តម្លៃ​ដី​កណ្តាល​ក្រុង​ ស្ថិត​នៅ​ទ្រឹង​ ក្នុង​ឆមាស​ទី ១
Posted On : កក្កដា, 5, 2018 | By សំឡេងទីក្រុង

ភ្នំពេញៈ តម្លៃ​ដី​នៅក្នុង​ខណ្ឌ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​ស្ថិត​នៅ​ទ្រឹង​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០១៨ ដោយសារ​តម្លៃ​ដី​ក្នុង​សង្កាត់​មួយ​ចំនួន​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​រួច​ទៅ​ហើយ។ នេះ​បើតាម​របាយ​ការណ៍​ស្រាវ​ជ្រាវ​ស្តីពី​តម្លៃ​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​ក្រុមហ៊ុន​អចល​នទ្រព្យ ឃី រៀល​អ៊ីស្ទេត។

របាយការណ៍​ស្រាវជ្រាវ​ដែល ភ្នំពេញ​ប៉ុស្តិ៍ ទទួលបាន​កាលពី​ថ្ងៃ​ម្សិលមិញ បង្ហាញថា គិត​ចាប់​ពី​ដើម​ឆ្នាំ ២០១៨ រហូត​ដល់​ដំណាច់​ខែ​មិថុនា តម្លៃ​ដី​នៅ​ក្នុង​ខណ្ឌ​សំខាន់ៗ​ទាំង ៤ ក្នុង​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ពី​កំណើន​តិចតួច បើ​ធៀប​ទៅ​នឹង​ឆមាស​ទី ២ ឆ្នាំ ២០១៧។

ការសិក្សា​ខាងលើ​រកឃើញថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី ១ ដី​ក្នុង​ខណ្ឌចំការមន ស្ថិតក្នុង​តម្លៃ​ចន្លោះ​ពី ១៥០០ ដុល្លារ ទៅ​ដល់ ៩៥០០ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ ខណៈ​ខណ្ឌ​ដូនពេញ មាន​តម្លៃ​ចន្លោះ​ពី ២ ០០០ ដុល្លារ​រហូត​ទៅ​ដល់ ១២០០០ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ ដែល​តម្លៃ​នេះ​ស្ថិត​នៅ​ទ្រឹង បើ​ធៀប​នឹង​ឆមាស​ទី ២ ឆ្នាំ ២០១៧។

បើទោះជា​យ៉ាងនេះ​ក្តី ខណ្ឌ​ចំនួន ២ ផ្សេងទៀត​បានបង្ហាញ​ពី​កំណើន​តិចតួច ក្នុងនោះ​ដី​នៅក្នុង​ខណ្ឌ ៧ មករា មាន​តម្លៃ​ចន្លោះ​ពី ២២០០ ដុល្លារ ដល់ ៧៥០០ ដុល្លារ ក្នុង ១ ម៉ែត្រ​ការ៉េ ខណៈ​តម្លៃ​ដី​នៅ​ក្នុង​ខណ្ឌ​ទួលគោក​ក្នុង​អំឡុង​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី ១៧០០ ដុល្លារ​ទៅ​ដល់ ៥០០០ ដុល្លារ ដែល​កើន​ឡើង​ចន្លោះ​ពី ៥ ទៅ ១០ ភាគរយ បើ​ធៀប​នឹង​ ៦ ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៧។

លោក សន សៀ​ប ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន ឃី រៀល​អ៊ីស្ទេត បាន​ឲ្យ​ដឹងថា ខណ្ឌ​ទួលគោក នៅ​មាន​ចន្លោះ​ច្រើន​សម្រាប់​កំណើន​បើ​ធៀប​នឹង​ខណ្ឌ​សក្តានុពល​ផ្សេងៗ​ទៀត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។

លោក​បញ្ជាក់ថា៖ «នៅក្នុង​ចំណោម​ខណ្ឌ​ទាំង ៤ ទួលគោក​គឺជា​កន្លែង​ដែលមាន​កំណើន​តម្លៃ​ដី​ខ្ពស់​ជាង​គេ ដោយសារ​តំបន់​បឹងកក់ ពោង​ពាយ ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុង​សាង​សង់»។

