តើការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញបណ្ដាលមកពីការអភិវឌ្ឍន៍ទីក្រុងដែរ ឬទេ?
Posted On : សីហា, 28, 2015 | By សំឡេងទីក្រុង

ថ្ងៃទី៖  ២៨ ខែសីហា ២០១៥    ដោយ៖  សម្លេងទីក្រុង

 ការកកស្ទះចរាចរណ៍គឺជាជាបញ្ហាដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ។ ក្រៅពីបង្ករឱ្យមានតានតឹងអារម្មណ៍​ ការ​កកស្ទះចរាចរណ៍មានផលប៉ះពាល់ជាអវិជ្ជមានទៅលើបរិស្ថាន និងសេដ្ឋកិច្ចផងដែរ។ តើប្រជាពលរដ្ឋត្រូវ​ខ្ជះខ្ជាយថវិការប៉ុន្មានសម្រាប់ទិញសាំងយកមកប្រើបា្រស់ដោយសារការកកស្ទះចរាចរណ៍បែបនេះ? តើប្រជា​ពលរដ្ឋ​ត្រូវខ្ជះខ្ជាយពេលវេលាដោយសារការកកស្ទះចរាចរណ៍ប៉ុន្មានដែរ? ការកកស្ទះចរាចរណ៍កើតឡើង​ជារៀង​រាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៦:០០ព្រឹក ទៅដល់ ៨:០០ព្រឹក   ហើយពេលល្ងាចចាប់ពីម៉ោង ៤:០០ល្ងាច ទៅដល់​ម៉ោង ៧:០០ល្ងាច។ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ដែលកើ​តឡើងនៅទីក្រុង​ភ្នំពេញ វាធ្វើឱ្យ​ចំណេញ​​​​ថវិការ និង​ថែរក្សាបរិស្ថាននៅទីក្រុងភ្នំពេញផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ​ ដំបូង​យើង​ត្រូវស្វែងយល់ថាតើហេតុអ្វីបានជាមានការកកស្ទះចរាចរណ៍? សំណួរសួរថា “តើការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុងភ្នំពេញវាពិតជាបណ្តាលមកពីការអភិវឌ្ឍន៍ទីក្រុងដែរឬ?”

ជាទំលាប់ប្រជាពលរដ្ឋភាគច្រើនបានធ្វើចំណាកស្រុកមកទៅរស់នៅទីក្រុង។ ទីក្រុងភ្នំពេញគឺជាទីក្រុង​នៃប្រទេសកម្ពុជា   ហើយវាជាបេះដូងនៃការអភិវឌ្ឍន៍ជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ  សេវាកម្ម និងការថែទាំ​សុខភាព ជាដើម។  ទសវត្សចុងក្រោយនេះ យើងសង្កេតឃើញថាប្រជាពលរដ្ឋនៅតំបន់ជនបទ បានធ្វើចំណាក​ស្រុក​ចេញពីជនបទដើម្បីស្វែង​រក​ការងារធ្វើ និងតាំងទីលំនៅថ្មីនៅក្នុងទីក្រុង។ នៅក្នុងឆ្នាំ២០១១ អ្នកដែល​ចំណាក​ស្រុក មានប្រមាណជាង ១០០,០០០នាក់ បានមករស់នៅទីក្រុងភ្នំពេញ ដែលចំនួននេះ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋក្នុងក្រុងកើនឡើងរហូតដល់ប្រមាណជាង ២​ លាន់នាក់។   ស្របពេលជាមួយនេះផងដែរ ដោយ​យោង​ទៅតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន​ ប្រទេស​កម្ពុជាដែលបានចេញ​ផ្សាយ​ជារៀងរាល់ឆ្នាំ មានម៉ូតូប្រមាណជាង៨០០,០០០គ្រឿង និងរថយន្ត ១៧០,០០០ គ្រឿងនៅក្នុងទីក្រុងភ្នំពេញ។​ ចំនួននេះត្រូវបានរំពឹងថានឹងបន្ដការកើនឡើងជារៀងរាល់ថ្ងៃទៀត។

មានមូលហេតុពីរ ​ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ គឺផ្លូវតូចចង្អៀត និងមានយានជំនិះច្រើន​ពេក។ ចំនួនប្រជាពលរដ្ឋកើនឡើង និងចំនួនរថយន្ដក៍កើនឡើង ហើយចំនួនផ្លូវនៅទីក្រុងភ្នំពេញវាមានតិច។   នេះវា​​បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងរវាងនគរូបនីយកម្ម និងការកកស្ទះចរាចរណ៍៖ ចំនួនប្រជា​ពលរដ្ឋ​កើនឡើង​​ ហើយយានជំនិះក៏កើនដែរ តែការពង្រីកផ្លូវមិនទាន់គ្រប់គ្រាន់។    ទោះជាយ៉ាងណា យោងទៅតាម​​​​​ការសម្ភាសន៍ជាមួយ​​​​​​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ មូលហេតុចម្បងដែលបណ្តាលឱ្យមានការកកស្ទះ​ចរាចរណ៍គឺ លើសពីការអភិវឌ្ឍន៍ទីក្រុង។

