តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​ជ្រោយចង្វារ​កើនឡើង​២០​ភាគរយ
Posted On : February, 20, 2015 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ , ថ្ងៃ ទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៥

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ជាច្រើន​បាន​អះអាង​ថា តំបន់​ជ្រោយចង្វារ​កំពុង​មាន​ការ​រីកលូតលាស់​ខាំ្លង ខណៈ​បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​ធំៗ​មួយ​ចំនួន​កំពុង​ចាប់​អារម្មណ៍​នៅ​ទី​នោះ​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century 21 VTrust បាន​និយាយ​ថា សកម្មភាព​ទិញ លក់ អចលនទ្រព្យ​នៅ​តំបន់​ជ្រោយចង្វារ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គេ​សង្កេត​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុង​លេច​រូបរាង​ជា​បន្តបន្ទាប់។ នៅ​ផ្នែក​ខាង​ស្តាំ​នៃ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វារ​ទៅ​ដល់​ព្រែកលៀប មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ច្រើន ខណៈ​ដី​នៅ​ផ្នែក​ឆ្វេង​ជា​ដី​សម្រាប់​អភិវឌ្ឍ​ក្រុង​រណប​ជ្រោយចង្វារ របស់​ក្រុមហ៊ុន OCIC។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​ដី​គិត​ចាប់​តាំងពី​ដើម​ឆ្នាំ​២០១៤ រហូត​មក​ដល់​ខែ​សីហា ឆ្នាំ​២០១៤ ហាក់​មិន​សូវ​មាន​ការ​ប្រែប្រួល​ច្រើន​ទេ ប៉ុន្តែ​ចាប់ពី​ខែ​សីហា ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​នេះ​មាន​ការ​ប្រែប្រួល​ច្រើន។ លោក​បាន​បន្ត​ថា ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​មួយ​ម៉ែត្រការ៉េ​មាន​តម្លៃ​ប្រហែល​២០០០​ដុល្លារ រីឯ​ដី​នៅ​តាម​ផ្លូវ​តូច​អាច​មាន​តម្លៃ​ចាប់ពី​៨០០​ទៅ​ជាង​១០០០​ដុល្លារ ដោយ​អាស្រ័យ​ទៅលើ​ទំហំ​ដី និង​ប្រភេទ​ដី ខណៈ​ដី​មិន​ទាន់​អភិវឌ្ឍ​នៅ​តាម​មាន​តម្លៃ​ចាប់ពី​១០០០-១៧០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​បាន​ថ្លែង​ថា​៖ «តម្លៃ​ខាងលើ​មិន​ទាន់​ចោទ​ជា​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​បើ​ប្រៀបធៀប​ជាមួយ​តម្លៃ​អចលនទ្រព្យ​នៅ​ប្រទេស​ជិត​ខាង គឺ​ប្រទេស​យើង​មាន​តម្លៃ​ទាប​ជាង​គេ​។ ស្ថានភាព​អចលនទ្រព្យ​នៅ​តំបន់​ជ្រោយចង្វារ មាន​ភាព​ល្អ​ប្រសើរ ដោយសារ​ទីនោះ​នៅ​ជិត​មាត់ទន្លេ និង​នៅ​ជិត​ចំណុច​កណ្តាល​នៃ​រាជធានី​ភ្នំពេញ​»។

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ​ជាច្រើន​កំពុង​លេច​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ដែល​មាន​ដូចជា ទីក្រុង​រណប​ជ្រោយចង្វារ របស់​ក្រុមហ៊ុន OCIC ក្រោម​ទុន​វិនិយោគ​ចំនួន​១៦០០​លាន​ដុល្លារ បុរី ឌីមេគង្គ​រ៉ូយ៉ាល់ បុរី រីវើរ ថោន បុរី ប៉េងហួត គម្រោង​អភិវឌ្ឍន៍ The Bay ជាដើម។

លោក ស៊ា ឆៃលីន នាយកប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​និយាយ​ថា ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​តំបន់​ជ្រោយចង្វារ មាន​សកម្មភាព​ច្រើន​កាលពី​ឆ្នាំ​២០១៤ ខណៈ​តម្លៃ​អចលនទ្រព្យ​បាន​កើនឡើង​ចន្លោះ​ពី​២០-២៥​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​មុន ប៉ុន្តែ​ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​ដើម​ឆ្នាំ​២០១៥ នេះ​ហាក់​ដូចជា​មិន​សូវ​មាន​សកម្មភាព​ទេ ហើយ​តម្លៃ​ក៏​មិន​សូវ​ប្រែប្រួល​នោះ​ទេ ព្រោះ​តម្លៃ​កើនឡើង​ខ្ពស់​រួច​ហើយ​។ ការ​កើនឡើង​កាលពី​ឆ្នាំ​២០១៤ កន្លងមក គឺ​ដោយសារ​មាន​តម្រូវការ​ច្រើន ស្រប​ពេល​សេដ្ឋកិច្ច​មាន​រីកចម្រើន និង​ស្ថានភាព​នយោបាយ​ល្អ។

