តើ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​​ អាច​ឆ្លើយតប​នឹង​តម្រូវការ​ដែរ​ឬ​ទេ​?
Posted On : មេសា, 19, 2018 | By Vantha

ទោះបី​ជា​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​មាន​តម្រូវការ​ខ្ពស់​ក្នុង​ចំណោម​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​ក៏ដោយ ក៏​ការផ្គត់ផ្គង់​លំនៅឋាន​មាន​តម្លៃ​ទាប​ហាក់​ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​ទាន់​អាច​ឆ្លើយតប​សមល្មម​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​នាពេល​បច្ចុប្បន្ន​នោះ​ទេ​។

ផ្ទុយ​ទៅវិញ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​មាន​ការ​ចាប់​អារម្មណ៍​ទៅលើ​ការកសាង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ដែល​មាន​តម្លៃ​ខ្ពស់​ដោយសារ​តែ​ពួកគេ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ជាង​ការវិនិយោគ​លើ​គម្រោង​តម្លៃ​មធ្យម​។ ប្រការ​នេះ​នាំ​ឱ្យ​គ្រួសារ​ដែល​មាន​ចំណូល​ទាប​នៅ​តែ​ត្រូវ​បន្ត​ការជួល​បន្ទប់ ឬ​ផ្ទះ​គេ​សម្រាប់​ស្នាក់នៅ​ដដែល​។

នៅ​ក្នុង​បរិបទ​នេះ​កាលពី​ឆ្នាំ​មុន​ប្រទេស​កម្ពុជា​បាន​ធ្វើ​សេចក្តី​ព្រាង​គោលនយោបាយ​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​ក្នុង​គោលបំណង​ជួយ​ដល់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ព្រម​ទាំង​មន្ត្រីរាជការ​ស៊ីវិល​ឱ្យ​មាន​លំនៅឋាន​រស់នៅ​សមរម្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ដូច្នេះ​ពួកគេ​នឹង​មិន​ចាំបាច់​ជួល​បន្ទប់ ឬ​ផ្ទះ​របស់​នរណា​ដើម្បី​ស្នាក់នៅ​ទៀត​នោះ​ទេ​។

នៅ​ឆ្នាំ​ ២០១៤ កម្ពុជា​បាន​អនុម័ត​គោលនយោបាយ​លំនៅឋាន​ជាតិ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​លំនៅឋាន​ឱ្យ​បាន​កាន់តែ​ច្រើន​ជូន​ប្រជាពលរដ្ឋ​។ យោង​តាម​គោលនយោបាយ​លំនៅឋាន​ជាតិ​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​ ២០១៤ កម្ពុជា​នឹង​ត្រូវការ​ផ្ទះ​បន្ថែម​ចំនួន​ជាង ១ ​លាន​ខ្នង​ដើម្បី​បំពេញ​តាម​តម្រូវការ​រហូត​ដល់​ឆ្នាំ​ ២០៣០​។

ក្នុង​អំឡុង​វេទិកា​លំនៅឋាន​ជាតិ​កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៧ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ដើម្បី​ស្វែងរក​មធ្យោបាយ​ក្នុង​ការផ្តល់​លំនៅឋាន​តម្លៃ​សមរម្យ​ជូន​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ​ទូទាំង​ប្រទេស ដើម្បី​ឱ្យ​ពួកគេ​មាន​លំនៅឋាន​ប្រកប​ដោយ​ផាសុកភាព ភាព​ថ្លៃថ្នូរ និង​សុវត្ថិភាព​»​។

លោក ជា សុផារ៉ា បាន​បន្ត​ថា​ក្រសួង​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សិក្សា និង​រៀបចំ​ដាក់​តម្លៃ​សម្រាប់​លំនៅឋាន​មាន​តម្លៃ​សមរម្យ និង​លើក​ទឹក​ចិត្ត​ខាង​ផ្នែក​ពន្ធដារ និង​និយតកម្ម​ដើម្បី​ជំរុញ​ដល់​វិស័យ​ឯកជន​ឱ្យ​បំពេញ​ភារកិច្ច​នេះ​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​រហូត​មក​ដល់​ពេល​នេះ​មាន​តែ​គម្រោង​ចំនួន​ ៣ ​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​។

