តម្លៃ​ដី​​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង​នៅ​ភ្នំពេញ​​១​ម៉ែត្រការ៉េ​ថ្លៃ​​ប៉ុន្មាន​​​?
Posted On : December, 4, 2014 | By សំឡេងទីក្រុង

ដោយ BNEWS, ថ្ងៃទី ៤ ធ្នូ ២០១៤

អគ្គនាយករង​នៃ​ក្រុមហ៊ុន​ Century 21 Vtrust បង្ហើប​ថា តំបន់​​ម្ដុំ​​បឹង​កេងកង​ ខណ្ឌ​៧​មករា​ និង​​ខណ្ឌ​​​ទួលគោក​ គឺ​​ជា​តំបន់​ដែល​មាន​​សក្ដានុពល​​​ខ្លាំង​ជាង​គេ ​ក្នុង​រាជធានី​ភ្នំពេញ ​​សម្រាប់​ការទិញ​លក់​អចលនទ្រព្យ​​មាន​​ ដី ​វិឡា ​និង​ខុនដូ​​​។​

​ទីផ្សារ ​អាផាត​មិន​​ ​​(Apartment) នៅ​រាជធានី​ភ្នំពេញ ​មានការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ ក្នុង​រយៈពេល ​៣​ឆ្នាំ​ចុង​ក្រោយនេះ​ ដែល​ក្នុង​នោះ​អគារ​(Apartment) ប្រមាណ​ ៩២% ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​ម្ចាស់​អចលនទ្រព្យ ​បន្ទាប់ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​ការ​កើន​ឡើង​លើស​ពី​ ​៧%​នៅ​ឆ្នាំ​២០១៤​។

​អគ្គនាយករង​នៃ​ក្រុមហ៊ុន Century 21 Vtrust លោក ច្រឹ​ក សុខ​នី​ម ​ថ្លែង​ប្រាប់​ ​TheBNEWS ថា តំបន់​ដែល​មាន​សក្ដានុពល​សម្រាប់​ការ​វិនិយោគ​​​លើ​វិស័យ​​អចល​ទ្រព្យ ​ដី​ វីឡា ​និង​អគារ​ខុន​ដូ គឺ​តំបន់​​ម្ដុំ​​បឹង​កេងកង ខណ្ឌ ៧​មករា និង ខណ្ឌ ទួលគោក ព្រោះ​ជា​កន្លែង​ប្រជុំជន​ និង​ប្រមូល​ផ្តុំ​ទៅ​ដោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ច្រើន ​ដូច្នេះ​ធ្វើ​ឲ្យ​តម្លៃ​ដី​កើន​ឡើង​ខ្លាំង​។​

​លោក​បន្ត​ថា បើ​និយាយ​ពី​បឹង​កេងកង​វិញ ដី​មានតម្លៃ​ខ្ពស់​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​យើង​បែង​ចែកចេញជា​បី​តំបន់ គឺ​ បឹង​កេងកង​១​ បឹង​កេងកង​២ និង​បឹង​កេងកង​៣ ដែល​តម្លៃ​អាច​មាន​ចន្លោះ​ពី​ ​២២០០-៥០០០​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រការ៉េ។ ចំណែក​ ​នៅ​​តំបន់​​​ខណ្ឌ​៧​មករា តម្លៃ​ចន្លោះ​ពី​​១៧០០-៣០០០​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រការ៉េ និង​នៅ​ខណ្ឌ​ទួលគោក​ ​​មានតម្លៃ​ចន្លោះ​ពី​​ ​១២០០-២២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​​ សម្រាប់​តំបន់​ដែល​មាន​សក្ដានុពល​ពាណិជ្ជកម្ម​មមាញឹក​។​

​​អគ្គនាយករង​រូប​នេះ ​បាន​រៀប​រាប់​បន្ត​​​​ថា ដោយសារ​តម្លៃ​ដី​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​គឺ​តំបន់​ខាង​​លើ​​ ​មានតម្លៃ​ខ្ពស់ ​ទើប​បច្ចុប្បន្ន​គម្រោង​ទិញ​ដី​ដើម្បី​សាងសង់​​វីឡា​ និង​អគារ​ខុនដូ​ហាក់​មានការ​រីកចម្រើន​នៅ​ខាង​ម្ដុំ​ គីឡូម៉ែត្រ​លេខ​ ៦ និង​ម្តុំ​ផ្លូវ​ឯកឧត្ដម​ ជា សុផារ៉ា ដោយសារ​ដី​នៅ​ម្តុំ​នោះ​​​ធូរ​ថ្លៃ​នៅឡើយ​។