លោក​ប្រាប់​ទៀត​ថា ដី​ក្នុង​តំបន់​ជ្រោយចង្វារ​នៅ​តាម​ផ្លូវជាតិ​លេខ​៦ មាន​តម្លៃ​ចន្លោះ​ពី​១១០០-១៨០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​ទៅ​ដល់​ម្តុំ​សណ្ឋាគារ​សុខា ដី​មាន​តម្លៃ​ចាប់​១១០០-១៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។លោក​បាន​រំពឹង​ទុក​ថា​៖​«តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ជ្រោយចង្វារ​ក្នុង​ឆ្នាំ​២០១៥​នេះ នឹង​បន្ត​កើនឡើង​តិចតួច​ប៉ុណ្ណោះ ព្រោះ​តម្លៃ​អចលនទ្រព្យ​នៅ​ទីនោះ​បាន​កើនឡើង​ច្រើន​រួច​ទៅ​ហើយ​កាលពី​ឆ្នាំ​២០១៤ កន្លងមក​»។
អគ្គនាយក​ក្រុមហ៊ុន​ខាងលើ​បាន​អះអាង​ថា​៖ «ខ្ញុំ​គិត​ថា ជា​ជំហាន​ទី​១​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៥​នេះ ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​តំបន់​នៅ​នេះ​នឹង​បន្ត​កើនឡើង ដោយ​ផ្អែកលើ​កត្តា​មួយ​ចំនួន​ដូច មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ​ជាច្រើន​បាន​និង​កំពុង​ចាប់ផ្តើម​សាងសង់ និង​ស្រប​ពេល​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​នេះ​»។

ទោះបី​ជា​យ៉ាងណា លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បាន​ឲ្យ​ដឹងថា ការ​ទិញ លក់ អចលនទ្រព្យ​នៅ​តំបន់​ជ្រោយចង្វារ​ចាប់​តាំងពី​ដើម​ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​មិន​សូវ​មាន​ភាព​ពុះកញ្ជ្រោល​ទេ បើ​ទោះបី​ជា​មាន​តម្រូវការ​កើនឡើង​ក៏ដោយ​។ ម្ចាស់​អចលនទ្រព្យ​នៅ​តំបន់​ជ្រោយចង្វារ កំពុង​ដំឡើង​ថ្លៃ​អចលនទ្រព្យ​ខ្ពស់​កប់​ពពក ជា​ហេតុ​ធ្វើឲ្យ​អ្នក​ចង់​ទិញ​ភាគ​ច្រើន​ស្ទាក់ស្ទើរ។

លោក​បាន​ព្រមាន​ថា​៖​«ការ​កើនឡើង​ថ្លៃ​ហួស​ប្រមាណ​នា​ពេល​នេះ អាច​បណ្តាល​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ផ្តល់​យោបល់ ឬ​គំនិត​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​មិន​បាន​សិក្សា​ច្បាស់លាស់​អំពី​ការ​ទិញ​លក់ និង​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីផ្សារ ដោយ​គាត់​មិន​បាន​ធ្វើការ​បកស្រាយ និង​វិភាគ​ឲ្យ​បាន​ត្រឹមត្រូវ»។ លោក​បន្ត​ថា​៖​«​តម្លៃ​អចលនទ្រព្យ គេ​អាច​បែងចែក​ចេញ​ជា​៣ ឬ​៤​ប្រភេទ ដូចជា ទី​១ ដី​ប្រភេទ Shophouse ទី​២​ដី​សម្រាប់​សាងសង់​លំនៅឋាន ប៉ុន្តែ​ជា​ប្រភេទ​ដីឡូត៍​ដែល​មាន​ទំហំ​ពី​៥០០​ទៅ​១០០០​ម៉ែត្រការ៉េ ទី​៣ ដី​សម្រាប់​អភិវឌ្ឍ​ដែល​មាន​ទំហំ​ចាប់ពី​កន្លះ​ហិកតា​ឡើង​ទៅ​។ គេ​ត្រូវ​មាន​រូបមន្ត​ច្បាស់លាស់​ដើម្បី​យក​ទៅ​ធ្វើការ​វាយតម្លៃ​»។

លោក​វាយតម្លៃ​ថា អចលនទ្រព្យ​ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ ទៅ​ដល់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន The Mekong Royal មាន​តម្លៃ​ចន្លោះ​ពី​៧០០​ទៅ​ដល់​១០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ចាប់ពី​គម្រោង​អភិវឌ្ឍន៍​លំនោឋាន​នេះ​ទៅ​ដល់​សាលា​ព្រែកលៀប មាន​តម្លៃ​៤០០​ទៅ​៧០០​ដុល្លារ ហើយ​ចាប់​សាលា​ព្រែកលៀប​ទៅ​ដល់​ស្ពាន​លីយ៉ុងផាត់ អាច​ទិញ​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី ២០០​ទៅ​៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ដី​ប្រែប្រួល​អាស្រ័យ​លើ​ប្រភេទ និង​សណ្ឋានដី​។

Urban Voice Cambodia

Urban Voice Cambodia