អគារខ្ពស់កប់ពពកក្នុងរាជធានីភ្នំពេញ (រូបថត៖ទស្សនាវដ្តីសំណង់និងទស្សនាវដ្តីអចលនទ្រព្យ)

គម្រោង​លំនៅឋាន​មាន​តម្លៃ​សមរម្យ​ដំបូង​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Worldbridge Land កាលពី​ខែ​មករា​ឆ្នាំ​ ២០១៧​។ គម្រោង​នេះ​មាន​ចម្ងាយ​ប្រហែល​ ១៨ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ដោយ​ស្ថិត​នៅ​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល​។ គម្រោង​តម្លៃ​ ១០០ ​លាន​ដុល្លារ​នេះ​មាន​កម្ពស់​ ២ ​ជាន់ ស្មើ​នឹង​ ២២៩៧​។ ផ្ទះ​នីមួយៗ​មាន​តម្លៃ​ចន្លោះ​ពី​ ២៥០០០ ទៅ ៣០០០០ ​ដុល្លារ​អាស្រ័យ​លើ​ទំហំ និង​ប្រភេទ​ផ្ទះ​។

គម្រោង​នេះ​ផ្តោត​លើ​មន្ត្រីរាជការ​ដែល​មាន​ប្រាក់ខែ​ទាប ហើយ​មិន​មាន​លទ្ធភាព​ទិញ​ផ្ទះ​ក្នុង​តម្លៃ​ទីផ្សារ​។ បន្ទាប់ពី​មន្ត្រីរាជការ គ្រួសារ​ធម្មតា​ដែល​បំពេញ​តាម​លក្ខខណ្ឌ​ក្រុមហ៊ុន និង​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំខែ​តិច​ជាង​ ៥០០ ​ដុល្លារ​ក៏​អាច​មាន​សិទ្ធិ​ទិញ​បាន​ដែរ​។

គម្រោង​នេះ​ចាប់ផ្ដើម​បើក​លក់​កាលពី​ដើម​ឆ្នាំ​ ២០១៨ នេះ​។ លោក សៀ រិទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន WorldBridge Group បាន​មាន​ប្រសាសន៍​ថា​រហូត​មក​ដល់​ពេល​នេះ​យើង​បាន​លក់​ផ្ទះ​ជាង ៥០០ ​ខ្នង​ហើយ​ទៅ​ឱ្យ​ប្រជាជន​សាមញ្ញ​។ តម្លៃ​នេះ​នៅ​តែ​សមរម្យ​សម្រាប់​មន្ត្រីរាជការ និង​គ្រួសារ​ដែល​មាន​ចំណូល​ទាប​។

លោក រិទ្ធី បន្ថែម​ទៀត​ថា៖ «​ដោយសារ​យើង​មិន​ទាន់​ទទួល​បាន​បញ្ជី​ឈ្មោះ​មន្ត្រីរាជការ​ដែល​មាន​សិទ្ធិ​ទទួល​បាន​លំនៅឋាន​នេះ​យើង​មិន​ទាន់​បាន​លក់​លំនៅឋាន​ណា​មួយ​ដល់​ពួកគេ​ទេ​។ ឥឡូវនេះ​យើង​កំពុង​រង់ចាំ​ភាគី​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ឈ្មោះ​ឱ្យ​យើង​។ បន្ទាប់ពី​ទទួល​បាន​ឈ្មោះ​ហើយ យើង​នឹង​លក់​ផ្ទះ​ទៅ​ឱ្យ​ពួកគេ​»​។

