ដី​បណ្ដោយ​មាត់ទន្លេ ត្រូវ​ជួល​ឲ្យ​ក្រុមហ៊ុន​ចិន ៥០​ឆ្នាំ ធ្វើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម
Posted On : កក្កដា, 26, 2018 | By សំឡេងទីក្រុង

​ភ្នំពេញ​៖ ដី​តាម​បណ្ដោយ​មាត់ទន្លេ​ពី​ស្ពាន​ជ្រោយចង្វារ​ដល់​ផ្សារ​រាត្រី ដែល​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ត្រូវបាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ក្នុងតម្លៃ ១៦,៥ លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៥០​ឆ្នាំ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ នៅ​ថ្ងៃទី​១៩​ខែកក្កដា​។

​ដី​នេះ ត្រូវបាន​ជួល​ឲ្យ​ទៅ​ក្រុមហ៊ុន Chean Chhoeng Thai Group ជា​បុត្រ​សម្ព័ន្ធ​របស់ Yuetai Group ដែលជា​ក្រុមហ៊ុន​ចិន ដែលមាន​គម្រោង​ជាច្រើន​នៅ​កម្ពុជា​។ កិច្ចសន្យាជួល​ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំនេះ ហើយ​ក្រុមហ៊ុន​នឹង​អភិវឌ្ឍន៍​ទីតាំង​នេះ ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើនេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា កិច្ចសន្យាជួល​នេះ​មាន​រយៈពេល​៥០​ឆ្នាំ រហូតដល់​ឆ្នាំ​២០៦៨ ដោយមាន​តម្លៃ​ឈ្នួល​បង់​ផ្ដាច់​ចំនួន ១៦​លាន​និង​៥​សែន​ដុល្លារ​អាមេរិក​។ ​គម្រោង The City Gate នឹង​បង្កើត​ឲ្យ​មាន​ការិយាល័យ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​សិល្បៈ សួន​បាញ់​ទឹក សួន​សាធារណៈ ផ្សារ​អណ្ដែត​ទឹក សាល​តាំងពិព័រណ៍ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ជាដើម​។

លើសពីនេះ​ ​ក្រុមហ៊ុន​នេះនឹង​ចំណាយថវិកា​ផ្ទាល់ខ្លួន​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ផលប្រយោជន៍​សាធារណៈ និង​លើកកម្ពស់​សោភ័ណភាព​ភ្នំពេញ​។ ប្រកាស​ព័ត៌មាន​បង្ហាញថា ការសាងសង់​ទាំងនោះ​រួមមាន​៖ ការសាងសង់ច្រាំងទន្លេ​ពី​គល់ស្ពាន​ជ្រោយចង្វារ​ដល់​ផ្សារ​រាត្រី ក្នុងតម្លៃ ១៩​លាន​ដុល្លារ​,​ផ្លូវ​ថ្មើរជើង និង​ផ្លូវ​សម្រាប់​រថយន្ត​ធុន​តូច ១១​លាន​ដុល្លារ​, អគារ​រដ្ឋបាល​ថ្មី​ឲ្យ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ១១​លាន​ដុល្លារ​, ចំណត​ផែ​ពហុ​បំណង​ថ្មី​ចំនួន​២ តម្លៃ ៣០​លាន​ដុល្លារ​។

តាមកិច្ចព្រមព្រៀងកំពង់ផែស្វយ័តភ្នំពេញនៅតែបន្តប្រតិបត្តិការនៅទីតាំងរបស់ខ្លួនជាចំណតផែលើកដាក់ទំនិញ ចំណតផែទេសចរណ៍ជាតិ និងអន្តរជាតិ៕

ប្រភព៖ ថ្មីៗ

សំឡេងទីក្រុង!

សំឡេងទីក្រុង!