តម្លៃ​ដី​នៅ​ក្នុង​ខណ្ឌដង្កោ​ មាន​កំណើន​ទ្វេ​ដង​បន្ទាប់​ពី​ការ​ស្ថាបនា​ផ្លូវ​ជិត​រួច​រាល់
Posted On : May, 28, 2015 | By សំឡេងទីក្រុង

Thu, 28 May 2015, ស៊ីវ ម៉េង, Phnom Penh Post

លោក វេត ដា បាន​សម្តែង​ក្តី​រីក​រាយ​ផង និង​ការ​ខកចិត្ត​ផង​បន្ទាប់​ពី​ដី​របស់​គាត់​បាន​ទ្បើង​ថ្លៃ​ខ្ពស់​នៅ​ដើម​ឆ្នាំ​នេះ និង​ខក​ចិត្ត​ដោយ​សារ​ដី​ដែល​លោក​បាន​លក់​រួច​បាន​ទ្បើង​ថ្លៃ​ជា​បន្ត​ទៀត។

លោក វេត ដា ជា​ពលរដ្ឋ​ម្នាក់​ក្នុង​សង្កាត់​ជើង​ឯក ខណ្ឌដង្កោ សុទ្ឋ​តែ​បាន​ទទួល​ផល​ពី​ការ​ទ្បើង​ថ្លៃ​ដី​នៅ​មូលដ្ឋាន​របស់​លោក ​បន្ទាប់​ពី​សាលាក្រុង​ភ្នំពេញ​ប្រកាស​ស្ថាបនា​ផ្លូវ​លេខ ២១៧ និង​ការ​ស្ថាបនា​មហាវិថី​សម្តេច​តេជោ​ហ៊ុន សែន ដែល​មាន​ទទឹង​ ៦០​ ម៉ែត្រ ​ជា​ផ្លូវ ពុះ​ចំ​កណ្តាល​ក្រុង​រណប ING CITY ជា​ក្រុង​រណប​ដំបូង​គេ​ស្ថិត​នៅ ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ។

លោក បន្ត​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ដី​ទ្បើង​ថ្លៃ​បែប​នេះ ហើយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្ញុំ​ជា​ច្រើន​សុទ្ឋ​តែ​បាន​ទទួល​ផល​ពី​ដី​ទ្បើង​ថ្លៃ​ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ»។

លោក​បន្ត​ថា ៖«ជីវភាព​ប្រជាជន​ទាំង​នោះ​បាន​ និង​កំពុង​ផ្លាស់​ប្តូរ​ហើយ​មុខ​ពួក​គេ​រីក​ដូច​គ្រាប់​ជីរ​អ៊ីចឹង»។

លោក វេត ដា បាន​បន្ត​ឲ្យ​ដឹង​ថា កាល​ពី​អំទ្បុង​ដើម​ឆ្នាំ​នេះ​ ដី​ទ្បូត៍​ទំហំ​ ៤ ​ម៉ែត្រ​គុណ​និង ​១៦ ​ម៉ែត្រ ​សម្រាប់​សាង​សង់​ផ្ទះ​ល្វែង​មាន​តម្លៃ​ត្រឹម​ ៩០០០ ​ដុល្លារ តែ​បច្ចុប្បន្ន​ដី​ទាំង​នោះ​បាន​ទ្បើង​ថ្លៃ​ដល់ ១២ ០០០ ដល់ ១៣ ០០០ ដុល្លារ​ហើយ​មិន​អាច​រក​ទិញ​ដី​បាន​ទៀត​ផង។

ពី​មុន​ដី​ស្រែ​មាន​តម្លៃ​ត្រឹម​ ២៥ ​ទៅ ​៣០ ​ដុល្លារ ឥទ្បូវ​បាន​ទ្បើង​ដល់ ១០០​ ទៅ​ ១៥០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ឯណោះ។

លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អេស្ទេត បាន​ថ្លែង​ឲ្យ​ប៉ុស្តិ៍​អចលនទ្រព្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គា​រថា តម្លៃ​ដី​ធ្លី​នៅ​តំបន់​នោះ​មាន​កំណើន​ទ្វេ​ដង​ចាប់​តាំង​ពី​ពេល​ប្រកាស​កសាង​ផ្លូវ​លេខ​ ២១៧ ឬ​ផ្លូវ​ចម្ការ​ដូង​មក​តែ​តម្លៃ​បច្ចុប្បន្ន​បាន​នៅ​ទ្រឹង​ដោយ​សារ​តម្លៃ​ដី​នៅ​តំបន់​នោះ​បាន​កើន​ទ្បើង​ដល់​ចំណុច​ខ្ពស់​រួច​ទៅ​ហើយ។

