ដើម្បី​សុវត្ថិភាព​ម្ចាស់​ផ្ទះ​ និង​ខុនដូ​ជួល​ស្នាក់​នៅ ​​ចាំបាច់​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ដែនដី
Posted On : កុម្ភៈ, 8, 2017 | By Vantha

«បីមិនមួយរាយការណ៍!» គឺជាការប្តេជ្ញាចិត្តអនុវត្តពាក្យស្លោកនេះដើម្បីសុវត្ថិភាពជូនប្រជាជន និងប្រទេសជាតិកាលពីរបបកុម្មុយនីស្តសាធារណរដ្ឋប្រជាមានិតកម្ពុជានៅទសវត្សរ៍ឆ្នាំ ៨០ ដែលសង្គ្រាមនៅតាមព្រំដែនជាមួយនឹងពួកឧទ្ទាមខ្មែរក្រហម ម៉ូលីណាកា និងសេរីការ។

ពាក្យស្លោកនេះមានន័យថា៖ «បីមិនគឺ ទី ១.មិនលាក់ខ្មាំង ទី២.មិនផ្តល់ស្បៀងឲ្យខ្មាំង ទី៣.មិនជឿឃោសនាខ្មាំង។ រីឯមួយរាយការណ៍គឺឃើញខ្មាំងនៅទីណា ឬក៏អ្នកថ្មីមកស្នាក់នៅបណ្តោះអាសន្នត្រូវរាយការណ៍ជូនរដ្ឋ»។

កាលនោះការអនុវត្តសុវត្ថិភាពសង្គមបានល្អដោយសារមានបម្រាមគោចរម៉ោង ៨:៣០ យប់បិទចរាចរណ៍ទូទាំងប្រទេស បើធ្វើការប្រៀបធៀបការអនុវត្តសុវត្ថិភាព «បីមិនមួយរាយការណ៍!» ជាមួយនឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព!» បច្ចុប្បន្នដែលដេកដើរហើរម៉ោងប៉ុន្មានក៏បានដែរនោះ គឺការអនុវត្តភូមិឃុំមានសុវត្ថិភាពយ៉ាប់ជាងឆ្ងាយណាស់។

ដោយសារតែស្ថានភាពខុសគ្នា ហើយអាជ្ញាធរដែនដីក្តាប់ស្ថានការណ៍មិនបានណែនល្អ ជាពិសេសគឺការខ្វះខាតការចូលរួមពីប្រជាពលរដ្ឋដែលធ្វើសកម្មភាពជួលផ្ទះស្នាក់នៅ និងជួលខុនដូស្នាក់នៅមិនបានរាយការណ៍អ្នកមកជួលទីកន្លែងស្នាក់នៅនោះជូនអាជ្ញាធរដែនដីហើយការចោទប្រកាន់ទៅលើភាពទន់ខ្សោយរបស់អាជ្ញាធរដែនដីចំពោះបញ្ហាសុវត្ថិភាពដែលកើតមានជារឿយៗ។

តែសំណួរសួរថា តើម្ចាស់ផ្ទះ ជួលផ្ទះ និងខុនដូជួលស្នាក់នៅដែលមានតម្លាភាពក្នុងការរាយការណ៍ប្រភេទមនុស្សមកស្នាក់នៅជូនសមត្ថកិច្ចហើយឬនៅ? នៅពេលដែលជួលផ្ទះក៏ដូចជាខុនដូទៅភ្ញៀវនោះ។

សព្វថ្ងៃនេះជាទូទៅមានភាពរញ៉េរញ៉ៃពេលខ្លះក៏ឈ្លោះគ្នារវាងភ្ញៀវជួលផ្ទះ និងម្ចាស់ផ្ទះ ឬក៏ភ្ញៀវជួលខុនដូ និងម្ចាស់ខុនដូតែមិនហ៊ានទៅប្តឹងនឹងអាជ្ញាធរដែនដីព្រោះដៃគូទំនាស់នឹងគ្នាចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ឬកិច្ចសន្យាផ្ទាល់មាត់តែមិនហ៊ានឲ្យអាជ្ញាធរដឹងឮទេព្រោះខ្លាចបែកទ្រព្យកំពុងតែកាក់កបប្រមូលលុយបានរៀងរាល់ខែផងនោះ។

