារការរញ្ជួយដីក្នុងកម្រិតទាបការចំណាយមិនសូវខ្ពស់ដូចការការពាររញ្ជួយដីកម្រិតធំនោះទេ។

លោកបន្តថាកន្លងមកមន្ត្រីជំនាញក្រសួងរៀបចំដែនដីក៏បានសាកសួរពីប្រព័ន្ធសុវត្ថិភាពអគារនៅពេលយើងដាក់សុំច្បាប់ដើម្បីសាងសង់ផងដែរ។

លោកសាស្ត្រាចារ្យ ទូស សាភឿន អគ្គលេខាធិការងគណៈស្ថាបត្យករកម្ពុជា និងជាអ្នកធ្វើការជិតស្និទ្ធជាមួយគម្រោងអគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុងដែលគ្រោងសាងសង់នៅចុងឆ្នាំនេះបានថ្លែងថាគម្រោងអគារកប់ពពកនេះបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់លើការការពារការរញ្ជួយដីដែលអាចការពារបានរហូតដល់កម្រិត ៩ រ៉ិចទ័រព្រោះនេះជាការបង្ការជាមុនដោយសារការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។

លោកបន្តថា៖ «ការសាងសង់អគារកម្ពស់ ៥០០ ម៉ែត្រនេះមិនត្រឹមតែគិតគូរពីសោភណភាព គុណភាព និងរចនាប័ទ្មអគារប៉ុណ្ណោះទេប៉ុន្តែក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់លើការការពារការរញ្ជួយដី ខ្យល់ព្យុះ និងគ្រោះមហន្តរាយដទៃទៀតផងដែរ»។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថាបញ្ហាសុវត្ថិភាពសំណង់ក្រសួងក៏បានពន្យល់ និងធ្វើការណែនាំម្ចាស់គម្រោងនានាឲ្យគិតគូពីប្រព័ន្ធសុវត្ថិភាពអគារជាចម្បងផងដែរ ដែលរាប់បញ្ចូលទាំងការការពារការរញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ជាដើម។

លោកបន្តថា បច្ចុប្បន្នក្រសួងកំពុងរៀបចំច្បាប់គ្រប់គ្រងវិស័យសំណង់ និងច្បាប់រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាច្បាប់ដ៏មានសារៈសំខាន់ទាក់ទងនឹងគុណភាព និងសុវត្ថិភាពរបស់អគារ។

លោកបន្តថា៖ «ថ្វីដ្បិតប្រទេសយើងមិនដែលមានបញ្ហារញ្ជួយដីប៉ុន្តែយើងខិតខំកសាងច្បាប់របស់យើងដើម្បីធ្វើយ៉ាងណាដាក់បទដ្ឋានឲ្យម្ចាស់អគារនានាដែលសាងសង់អគារខ្ពស់ៗគិតគូរពីការការពារគ្រោះមហន្តរាយនានា»។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកជាសំណួរថា៖ «រវាងការការពារ និងការព្យាបាលយកមួយណាជាមុន?»។

លោកបន្តថានៅពេលមានការសាងសង់សំណង់ធំៗកាន់តែច្រើន និងការបូមប្រេងនាពេលអនាគតរញ្ជួយដីនឹងអាចកើតឡើងនាពេលអនាគត។

លោកបន្តថាការសាងសង់ដែលមានការរៀបចំប្រព័ន្ធការពារជាមុនជាការប្រសើរតែការការពារពីអគ្គិភ័យនានាគួរតែគិតគូរឲ្យបានហ្មត់ចត់ផងដែរព្រោះបច្ចុប្បន្នកម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបបញ្ហាអគ្គិភ័យនៅតាមអគារខ្ពស់ៗចាប់ពី ២០ ជាន់ឡើងលើនៅឡើយទេ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

សំឡេងទីក្រុង!

សំឡេងទីក្រុង!