លោក​បន្ត​ថា បច្ចុប្បន្ន​តម្លៃ​ដី​ទទឹង​៤​ម៉ែត្រ​បណ្តោយ​ ១៦ ​ទៅ ​២០ ​ម៉ែត្រ ជា​ប្រភេទ​ដី​សម្រាប់​សង់​ផ្ទះ​ល្វែង​មាន​ការ​កើន​ទ្បើង ហើយ​មាន​តម្រូវ​ការ ដោយ​សារ​មាន​អ្នក​មាន​លទ្ធភាព​ទិញ​ច្រើន ចំណែក​ដី​ធំៗ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ចាប់​ពី​កន្លះ​លាន​ដុល្លារ​ទ្បើង​ទៅ​គឺ​ពិបាក​រក​ម៉ូយ​ទិញ​ណាស់។

លោក បន្តថា ៖«ការ​រក​ស៊ី​ខ្លាច​បំផុត​គឺ​អ្នក​លក់​ទ្បើង​តម្លៃ​ដោយ​ខ្លួន​ឯង ហើយ​អ្វី​ដែល​សំខាន់​គឺ​តើ​មាន​អ្នក​ណា​ជា​អ្នក​ទិញ​ដី​ទាំង​នោះ?»។

លោក​បន្ថែម​ថា ៖ «តំបន់​ចម្ការ​ដូង​ស្ថិត​ក្នុង​ខណ្ឌដង្កោ ជា​តំបន់​រោង​ចក្រ ឧស្សាហកម្ម ជា​តំបន់​សម្រាប់​អ្នក​មាន​ជីវភាព​មធ្យម​ចុះ​រស់​នៅ​មិន​មែន​ជា​តំបន់​ដែល​អ្នក​មាន​ពួក​ឧកញ៉ា ឬ​ពួក​អភិជន​រស់​នៅ​នោះ​ទេ»។

លោក គីម ហ៊ាង បាន​ឲ្យ​ដឹង​ថា តម្លៃ​ដី​នៅ​ជាប់​ផ្លូវ​ធំ​ក្នុង​តំបន់​នោះ​មាន​តម្លៃ​ចាប់​ពី​៣០០​ទៅ​៥០០​ដុល្លារ និង​តំបន់​ខាង​ក្នុងៗ​មាន​តម្លៃ​ចន្លោះ​ពី ​៥០ ទៅ ១០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈ​មុន​ប្រកាស​ធ្វើ​ផ្លូវ​ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​ចន្លោះ​ពី​ ៥០ ទៅ​ ៧០​ ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ (ដី​នៅ​ម្តុំ​រោងចក្រ​ស្រាបៀរ​កម្ពុជា)។

លោក វ៉ន ចាន់ថន អគ្គនាយក​ក្រុមហ៊ុន TOWN CITY Real Estate បាន​ថ្លែង​ថា តម្លៃ​ដី​នៅ​តំបន់​នោះ​ពិត​ជា​ទ្បើង​ថ្លៃ​គួរ​សម​ក្នុង​ឆ្នាំ​នេះ​ដោយ​តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ចាប់​ពី​ស្ពាន​ដែក​ដល់​សាលា​កសិកម្ម​ចម្ការ​ដូង​មាន​តម្លៃ​ចាប់​ពី ​៨០០​ ដល់​ ១២០០ ដុល្លារ និង​ចាប់​ពី​សាលា​កសិកម្ម​ដល់​ស្រាបៀរ​កម្ពុជា​មាន​តម្លៃ​ក្នុង​រង្វង់​ ៥០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

លោក​បន្ត​ថា មនុស្ស​ចាប់​ផ្តើម​សម្រុក​នៅ​តំបន់​នោះ​ច្រើន​ដោយ​សារ​មាន​បុរី​ជា​ច្រើន​បាន​សាង​សង់​នៅ​តំបន់​នោះ​ដូច​ជា​បុរី​ពិភពថ្មី បុរី​ចម្ការ​ដូង​ជា​ដើម។

លោក វីរ​ស្ថាបត្យករ និង​វិស្វករ​កម្ពុជា​លោក វណ្ណ មូលី​វណ្ណ ធ្លាប់​បាន​ផ្តល់​អនុសាសន៍ និង​ប្រាប់​ទៅ​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កាល​ពី​ឆ្នាំមុន​ថា រាជធានី​ភ្នំពេញ​គួរ​ពង្រីក​ទៅ​ទិស​ខាង​ត្បូង ដោយ​សារ​ទិស​ខាង​ត្បូង​ជា​តំបន់​ដី​ខ្ពស់ មិន​ប្រឈម​នឹង​ទឹក​ជំនន់ ពិសេស​មាន​ទន្លេបាសាក់​ជា​ប្រព័ន្ឋ​រំដោះ​ទឹក​ចេញ​ពី​តំបន់​នេះ។

