corruption

តើសង្គមខ្មែរយើងពិតជាស្អប់ខ្ពើមអំពើពុករលួយមែនឬ?

តាមការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ(Transparency International) នៅឆ្នាំ២០១៦ ស្តីអំពីអំពើពុករលួយ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខរៀងទី១៥៦ ក្នុងចំណោម១៧៦ប្រទេស។ ចំណាត់ថ្នាក់នេះបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់ រីករាលដាល។ អំពើពុករលួយបង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតភាពអយុត្តិធម៌ក្នុងសង្គម និងធ្វើឲ្យសង្គមឈានទៅរកអស្ថិរភាព។

ប្រសិនបើយើងសួរសំណួរធម្មតាទៅមនុស្សទូទៅថា តើអ្នកស្អប់ខ្ពើមអំពើពុករលួយដែរឬទេ? យើងប្រាកដជាបានចម្លើយភាគច្រើនថា “ខ្ញុំស្អប់អំពើពុករលួយ។ ខ្ញុំមិនចង់ឃើញអំពើពុករលួយកើតមានក្នុងសង្គមយើងទេ។ អំពើពុករលួយជារឿងអាក្រក់សម្រាប់សង្គម។…។ល។”  ក្រោយពីស្តាប់ចម្លើយវិជ្ជមានទាំងនេះហើយ យើងអាចនឹងឆ្ងល់ ហើយសួរបន្តថា បើមនុស្សភាគច្រើនក្នុងសង្គមស្អប់ខ្ពើមអំពើពុករលួយ ហេតុអ្វីក៏ក្នុងសង្គមយើងនៅមានអំពើពុករលួយច្រើនលើសលុបបែបនេះ? ដើម្បីស្វែងរកចម្លើយទៅនឹងសំណួរនេះ យើងគួរនាំគ្នាគិតពិចារណាទៅលើការជជែកនិយាយស្តីប្រចាំថ្ងៃក្នុងសង្គមយើង ដែលឆ្លុះបញ្ចាំងអំពីការគិត ការយល់ឃើញ និងឥរិយាបថជាក់ស្តែងទៅលើអំពើពុករលួយ។    

តទៅនេះជាសម្រង់សំដីមួយចំនួនដែលយើងធ្លាប់ឮនឹងត្រចៀកពីមិត្តភ័ក្ភិ ឬអ្នកស្គាល់គ្នា ឬក្នុងចំណោមក្រុមគ្រួសារយើង ៖ សួស្តីសំឡាញ់ តើឯងផ្លាស់មកកន្លែងការងារថ្មីរកលុយបានច្រើនឬទេ? ឥឡូវខ្ញុំរកលុយលែងបានដូចមុនហើយ ព្រោះរដ្ឋមន្រ្តីថ្មីកែប្រែនីតិវិធីតឹងជាងមុន។ តើកន្លែងកូនឯងធ្វើការរកលុយក្រៅបានច្រើនឬទេ? ឪពុកគ្នាជាអភិបាលរងខេត្តតែគាត់មិនចេះរកក្រៅនឹងគេទេ គាត់ស្មោះត្រង់ជ្រុល។ ប្អូនខ្ញុំវានៅចំកន្លែងខ្លាញ់តែវាល្ងង់ណាស់ វាមិនចេះរកក្រៅនឹងគេទេ។ ពួកម៉ាកខ្ញុំគេមានលុយចាយហ៊ឺហារព្រោះឪពុកគេជាមន្រ្តីធំរកលុយបានស្រួល។ ក្មួយប្រុសខ្ញុំមានមុខមានមាត់ណាស់ព្រោះមានមិត្តភ័ក្ភិសុទ្ធតែជាកូនអ្នកធំមានលុយចាយរាប់មិនអស់។ ឪពុកមាវាជាមនុស្សល្អណាស់ដោយចេះជួយក្មួយឲ្យទៅនៅកន្លែងខ្លាញ់។ ឯងមើលគេជាមនុស្សមានមុខមានមាត់ណាស់ មានឋានៈខ្ពង់ខ្ពស់ក្នុងរដ្ឋាភិបាល មានវិឡាស្កឹមស្កៃ មានឡានជិះរាប់មិនអស់ …។ល។  

បើយើងពិចារណាលើសំដីរៀបរាប់ខាងលើឲ្យស៊ីជម្រៅបន្តិច យើងឃើញថា ជាទូទៅមនុស្សភាគច្រើនក្នុងសង្គមយើងនៅមានទឹកចិត្តកោតសរសើរ និងឲ្យតម្លៃលើអំពើពុករលួយនៅឡើយ ហើយថែមទាំងម៉ាក់ងាយ មើលស្រាលលើមនុស្សដែលស្មោះត្រង់ និងសុចរិតទៀតផង។