លោក នួន រិទ្ធី ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ប៊ុណ្ណា រៀល​ធី គ្រុប ធ្លាប់​បាន​ប្រាប់ TheBNEWS ថា បច្ចុប្បន្ន អគារ​ប្រភេទ​លំនៅ​ស្ថាន​ទីប្រជុំជន ​និង​អគារ​ពាណិជ្ជកម្ម (Residential & commercial Building) មានការ​រីកចម្រើន និង​កើតមាន​ក្នុង​ខណ្ឌ​៤ ក្នុង​ក្រុងភ្នំពេញ រួមមាន​ខណ្ឌ ចំការមន ដូនពេញ ទួលគោក និង​ខណ្ឌ​៧​មករា​។​

​លោក​បន្ត​ថា​ ពាក់ព័ន្ធ​ហ្នឹង​សំណង់​អគារ​ប្រភេទ​អា​ផាត​មិន និង​ខុន​ដូ​នៅ​តំបន់​ផ្សេងៗ​វិញ មិនទាន់មាន​សញ្ញា​ណាមួយ​ឲ្យ​ឃើញ​ការ​រីក​ធំធាត់​ផ្នែក​អគារ ពាណិជ្ជកម្ម​ដូច​ខណ្ឌ​ខាង​លើនេះ​​ទេ​។ ចំពោះ​ខណ្ឌ​សែន​សុខ គម្រោង​ប៊ូ​យ៉ុង​មានតែ​គម្រោង ប៉ុន្តែ​វា​មិន​ទាន់​បាន​ដំណើរការ​ទេ​។​

​ចំពោះ​ទំនោរ​ពាណិជ្ជកម្ម​ផ្នែក​អគារ​ប្រភេទ​នេះ លោក​លើក​ឡើង​ថា​ វា​អាច​ឈាន​ទៅ​ទិសខាងកើត​នៃ​ក្រុងភ្នំពេញ ដោយ​ពាក់ព័ន្ធ​ហ្នឹង​តំបន់​ជ្រោយចង្វា ឬ​តំបន់​លី យ៉ុង​ផាត់ ឬ​អាច​ឆ្លងទៅ​តំបន់​អា​រី​យក្ស​ត្រ ដោយសារ​ស្ថាន​ដី​ងាយស្រួល អភិវឌ្ឍន៍ រៀបចំ​ប្លង់​ក្រុង ឬ​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ផ្សេងៗ​។

​លោក នួន រិទ្ធី ថ្លែង​ថា​៖ « សព្វថ្ងៃនេះ​នៅ​ក្រុងភ្នំពេញ យើង​ឃើញ​ថា ការសាងសង់​ហាក់​ដូច​ជា​ចាល់​ទៅ​ហើយ ដោយសារ​វា​ពាក់ព័ន្ធ​ហ្នឹង ប្រព័ន្ធ​ចរាចរណ៍ លូ​ទឹក និង​ចំណត​។ កត្តា​ទាំង​៣​នេះ​មាន​សារសំខាន់​ណាស់ បើ​ផ្ដុំ​គ្នា​សង់​តែ​តំបន់​តែមួយ វា​នឹង​ក្លាយ​ជា​បញ្ហា ទី​១.​តម្លៃ​មិនបាន​តុល្យភាព​គ្នា​លើ​ផ្នែក​ទីផ្សារ ដោយសារ​តម្លៃ​ផ្ទុះ​តែ​ម្ដុំសាងសង់​ ចំណែក​ម្ដុំ​ផ្សេងទៀត​នៅ​ទ្រឹង​ដដែល​។ បើសិន​រដ្ឋាភិបាល​អាច​កំណត់​បាន​នូវ​តំបន់ (Zone) និង​តម្លៃ​នូវ​កម្រិត​ណាមួយ​មិន​ឲ្យ​លើស​គ្នា មានន័យថា ការអភិវឌ្ឍន៍​អាច​នឹង​រីក​ភាយ​សាយ​លឿន​ទូទាំង​ភ្នំពេញ »៕

Urban Voice Cambodia

Urban Voice Cambodia