ទន្ទឹម​នឹង​នេះ​លោក យុគ សុធិរិទ្ធិ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Worldbridge Home និយាយ​ថា រាជរដ្ឋាភិបាល​បាន​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គម្រោង​របស់​លោក​។ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅពេល​នេះ​ស្ទើរ​តែ​ចប់​ ១០០ ​ភាគរយ​ហើយ ដូច្នេះ​ក្រុមហ៊ុន​អាច​នឹង​ចាប់ផ្ដើម​សង់​លំនៅឋាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ​។ លោក​បាន​បន្ត​ថា​ក្រុមហ៊ុន​មាន​ផែនការ​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​មួយ​កន្លែង​ទៀត ដែល​ទទួល​បាន​ការសហការ​ជាមួយ​រដ្ឋាភិបាល​នៅ​ពេល​ខាង​មុខ​ផង​ដែរ​។

គម្រោង​លំនៅឋាន​មាន​តម្លៃ​សមរម្យ​ទី​ ២ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) កាលពី​ខែ​មីនា​ឆ្នាំ​ ២០១៧ ជាមួយ​ក្រុមហ៊ុន​ដើម្បី​សហការ​លើ​គម្រោង​លំនៅឋាន​សមរម្យ​ដែល​មាន​តម្លៃ ៨៨ លាន​ដុល្លារ​មួយ​នេះ​។

មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល គម្រោង​លំនៅឋាន​នេះ​នឹង​ផ្តោត​ទៅ​លើ​មន្ត្រី​រាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​។ ផ្ទះ​នីមួយៗ​មាន​តម្លៃ​ចាប់ពី​ ២៣៥០០ ​ទៅ​ ២៤៨០០ ​ដុល្លារ ហើយ​អ្នក​ទិញ​ត្រូវ​បង់ប្រាក់​កក់ ៣០ ​ភាគរយ​ជាមួយ​នឹង​ការ​បង់​ប្រាក់​ប្រចាំ​ខែ​តិច​ជាង​ ២០០ ​ដុល្លារ​។

លោក ប៊ុន ជេស្ឋ ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ដែល​មាន​ឯកទេស​ក្នុង​ការ​កែលម្អ​គេហដ្ឋាន បាន​និយាយ​ថា​ក្រុមហ៊ុន​នឹង​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​ការ​រចនា និង​ការចាប់​ផ្តើម​គម្រោង​លំនៅឋាន​។ គម្រោង​នេះ​នឹង​មាន​លំនៅឋាន​សរុប​ចំនួន​ ៥៣៤០ ព្រម​ទាំង​មាន​សាលារៀន មន្ទីរពេទ្យ និង​កន្លែង​លក់​ទំនិញ​ផង​ដែរ​។ រហូត​មក​ដល់​ពេល​នេះ​គម្រោង​របស់​យើង​បាន​បញ្ចប់ ៦០ ​ភាគរយ​ហើយ ខណៈ​ការ​លក់​នឹង​ចាប់ផ្ដើម​បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។

លោក​បាន​បន្ត​ថា​យើង​សម្រេច​ចិត្ត​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ បើ​ទោះបី​ជា​ផល​ចំណេញ​មិន​សូវ​ទទួល​បាន​ច្រើន​ដូច​ការសាងសង់​លំនៅឋាន​តម្លៃ​ថ្លៃ​ក៏ដោយ​។ យ៉ាង​ណា​ក៏ដោយ តម្រូវការ​លំនៅឋាន​តម្លៃ​សមរម្យ​មាន​តម្រូវការ​ខ្ពស់​ជាង​តម្រូវការ​លំនៅឋាន​តម្លៃ​ថ្លៃ​នា​ពេល​បច្ចុប្បន្ន ដូច្នេះ​យើង​សង្ឃឹម​ថា​នឹង​លក់​ដាច់​លឿន​។ ម្យ៉ាង​វិញ​ទៀត​យើង​ចង់​ជួយ​ដល់​សង្គម​ដើម្បី​កុំ​ឱ្យ​មាន​វិបត្តិ​លំនៅឋាន​នៅ​ថ្ងៃ​ខាង​មុខ​។

គម្រោង​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​ទី​៣ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​របស់​ជប៉ុន​ឈ្មោះ Arakawa ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ដោយ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​។ Arakawa គឺជា​គម្រោង​ខុនដូ​ដែល​មាន​តម្លៃ ៧០ ​លាន​ដុល្លារ​ដែល​មាន​ទំហំ ១៣ ៦៨០ ម៉ែត្រការ៉េ​។