ទោះ​យ៉ាងនេះ​ក្តី លោក សន សៀ​ប អះអាងថា បើ​គិតពី​តម្លៃ​ដី​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល គឺ​មាន​ការ​កើន​ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​ជាយ​ក្រុង។

លោក សៀ​ប ថ្លែងថា ទោះបីជា​ឆ្នាំនេះ​កម្ពុជា​ត្រូវ​រៀបចំ ការបោះឆ្នោត​ក៏ដោយ​ក៏​សកម្មភាព​ទិញ​លក់​ដី​ក្នុង​ឆមាស​ទី ១ ឆ្នាំ​នេះ​មិន​មាន​ការ​ប្រែ​ប្រួល​ទេ ដោយ​រក្សា​បាន​ភាព​ទ្រឹង ខណៈ​លោក​មាន​សុទិដ្ឋិ​និយម​សម្រាប់​ឆមាស​ទី ២ ឆ្នាំ​នេះ។

លោក​បន្តថា៖ «តម្លៃ​ដី​នឹង​កើនឡើង​បន្ថែមទៀត ប៉ុន្តែ​មិន​ច្រើន​នោះទេ ព្រោះ​អ្នកវិនិយោគ​ភាគច្រើន​នឹង​រង់ចាំ​មើល​ពី​គោល​នយោបាយ​ថ្មីៗ​របស់​រដ្ឋាភិបាល​ជា​មុន​សិន»។

លោក វ៉ន ចាន់ថន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ថោន ស៊ីធី បាន​ឲ្យ​ដឹងថា ភាព​នៅ​ទ្រឹង និង​ការ​កើន​ឡើង​តិច​តួច អាច​ដោយសារ​កត្តា​ចម្បង ២ គឺ​តម្លៃ​បាន​ឡើង​ដល់​ចំណុច​ខ្ពស់​រួច​ទៅ​ហើយ និង​មួយ​ទៀត​ទីតាំង​ដី​ល្អ​សម្រាប់​ការ​ជួញ​ដូរ​ក៏​មិន​សូវ​សម្បូរ​ផង​ដែរ។

លោក​និយាយថា៖ «តម្លៃ​ដី​កណ្តាល​ក្រុង​កើន​តិច​ណាស់ ហើយ​ការទិញ​លក់ ក៏​មិន​សូវ​មាន​ច្រើន​នោះ​ទេ ខុស​ពី​នៅ​តំបន់​ជាយ​ក្រុង​ដែល​មាន​ភាព​មមាញឹក​ខ្លាំង​នា​ពេល​នេះ»។

លោក មាស វិចិត្រ ជា​ឈ្មួញ​ដីធ្លី​ក្រៅផ្លូវការ ១ រូប បាន​ប្រាប់ថា ក្នុង​ឆ្នាំ ២០១៨ នេះ​លោក​សង្កេត​ឃើញ​ថា សកម្មភាព​នៃ​ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ ដោយ​មិន​ដូច​កាល​ពី​ពេល​បោះ​ឆ្នោត​ឆ្នាំ ២០១៣ នោះ​ទេ។

លោក​ថ្លែងថា៖ «ខ្ញុំ​គិតថា​តម្លៃ​ដី​ក្នុង​ក្រុង​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មិនបាន​ប្រែប្រួល​នោះទេ តែ​ការ​ទិញ​លក់​ក៏​មិន​សូវ​មាន​ច្រើន​ដែរ»។

បច្ចុប្បន្ននេះ​តម្រូវការ​ដី​នៅ​ចំណុចកណ្តាល​ក្រុង​ភាគច្រើន គឺ​សម្រាប់​ការសាងសង់​គម្រោង​ធំៗ​ដូចជា ខុនដូ អាផាតមិន ការិយាល័យ សណ្ឋាគារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!