ជា​មួយ​នឹង​អនុសាសន៍​នេះ ក្រុមហ៊ុន ING Holding Co, Ltd បាននិង​កំពុង​រៀប​ចំ​សាងសង់​ក្រុង​រណប​ក្នុង​ទំហំ​ជាង​ ២ ០០០ ​ហិកតា​នៅ​តំបន់​នេះ ដោយ​បច្ចប្បន្ន​នេះ​ក្រុមហ៊ុន​បាន និង​កំពុង​សាង​សង់​ផ្លួវ​មេ​ធំៗ​ចំនួន​បី​កាត់​ក្រុង​រណប​នេះ ទី ១ មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន​ទទឹង​៦០​ម៉ែត្រ គឺ​ចាក់​កៅស៊ូ​ទទឹង​៣០​ម៉ែត្រ និង​សួន​និង​ផ្លូវ​ដើរ​សង​ខាង​ទំហំ​១៥​ម៉ែត្រ។

ក្រៅ​ពី​ស្ថាបនា​មហាវិថី​សម្តេច​តេជោ​ហ៊ុន សែន ក្រុង​រណប ING CITY ក៏​បាន និង​កំពុង​ស្ថាបនា​ផ្លូវ​កាត់ ទទឹង ទី២ គឺ​មហាវិថី​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរស​ភោគា​ធិបតី​ហ៊ុន នាង ដែល​មាន​ទទឹង​ទំហំ​ ៣០ ​ម៉ែត្រ ចាក់​កៅស៊ូ​ ១៨​ ម៉ែត្រ និង​គែម​ម្ខាងៗ​ទំហំ ​៦​ ម៉ែត្រ និង​មាន​បណ្តោយ​ប្រវែង ២.៧៤ គី​ទ្បូ​ម៉ែត្រ ហើយ​ផ្លូវ​នេះ​ចេញ​ពី​សង្កាត់​ចាក់​អង្រែ​ក្រោម​ចេញ​ទៅ​ម្តុំ​ស្ថានីយ​បូម ទឹក​បឹង​ទំពុន និង​ទី​ ៣​ ផ្លូវ​កាត់ ទទឹង​ទី ២​ ចេញ​ពី​ភូមិ ព្រែក​តាទ្បុង សង្កាត់​ចាក់​អង្រែ​ក្រោម ចេញ​ទៅ ផ្លូវ​លេខ ២១៧ ​ខាង​ត្បូង​រោងចក្រ​ស្រាបៀរ​កម្ពុជា។

ផ្លូវ​នេះ​មាន​ទំហំ​ទទឹង​ ៥០ ម៉ែត្រ ចាក់​កៅស៊ូ​ ៣០ ម៉ែត្រ និង​គែម​សងខាងម្ខាងៗ ទំហំ ១០ ម៉ែត្រ ផ្លូវ​នេះ​មាន បណ្តោយ​ប្រវែង ៥.៥២ គី​ទ្បូ​ម៉ែត្រ។

លោក មាស វីរីយ៉ា ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន ING Holding Co, Ltd បាន​ថ្លែង​ថា តាម​គម្រោង ការ​សាង​សង់​ផ្លូវ​ទាំង បី​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៧ ខាង​មុខ ព្រោះ​បច្ចុប្បន្ន​មហាវិថី​សម្តេច​តេជោ​ស្ថាបនា​បាន​ ៨០ ​ភាគរយ​ហើយ មហាវិថី​អ្នកឧកញ៉ា​ហ៊ុន នាង​កសាង​សម្រេច​បាន​៥០​ភាគរយ និង​មហាវិថី​កាត់​ទទឹង ​ទី ២ (មិន​ទាន់​ដាក់​ឈ្មោះ) ទើប​ស្ថាបនា​បាន​ ២០ ​ភាគរយ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ផ្លូវ​នេះ​ដើរ​តួ​សំខាន់​ណាស់ ក្នុង​ការ​ភ្ជាប់​ខណ្ឌដង្កោ​កាន់​តែ​កៀក​មក​តំបន់​កណ្តាល​ក្រុង និង​ជួយ​រំលែក​ចរាចរណ៍​ពី​ផ្លូវ​ជាតិ​លេខ​ ២ ​ចូល​មក​រាជធានី​ភ្នំពេញ​កាន់​តែ​ជិត។

លោក​បន្ត​ថា៖ ក្រោយ​ពេល​គម្រោង​ស្ថាបនា​ផ្លូវ​នេះ​បាន ប្រកាស​ដី​នៅ​តាម​តំបន់​ទាំង​នោះ​បាន​ទ្បើង​ថ្លៃ​យ៉ាង​គំហុក តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​មិន​ដឹង​ពី​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​បញ្ហា​នេះ​ទ្បើយ»។

លោក ទ្បុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ការ​ស្ថាបនា​ផ្លូវ​លេខ​ ២១៧ ​ពី​ស្ពាន​ដែក ទៅ​តំបន់​រោងចក្រ​ស្រាបៀរ​កម្ពុជា ដែល​មាន​ប្រវែង៥គី​ទ្បូ​ម៉ែត្រ សម្រេច​បាន​ជាង ​៨០​ ភាគរយ​ហើយ។ តាម​គម្រោង​ការ​ស្ថាបនា​ផ្លូវ​នេះ នឹង​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​នេះ៕

Urban Voice Cambodia

Urban Voice Cambodia