តម្លៃ​ប្រេង​សាំងនៅ​កម្ពុជា​​ចាប់​ផ្តើម​ចុះបន្តិចទៀត​
Posted On : January, 16, 2015 | By សំឡេងទីក្រុង

ដោយ៖​ http://vodhotnews.com, ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី16 មករា 2015, 07:44 AM

យ៉ាងតិច​ក្រុម​ហ៊ុនប្រេងសាំង​ចំនួន២នៅ​កម្ពុជា បាន​​បញ្ចុះ​តម្លៃ​ប្រេងសាំង​១០០​​ទៅ​២០០រៀលបន្ថែម​ទៀត គឺ​មក​ត្រឹម​តម្លៃ​ចន្លោះ​ពី៤០០០រៀលទៅ​៤១០០រៀល សម្រាប់​សាំង​ធម្មតា ខណៈ​​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​កំពុង​ធ្លាក់​ចុះមក​ក្រោម​៥០ដុល្លារក្នុង​ មួយ​បារ៉ែល(ធុងចំណុះ១៥៩លីត្រ)។

តាមតារាងតម្លៃប្រេងសាំងរបស់​ក្រុម​ហ៊ុន​កាល់​តិច និង​ការ​អះអាង​របស់​បុគ្គលិក​ ឲ្យ​ដឹងថា​តម្លៃ​សាំង​ធម្មតាបាន​ចុះ​ពី៤២៥០រៀលមក​៤១០០រៀល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ចំណែកក្រុម​ហ៊ុន​សូគីមិចវិញ ក៏​បាន​បញ្ចុះ​តម្លៃ​ប្រេងសាំង​ធម្មតាពី​​៤២០០រៀលមក​ត្រឹម៤០០០រៀល។

គួរ​រំឮក​ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីថ្ងៃ​ចន្ទ បាន​បន្ត​អំពាវនាវឲ្យមានការបញ្ចុះតម្លៃប្រេងសាំងបន្ថែមទៀត ឲ្យស្របនឹងទីផ្សារអន្តរជាតិ ដោយលើកឡើងថាក្រុមហ៊ុននៅតែបន្តចំណេញ បើទោះជាមានការចុះថ្លៃបន្តិចបន្តួច។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជូនលិខិតទៅក្រុមហ៊ុន ដោយសុំឲ្យបញ្ចុះតម្លៃប្រេងមកត្រឹម៣៩០០រៀល។ លោកបន្តថាតម្លៃប្រេងសាំងរបស់ក្រុមហ៊ុនក្រៅស្រុកនៅតែខ្ពស់ជាងក្រុមហ៊ុនក្នុងស្រុក។ លោកបញ្ជាក់ថា«ប៉ុន្តែក្នុងស្រុកក៏ដោយក្រៅស្រុកក៏ដោយ សូមមេត្តាពិនិត្យលទ្ធភាពនៃការចុះថ្លៃបន្ត។ចុះថ្លៃបន្ត ព្រោះអាទិញមកស្តុកមុនហ្នឹង ល្មមអស់ហើយ ល្មមអស់ហើយ កុំនៅចំណេញយូរពេក នៅចំណេញយូរពេក ចុះថែមតិចទៀត ចុះថែមតិចទៀត អំពាវនាវឲ្យមានការចុះថ្លៃ»

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោកថាអត្រាពន្ធលើប្រេងសាំងគឺប្រមាណ១០០០រៀលក្នុងមួយលីត្រ ហើយបើកម្ពុជាបញ្ចុះពន្ធនេះមកត្រឹមតែ៥០០រៀលក្នុងមួយលីត្រ និងបញ្ចុះតម្លៃប្រេងសាំងឲ្យស្របទៅនឹងតម្លៃនាំចូលពីបរទេសដែលបានចុះថ្លៃយ៉ាងគំហុក ពេលនោះតម្លៃប្រេងសាំងលក់រាយនៅប្រទេសកម្ពុជានឹងមិនលើសពី៣៥០០រៀលក្នុងមួយលីត្រ។

ទីផ្សារប្រេងសាំងពិភពលោកបានចុះថ្លៃយ៉ាង​គំហុក​ ចាប់តាំងពីខែតុលាឆ្នាំ២០១៤ ហើយ​ មូលហេតុដែលនាំឲ្យប្រេងសាំងចុះថ្លៃយ៉ាងគំហុកនេះត្រូវបានក្រុមហ៊ុនប្រេងសាំងមួយចំនួននៅលើពិភពលោកទទួលស្គាល់ ​ថាមកពីការប្រែប្រួលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក ហើយជាពិសេសគឺអាមេរិកចាប់ផ្ដើមបញ្ចេញ​ប្រេងឆៅដែលបានស្តុកទុកតាំងពីឆ្នាំ២០០៩ ហើយម្យ៉ាងទៀតអាមេរិកចាប់ផ្ដើមផលិតប្រេងរបស់ខ្លួន ដែលទើបរុករកឃើញថ្មីៗនេះ៕

គេហទំព័រ(www.globalpetrolprices.com) បង្ហាញថាតម្លៃសាំងនៅប្រទេសវៀតណាមមានតម្លៃ០,៩៩ដុល្លារ ឡាវ១,២៩ដុល្លារ ថៃ១,២៧ដុល្លារ ហ្វីលីពីន១,០៥ដុល្លារ និងសហរដ្ឋអាមេរិក០,៨២ដុល្លារក្នុងមួយលីត្រ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

Urban Voice Cambodia

Urban Voice Cambodia