សូមកុំយល់ច្រឡំថា នេះជាការបណ្តុះកំហឹងវណ្ណៈឲ្យស្អប់ខ្ពើមអ្នកមាន អ្នកធំ។ ប្រសិនបើនរណាម្នាក់មានឋានៈខ្ពង់ខ្ពស់ វាជារឿងគួរឲ្យគោរពបើគាត់មានស្នាដៃល្អបម្រើប្រទេសជាតិសក្តិសមនឹងឋានៈតួនាទីរបស់គាត់។ វាជារឿងល្អ បើគាត់មានទ្រព្យធនដោយសារចេះសន្សំសំចៃ និងធ្វើធុរកិច្ច ឬវិនិយោគដោយជោគជ័យ។ ក៏ប៉ុន្តែពុំមានអ្វីគួរឲ្យគោរពទេ បើឋានៈតួនាទី និងទ្រព្យធនទាំងនោះបានមកដោយសារអំពើពុករលួយ។ វាជារឿងគួរឲ្យស្អប់ខ្ពើម និងថ្កោលទោសបើឋានៈខ្ពង់ខ្ពស់ និងទ្រព្យធនហូរហៀរបានមកដោយសារអំពើពុករលួយ និងបង្កការឈឺចាប់ដល់អ្នកដទៃ។ ការយល់ឃើញ និងការផ្តល់តម្លៃរបស់សង្គមមានឥទ្ធិពលខ្លាំងដល់ការរីករាលដាល ឬការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ បើយើងឲ្យតម្លៃលើផ្លែផ្កានៃអំពើពុករលួយ យើងកំពុងផ្តល់ជី និងទឹកដល់ការរីកលូតលាស់របស់វាហើយ។

តើយើងអាចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដូចម្តេច?

លោក លី ក្វាន់យ៉ូ បិតាស្ថាបនិកសឹង្ហបុរី ដែលបានកសាងប្រទេសសឹង្ហបុរី ឲ្យរីកលូតលាស់ និងស្អាតស្អំ បានផ្តល់ដំបូន្មានថា “ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ វាជាការចំណាយពេល និងធនធានអត់ប្រយោជន៍ បើយើងរៀបសំណាញ់ចាប់បានតែត្រីចង្វា”។ ខ្ញុំគិតថា គតិបណ្ឌិតរបស់លោក លី ក្វាន់យ៉ូ  មានសារសំខាន់ខ្លាំងណាស់សម្រាប់កិច្ចការរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជា។  

តួនាទីរបស់អ្នកដឹកនាំកំពូលៗមានឥទ្ធិពលធំធេងក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក្នុងការផ្តល់គម្រូល្អ គម្រូស្មោះត្រង់ គម្រូសុចរិត។ ក្នុងនាមជាអ្នកដឹកនាំ អ្នកមិនអាចអំពាវនាវឲ្យអ្នកខាងក្រោមស្តាប់ ហើយឈប់ប្រព្រឹត្តអំពើពុករលួយបានទេ បើគេនៅមើលឃើញថាអ្នកកំពុងប្រព្រឹត្តអំពើនេះ។ អ្នកខាងក្រោមមិនស្តាប់នូវអ្វីដែលអ្នកនិយាយទេ គេមើលអ្វីដែលអ្នកធ្វើ ហើយគេនឹងដើរតាមទង្វើរបស់អ្នក។

ក្រៅពីការផ្តល់គម្រូល្អរបស់អ្នកដឹកនាំ និងការផ្តល់តម្លៃត្រឹមត្រូវរបស់សង្គមទៅលើអំពើពុករលួយ កិច្ចការដ៏សំខាន់ចាំបាច់មួយទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺការរៀបចំប្រព័ន្ធមួយដ៏ល្អដែលមានប្រសិទ្ធភាព។ សូមអានអត្ថបទ “តើធ្វើយ៉ាងណាឲ្យមានរាជរដ្ឋាភិបាលល្អបម្រើពលរដ្ឋ?” ក្នុងការស្វែងយល់អំពីការរៀបចំប្រព័ន្ធអភិបាលកិច្ចល្អដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

ការឲ្យតម្លៃរបស់សង្គមទៅលើអំពើពុករលួយប្រៀបដូចជាការថែទាំសួនដំណាំ។ បើយើងស្រោចទឹក និងដាក់ជីលើរុក្ខជាតិចង្រៃរុក្ខជាតិទាំងនោះនឹងរីកលូតលាស់។ – សាម អ៊ីន 

ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អ្នកក្រោមបង្គាប់មិនស្តាប់សំដីរបស់អ្នកដឹកនាំទេ គេមើលទង្វើរបស់អ្នកដឹកនាំ។ បើអ្នកដឹកនាំធ្វើអ្វី ទង្វើនោះនឹងរីកសាយឡើង។ – សាម អ៊ីន

 ប្រភព៖ សាម អ៊ីន

Leave a Reply