តែនៅពេលដែលមានបញ្ហាកើតឡើងដូចជាអ្នកជួលផ្ទះ ឬក៏ខុនដូនោះជាជនល្មើសប្រើប្រាស់គ្រឿងញៀន ជួញដូរគ្រឿងញៀន ចោរលួច ចោរប្លន់ ឬក៏ឃាតករហើយត្រូវសមត្ថកិច្ចស៊ើបអង្កេតឈានដល់ការចាប់ខ្លួនជនល្មើសទាំងនៅក្នុងផ្ទះ ឬក៏មានការប្រមូលភ័ស្តុតាងនៅក្នុងផ្ទះ ឬក៏បន្ទប់ជួលខុនដូនោះគឺសមត្ថកិច្ចចាប់ផ្តើមធ្វើក ម្ចាស់ផ្ទះវិញម្តងហើយព្រោះកិច្ចសន្យាជួលផ្ទះ ឬក៏បន្ទប់ខុនដូនោះគឺតែពីរភាគីនោះទេ អាជ្ញាធរដែនដីមិនបានដឹងឮទេ។ អ៊ីចឹងជនល្មើសធ្វើសកម្មភាពនៅក្នុងផ្ទះហ្នឹង ឬក៏ខុនដូហ្នឹង អាជ្ញាធរមានសិទ្ធិបិទមួយរយៈមិនឲ្យចូលរស់នៅ ឬក៏លក់នោះទេចាំរហូតដល់ពេលកំណត់ណាមួយពាក់ព័ន្ធសាលក្រមតុលាការដែលអាចតដល់តុលាការកំពូលទៀតក៏ថាបានដល់ចប់សព្វគ្រប់ដោយយកលេសថាផ្ទះនេះ ឬក៏ខុនដូនេះជាប់ពាក់ព័ន្ធទៅនឹងបទល្មើសជាក់ស្តែង។ អ៊ីចឹងករណីនេះម្ចាស់ផ្ទះជួល ឬក៏ម្ចាស់ខុនដូ ខាតទាំងចុង ខាតទាំងដើម។

ឧទាហរណ៍ដូចករណីថ្មីៗនេះនៅខណ្ឌឫស្សីកែវ ស្ត្រីដែលជាម្ចាស់ផ្ទះបានជួលទៅឲ្យ ២ នាក់ប្តី-ប្រពន្ធរស់នៅ តែមានកិច្ចសន្យាត្រឹមពីរភាគីអ្នកជួល និងម្ចាស់ផ្ទះទេមិនបានដាក់ពាក្យសុំទៅអាជ្ញាធរដែនដីដឹងឮនោះឡើយដោយសារខ្លាចអស់លុយបែកទ្រព្យទៅអាជ្ញាធរចាំតែយកលុយប្រចាំខែស្រាប់នោះ។

នៅពេលដែលសមត្ថកិច្ចសហការជាមួយនឹងអាជ្ញាធរដែនដីចាប់ ២ នាក់ប្តី-ប្រពន្ធដែលជាអ្នកជួលផ្ទះនោះជាជនល្មើសដែលបានជួញដូរគ្រឿងញៀនគឺសមត្ថកិច្ចប្រមូលទ្រព្យរបស់របរម្ចាស់ផ្ទះស្ត្រីធ្វើជាភ័ស្តុតាង តាំងពីទូទឹកកក តុ កៅអី និងឯកសារពាក់ព័ន្ធពោលគឺប្រមូលទាំងអស់ហើយព្រះរាជអាជ្ញាយកដីកាមកបិទមុខផ្ទះស្ត្រីនោះគឺមិនអនុញ្ញាតឲ្យចូលនៅ ជួល និងលក់ផ្ទះទៅឲ្យអ្នកដទៃ។

ករណីមួយទៀតនោះដែលខ្ញុំធ្លាប់ជួយរត់ឯកសារឲ្យមិត្តភក្តិដែលជាជនបរទេសធ្លាប់ធ្វើការនៅស្រុកខ្មែរ និងរស់នៅខណ្ឌដូនពេញ ម្ចាស់ផ្ទះជួលផ្ទះទៅឲ្យជនបរទេស ២ នាក់គូសង្សារនឹងគ្នានៅក្នុងកិច្ចសន្យាជួលផ្ទះតែពីរភាគីទេគឺអ្នកជួល និងម្ចាស់ផ្ទះមិនបានបំពេញសំណុំឯកសារបែបបទរបស់អាជ្ញាធរសង្កាត់ទេ។ តែដល់ពេល ២ នាក់សង្សារនោះចង់ធ្វើការរៀបការនៅប្រទេសគាត់តែអាជ្ញាធរនៅស្រុកគេនោះតម្រូវឲ្យ ២ នាក់នោះបង្ហាញលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ដែលខ្លួនស្នាក់នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងទម្រង់សំណុំបែបបទក្នុងលិខិតថ្កោលទោសនោះតម្រូវឲ្យមានការចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរដែនដីដែលខ្លួនបានស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលមកដល់ចៅសង្កាត់ផ្សារចាស់ គាត់ថាមិនទទួលស្គាល់ទេព្រោះនៅក្នុងកិច្ចសន្យាជួលផ្ទះនោះពុំមានឈ្មោះគាត់ទទួលស្គាល់ផង។

