រូប​ភាព​បិទ​បាំង​ពី​ខាង​ក្រៅ​នៃ​ដីឡូត៍​កំពុង​សាង​សង់​សំណង់​អ្វី​មួយ។ រូបថត សហការី

ដំណើរការ​សាងសង់​អាគារ​លើ​ដី​របស់​រ៉ូយ៉ាល់​គ្រុប​កំពុង​បោះពួយ​ទៅ​មុខ​យ៉ាង​លឿន

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

មិនយូរប៉ុន្មានក្រោយពីហ៊ុមព័ទ្ធរបងដីឡូត៍ធំ មួយកន្លែងខាងក្រោយ អាគាររ៉ូសខុនដូ នៅបណ្តោយផ្លូវសុធារសនោះ គ្រោងឆ្អឹងអាគារមួយដែលទើបនឹងចាប់ផ្តើមសាងសង់កាលពីមួយខែមុននោះបានលេចចេញជារូបរាងហើយ។

កម្មករសំណង់សុំមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ប៉ុស្តិ៍អចលនទ្រព្យ កាលពីដើមសប្តាហ៍នេះថា ៖ «ខ្ញុំអត់ដឹងថា គេសង់អ្វីដែរ ប៉ុន្តែខ្ញុំគិតថាជាខុនដូ»។ គាត់បន្ថែមទៀតថា ៖ «អគារហ្នឹង អាចមានកម្ពស់ខ្ពស់ជាងនេះ ប៉ុន្តែបើតាមការណែនាំពីថ្នាក់លើ យើងសង់តែត្រឹមកម្ពស់នេះសិន»។

ការបោសសម្អាតនិងចាក់ដីបានចាប់ផ្តើមកាលពីដើមខែមីនា ក្រោយពីហ៊ុមព័ទ្ធរបងស័ង្កសី ដើម្បី បិទបាំងដំណើរការសាងសង់ពីសំណាក់សាធារណជន។ ចាប់តាំងពីដើមខែតុលាមក អគារនេះត្រូវបានបុកគ្រឹះ ហើយបានសាងសង់ចេញជារូបរាងយ៉ាងឆាប់រហ័សដោយមានកម្ពស់ដល់ទៅ៦ជាន់ ក្នុងរយៈពេលត្រឹមតែ១ខែ។

បើយោងតាមរបាយការណ៍មុនដែលថា ដីនេះជាដីរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនោះក្រុមហ៊ុននេះមិនទាន់បញ្ជាក់ច្បាស់ថា ជាដីរបស់ពួកគេឬយ៉ាងណានោះទេ?

«ខ្ញុំគិតថា កម្មករផ្សេងៗទៀតក៏អត់ដឹងថា គេកំពុងធ្វើអី្វដែរ ព្រោះយើងនៅទីនេះដឹងតែពីធ្វើការតាមតែគេប្រាប់មក ហើយពិបាកស្តាប់គ្នាជាមួយជនជាតិចិនទៀតផង(កម្មករ និងអ្នកគ្រប់គ្រង)» កម្មករដដែលបាននិយាយ បន្ថែមថា ពួកគេយល់ពីការងារត្រូវធ្វើតាមរយៈកាយវិកា។

ប៉ុន្តែអ្នកបកប្រែនៅក្នុងការដ្ឋានសម្រាប់ជនជាតិចិន និងខ្មែរបានថ្លែង ថា ៖ «អាគារនេះមិនមែនជាខុនដូ ទេ។ គេធ្វើជាផ្សារដែលជាន់នីមួយៗលក់ផលិតផលខុសៗគ្នា»។

អ្នកបកប្រែដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានថ្លែងថា អគារនេះអាចនឹងសង់ចប់រួចរាល់ក្នុងខែមីនាឆ្នាំ២០១៧។

នៅពេលសួរថា តើគេនឹងធ្វើតែអគារនេះតែមួយឬយ៉ាងណានោះ? អ្នកបកប្រែរូបនេះថ្លែងបន្តថា៖ «គេនឹងធ្វើអាគារអាផាតម៉ិនមួយទៀតខាងក្រោយអាគារនេះ ហើយនឹងចាប់ផ្តើមបើកឲ្យមានការកក់នៅចុងឆ្នាំនេះ»។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ៖ «ខ្ញុំអត់ដឹងអំពីអគារនេះទេ តែអាចទៅសួរខាងសំណង់បាន។ គេអាចនឹងដឹងពីរឿងនេះ»។

លោក គឹម ហ៊ាង ប្រធានសមាគម និងភ្នាក់ងារវាយតម្លៃអចលនទ្រព្យកម្ពុជា បានថ្លែងថា លោកពុំបានដឹងថានរណាជាម្ចាស់កម្មសិទ្ធិគម្រោងនេះនោះទេ ហើយក៏ពុំបានដឹងអំពីព័ត៌មានលម្អិតរបស់គម្រោងនេះដែរ៕

Leave a Reply