capture

ដំណោះស្រាយ​នៃ​ការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​…

លិខិមិត្តអ្នកអាន ណាង សំណេរ អ្នកភ្នំពេញ 

ខ្ញុំជាអ្នកទីក្រុងតាំងពីក្រោយការដួលរលំនៃរបបប៉ុលពត។ ខ្ញុំនិយាយថា ខ្ញុំជាអ្នកទីក្រុងនេះ មិនមែនមានន័យថា ខ្ញុំអួតប្រាប់គេឯងថា ខ្ញុំជាអ្នកទីក្រុងនោះទេ។ តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះ គឺទាក់ទងទៅនឹងការសង្កេតរបស់ខ្ញុំចំពោះស្ថានភាពចរាចរណ៍នៅទីក្រុងភ្នំពេញតាំងពីខ្ញុំមករស់ទីក្រុងភ្នំពេញតាំងពីឆ្នាំ១៩៨០ដោយប្រៀបធៀបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។

មិនចាំបាច់និយាយបកក្រោយរហូតដល់ឆ្នាំ១៩៨០ឡើយ។ គ្រាន់តែគិតត្រឹមឆ្នាំ២០០០មក ចរាចរណ៍នៅទីក្រុងភ្នំពេញក៏មិនទាន់ស្មុគស្មាញខ្លាំងណាស់ណាប៉ុន្មានឡើយ។ លំបាក ហើយស្មុគស្មាញ និងវេទនាដោះស្រាយនោះ គឺវាទើបកើតឡើងប្រហែលជា៤ ឬ៥ឆ្នាំចុងក្រោយនេះទេ។ ការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននេះ បណ្តាលមកពីកត្តាមួយចំនួន ក្នុងនោះ មាន៖ កំណើនពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ, កំណើនយានជំនិះ, ការបើកបរមិនគោរពច្បាប់, ផ្លូវលំមួយចំនួននៅទីក្រុងត្រូវបន្តខ្ទប់ដោយសំណង់ខុសច្បាប់, ផ្លូវលំមួយចំនួននៅមានគ្រលុក, ការចតរថយន្តពេញគែមផ្លូវ។ល។

តើម៉ោងណាជាម៉ោងដែលស្ទះចរាចរណ៍ខ្លាំងបំផុត?

តាមការសង្កេតរបស់ខ្ញុំ ម៉ោងដែលកកស្ទះខ្លាំងជាងគេពីថ្ងៃចន្ទដល់ថ្ងៃសុក្រ គឺម៉ោង៧ព្រឹក ម៉ោងជាង១១ ថ្ងៃត្រង់ និងក្នុងរង្វង់ម៉ោង ៥ល្ងាច។ មូលហេតុ គឺដោយសារ អ្នករាជការ, អ្នកធ្វើការក្រុមហ៊ុន, អ្នករកស៊ីចេញពីផ្សារ និង កូនសិស្ស-និសិត្សចេញពីសាលា។ ចំណែកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យវិញ ពេលព្រឹក និងពេលថ្ងៃ មិនសូវកកស្ទះទេ។ រីឯពេលល្ងាចនៅស្ទះដដែល តែចាប់ពីម៉ោង៦ល្ងាចតទៅ ពីព្រោះ វាជាពេលវេលាដែលអ្នកក្រុងភ្នំពេញចេញពីផ្ទះដើម្បីធ្វើដំណើរកម្តាន្ត។

តើអ្វីទៅជាផលលំបាកនៃការកកស្ទះចរាចរណ៍?