បន្ទាប់មកដំណោះស្រាយចៅសង្កាត់ជួយសម្រួលបានតែម្ចាស់ផ្ទះត្រូវបំពេញកិច្ចសន្យាទទួលខុសត្រូវមួយសន្លឹក និងពិន័យបន្ថែមលើតម្លៃដែលត្រូវបង់ឲ្យសេវាសាធារណៈហើយលោកចៅសង្កាត់ធ្វើការព្រមានជាលាយលក្ខណ៍អក្សរមិនអនុញ្ញាតឲ្យកើតមានជាលើកទី ២ ទៀតទេ និងមានការស្តីបន្ទោសទៅម្ចាស់ផ្ទះ ហេតុអ្វីបានជាដឹងពីច្បាប់ជួលផ្ទះឲ្យជនបរទេសហើយមិនរាយការណ៍មកអាជ្ញាធរ និងធ្វើការបំពេញសំណុំបែបបទទៅតាមលក្ខខណ្ឌនៃការអនុញ្ញាតឲ្យជួលនោះ? ហើយធ្វើឲ្យស្ទះដំណើរការសុំលិខិតថ្កោលទោសរបស់ជនបរទេសទៀតផង។

លោកបន្តព្រមានទៅម្ចាស់ផ្ទះទៀតថា បើជនបរទេស ២ នាក់ហ្នឹងប្រព្រឹត្តបទល្មើសពាក់ព័ន្ធទៅនឹងផ្ទះនេះគឺផ្ទះនេះក៏ជាប់ពាក់ព័ន្ធដែរ។

កាលពីមុនប៉ូលិស និងប៉េអឹមមានការត្អូញត្អែរមានការលំបាកពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតជនល្មើសទាំងខ្មែរទាំងបរទេសទៅលើការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដែលចែកស៊ីមកាតឲ្យដោយមិនបានបំពេញសំណុំបែបបទអត្តសញ្ញាណរបស់អ្នកប្រើប្រាស់នោះ។

ឥឡូវចូលដល់បញ្ហាស្មុគស្មាញទៅលើការជួលផ្ទះ ឬខុនដូដែលម្ចាស់មិនបានរាយការណ៍ និងបំពេញសំណុំបែបបទនៃការជួលស្នាក់នៅទៅអាជ្ញាធរនៅពេលដែលបទឧក្រិដ្ឋកើតឡើងមានការលំបាកស្រាវជ្រាវអំពីអត្តសញ្ញាណរបស់ជនល្មើសទាំងខ្មែរ ទាំងបរទេសដែលអាចស៊ីពេលយូរក្នុងស៊ើបអង្កេត ឬក៏ជាការផ្តល់ឱកាសឲ្យជនល្មើសទាំងនោះធ្វើសកម្មភាពបទល្មើសផ្សេងទៀត។

បើនៅប្រទេសថៃវិញគឺគេស្រង់ទិន្នន័យពីប៉ាស្ព័រពីភ្ញៀវជនបរទេសទាំងអស់ និងនៅប្រទេសវៀតណាមវិញ យប់ឡើងគឺប៉ូលិសដើរប្រមូលប៉ាស្ព័រយកទុកបាត់ ព្រលឹមឡើងបានឲ្យវិញ។

ហេតុដូច្នេះការបំពេញសំណុំឯកសារទៅតាមច្បាប់នៅសង្កាត់ ឬនៅខណ្ឌទៅតាមទំហំដែលបានកំណត់គឺមានសារៈសំខាន់ណាស់ទាំងម្ចាស់ផ្ទះជួល និងខុនដូជួលគឺមិនត្រឹមតែចុះកិច្ចសន្យាភាគីទាំង ២ រវាងម្ចាស់ផ្ទះ និងអ្នកជួលនោះទេក៏មានការដឹងឮពីអាជ្ញាធរផងដែរ តម្រូវកំណត់លក្ខខណ្ឌឲ្យបានច្បាស់នៅក្នុងកិច្ចសន្យាជួលនោះដែលមិនពាក់ព័ន្ធបទល្មើសណាមួយជាមួយនឹងផ្ទះ ឬក៏ខុនដូ និងអ្នកជួលដែលជាអ្នកប្រព្រឹត្តបទល្មើសនោះ។

បើមានបញ្ហាកើតឡើងអាជ្ញាធរអាចចូលរួមដោះស្រាយបាន និងជាការបង្ហាញការចូលរួមអន្តរាគមន៍ដើម្បីសុវត្ថិភាពសង្គមទាំងអស់គ្នាហើយក៏បង្កភាពងាយស្រួលដល់ជនបរទេសផងដែរក្នុងការតម្រូវការឯកសារយោងជួយសម្រួលក្នុងការរត់ឯកសារផ្សេងផងដែរ។ ជាជាងចាំតែបន្ទោសគ្នាទៅវិញទៅមករវាងអ្នកអនុវត្តច្បាប់ និងអ្នកគោរពច្បាប់យកត្រូវរៀងៗខ្លួននោះ៕

ប្រភព៖ postkhmer

សំឡេងទីក្រុង!

សំឡេងទីក្រុង!