នៅពេលសួរពីមូលហេតុនៃការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ លោក សុភាព ជានិសិ្សតនៅ​សាកលវិទ្យាល័យវិចិត្រសិល្បៈ បាននិយាយថា អភិវឌ្ឍន៍ទីក្រុងគឺពិតជាបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍​មែន។ ប៉ុន្តែ បញ្ហាដំបូងដែលត្រូវដោះស្រាយនោះ គឺការមិនគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋ។ គាត់បាន​បន្ថែម​ទៀតថា “ពេលខ្លះ ផ្លូវតូចវាមិនជាបញ្ហានោះទេ ប៉ុន្ដែរបៀបដែលប្រជាពលរដ្ឋប្រើប្រាស់ផ្លូវគឺវាបង្ករ​ឱ្យមានការកក​ស្ទះតែម្តង។ បើទោះជាម៉ូតូមួយគ្រឿងក៏អាចធ្វើឱ្យមានការកកស្ទះចរាចរណ៍បានដែរ ប្រសិនបើ​ ប្រជាពលរដ្ឋមិនគោរពតាមច្បាប់ចរាចរណ៍”។

លោក សុក ហ៊ួត និស្សិតម្នាក់នៅវិទ្យាស្ថាន ស៊ីតិច បានលើកឡើងពីកត្តាមួយទៀតដែលជា មូលហេតុនៃការកកស្ទះចរាចរណ៍។ គាត់បានមានប្រសាសន៍ថា ការកកស្ទះចរាចរណ៍ កើតឡើង ភាគច្រើន​នៅ​ពេល​មានភ្លៀងធ្លាក់ខ្លាំង ពីព្រោះនៅពេលភ្លៀងធ្លាក់ខ្លាំងផ្លូវ និងមហាវិថីជាច្រើនបានលិចទឹក ហើយផ្លូវដែលមិន​បាន​លិចទឹកមានភាពមមាញឹកខ្លាំង។ ជាលទ្ធផល វាធ្វើឱ្យមានការកកស្ទះនៅលើដងផ្លូវជាច្រើនម៉ោង។ យើង​អាច​មើលឃើញ​​បញ្ហាជាក់ស្តែងក្នុងរដូវភ្លៀង​ ដែលមានរយៈ៦ខែក្នុងមួយឆ្នាំ។

និស្សិតទាំងនេះបានលើកឡើងបញ្ហាជាក់ស្តែង ដែលប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញធ្លាប់ឆ្លងកាត់ បន្ថែម​ទៅលើបញ្ហាដែលកើតមានឡើងបណ្តាលមកពីនគរូនីយកម្ម។ ដោយហេតុផលទាំងនេះហើយ រាល់បញ្ហា​ទាំង​អស់​គួរតែ​ត្រូវបានដោះស្រាយដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ មកទល់ពេលនេះ យើងបានឃើញការ​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានេះ តាមរយៈការស្ថាបនាស្ពានអាកាស ដូចជា​ស្ពានអាកាសប្រាំពីរមករា មុន្នីវង្ស និងស្ទឹងមានជ័យជាដើម ដើម្បីដោះស្រាបញ្ហា​ការកកស្ទះ​ចរាចរណ៍នេះ។ ប៉ុន្តែយើងមើលឃើញថា ការអនុវត្តច្បាប់ចរាចរណ៍មិនទាន់បានល្អប្រសើនៅឡើយ ចំណែកឯ​ប្រព័ន្ធ​លូរបង្ហូរ​ទឹកស្អុយគឺមិនទាន់ត្រូវបានអភិវឌ្ឍន៍គ្រប់គ្រាន់ បើទោះជាវាគឺជាកត្តាចាំបាច់ដើម្បីឱ្យចរាចរណ៍នៅក្នុង​ទីក្រុ​ង ភ្នំពេញ​មានភាពល្អប្រសើរឡើងក៏ដោយ។

ការកកស្ទះដែលតែងតែកើនមានពេលធ្វើដំណើរ

ការកកស្ទះដែលតែងតែកើនមានពេលធ្វើដំណើរ

សំឡេងទីក្រុង!

សំឡេងទីក្រុង!