តួលេខមួយចំនួនប៉ាន់ស្មានថា កម្ពុជាត្រូវចំណាយលុយអស់ច្រើនលានដុល្លារក្នុងមួយឆ្នាំដោយសារតែការចំណាយលើថ្លៃសាំង។ នេះ គេនៅមិនទាន់គិតពីការខាតពេលវេលាផង ហើយពេលវេលា បើគិតជាប្រាក់វិញ ក៏មិនតិចដែរ។ អ្នកខ្លះស្ថិតនៅលើដងផ្លូវពី៤ទៅម៉ោងក្នុងមួយថ្ងៃដោយសារកកស្ទះចរារចរណ៍ រីឯ ម៉ោងធ្វើការមានតែ៨ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ។ ការកកស្ទះមិនត្រឹមតែធ្វើឲ្យខាតបង់ពេលវេលា និងប្រាក់កាសប៉ុណ្ណោះទេ។ តែកការកកស្ទះនេះ បើតាមខ្ញុំធ្លាប់លឺអ្នកជំនាញនិយាយ គឺវាបង្កឲ្យកើតជំងឺផ្លូវចិត្តថែមទៀតផង។

តើអ្វីទៅជាដំណោះស្រាយ?

ខ្ញុំពុំមានគំនិតច្រើនទេ ក្នុងការដោះស្រាយរឿងនេះ។ កន្លងមក រដ្ឋាភិបាលបានដាក់ឲ្យដំណើរការរថយន្តក្រុង, ពង្រីកផ្លូវក្រវ៉ាត់ក្រុង, សាងសង់ស្ពានអាកាស, ជួសជុលផ្លូវក្នុងក្រុង, និងចុងក្រោយនេះ រដ្ឋាភិបាលគ្រោងដាក់ឲ្យដំណើរការកប៉ាល់ទឹកដើម្បីរំដោះចរាចរណ៍បន្ថែមទៀតផង។ បើទោះបីមាននយោបាយខាងលើនេះ ក៏ដោយ ក៏ស្ថានភាពចរាចរណ៍នៅទីក្រុងភ្នំពេញមិនទាន់ធូរស្រាលនៅឡើយ ទេ។ បើតាមយោបល់ខ្ញុំ បន្ថែមពីលើយុទ្ធសាស្ត្ររដ្ឋាភិបាល, រដ្ឋាភិបាល គួរចាប់ផ្តើមបណ្តុះគំនិតឲ្យមនុស្សនាំគ្នាជិះកង់ ជិះម៉ូតូជំនួសឲ្យការជិះឡានធំៗតែម្នាក់ឯង។ ស្របពេលជាមួយគ្នា រដ្ឋាភិបាលត្រូវតែបង្កើនសេវារថយន្តក្រុងបន្ថែមទៀត។ មធ្យោបាយមួយទៀតដែលត្រូវចាត់វិធានការជាបន្ទាន់ដែរនោះ  គឺពិន័យអ្នកបើកបរមិនគោរពច្បាប់ដែលបង្កការកកស្ទះចរាចរណ៍។ ម្យ៉ាងទៀត អាជ្ញាធរត្រូវចាត់វិធានការហាមឃាត់ការចតរថយន្តនៅតាមគែមផ្លូវ។ នៅក្នុងប្រទេសមួយចំនួន អ្នកបើកបរមិនអាចចតរថយន្តនៅលើគែមផ្លូវមួយថ្ងៃពេញបានទេ។ បើចតត្រូវតែបង់លុយ។

លើសពីនេះទៅទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ខ្លាំងពេក  នៅក្នុងប្រទេសខ្លះ គេបង្កើតច្បាប់ហាមឃាត់ពលរដ្ឋកុំឲ្យប្រើប្រាស់រថយន្តមួយថ្ងៃក្នុងមួយសប្តាហ៍សម្រាប់មនុស្សមា្នក់ដែលមានរថយន្ត។ តើគេអាចធ្វើបានឬទេនៅកម្ពុជា? តើគេអាចជំរុញការជិះកង់ និងម៉ូតូបានឬទេ? នេះ គឺជាសំណួរដែលអ្នកទាំងអស់គ្នាត្រូវពិចារណា ពោលគឺមិនត្រូវទុកឲ្យខ្ញុំគិតតែម្នាក់នោះទេ៕

ប្រភព៖ Thmey Thmey

 

Leave a Reply