លោក Alex Yasumoto ប្រធាន​ក្រុមហ៊ុន Arakawa បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​កាលពី​ឆ្នាំ​មុន​ថា ទឹកប្រាក់​ប្រហែល​ ៤០ ​លាន​ដុល្លារ​នឹង​ត្រូវ​ចំណាយ​ក្នុង​ដំណាក់កាល​ទី​ ១ ហើយ​ទឹកប្រាក់​ ៣០ ​លាន​ដុល្លារ​បន្ថែម​ទៀត​នឹង​ត្រូវ​បណ្តាក់ទុន​ក្នុង​ដំណាក់កាល​ទី​ ២​។ ដំណាក់កាល​ទី ១ មាន​បន្ទប់​ខុនដូ​ចំនួន​ ២០០០ ​យូនីត ហើយ​នឹង​ចំណាយពេល​ ៣ ​ឆ្នាំ​កន្លះ​ដើម្បី​បញ្ចប់​។ តម្លៃ​ផ្ទះ​នឹង​មាន​ចាប់ពី ២០០០០ ​ទៅ​ ៣០០០០ ​ដុល្លារ​ក្នុង​ ១ ​​យូនីត​។

លោក សឿង សារ៉ាន់ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​លើក​កម្ពស់​សិទ្ធិ​លំនៅឋាន និយាយ​ថា​ទោះបី​ជា​មាន​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ ដែល​ទទួល​បាន​ការគាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​ក៏ដោយ ក៏​ការផ្គត់ផ្គង់​នៅ​មិន​ទាន់​អាច​ឆ្លើយតប​តាម​តម្រូវការ​បាន​ទេ​។

ស្រប​ពេល​ដែល​លោក សឿង សារ៉ាន់ សរសើរ​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការលើក​ទឹក​ចិត្ត​ដល់​វិស័យ​ឯកជន​ដើម្បី​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវការ​ការលើក​ទឹកចិត្ត​បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវការ​ទាំង​នោះ​។

លោក​បាន​បញ្ជាក់​ថា​ដើម្បី​ទទួល​បាន​ជោគជ័យ រដ្ឋាភិបាល​គួរផ្ដល់​ការលើក​ទឹកចិត្ត​បន្ថែម​ទៀត​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ហើយ​ស្រប​ពេល​ជាមួយ​គ្នា ក្រុមហ៊ុន​អភិវឌ្ឍន៍​ក៏​គួរ​តែ​ចូលរួម​ចំណែក​ជួយ​សង្គម​ផង​ដែរ តាមរយៈ​ការសាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​។ ជាធម្មតា​ក្រុមហ៊ុន​អភិវឌ្ឍន៍​តែងតែ​ចង់​បាន​ផលចំណេញ​ខ្ពស់​ដោយ​សាងសង់​លំនៅឋាន​តម្លៃ​ថ្លៃ ហើយ​មិន​សូវ​ចង់​សង់​លំនៅឋាន តម្លៃ​សមរម្យ​នោះ​ទេ ដូច្នេះ​ការ​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដើម្បី​បង្វែរ​មក​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​វិញ​គឺជា​ការចាំបាច់​។

លោក​និយាយ​ថា៖ «​បើ​មិន​មាន​ការចូលរួម​ពី​សំណាក់​វិស័យ​ឯកជន គោលនយោបាយ​លំនៅឋាន​ជាតិ​អាច​នឹង​បរាជ័យ​ក្នុង​ការ​ឆ្លើយតប​នឹង​កំណើន​ប្រជាជន​ក្រុង​ដែល​នឹង​កើន​ចំនួន​ដ៏ឆាប់​រហ័ស​នៅ​ពេល​ខាង​មុខ​។ ប្រការ​នេះ​អាច​នឹង​នាំ​ទៅ​ដល់​វិបត្តិ​លំនៅឋាន​»​។

ទាក់ទង​នឹង​ប្រធានបទ​នេះ​លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មិន​អាច​ពន្យល់​បាន​ទេ​ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់​ប្រជុំ​៕

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!