6-river-side

ដី​ធ្លី​នៅ​តាម​មាត់​ទន្លេ​ អាច​ជា​ចំណាប់​អារម្មណ៍​ពី​គម្រោង​ធំៗ ​ឯ​លំនៅឋាន​នៅ​តាម​ច្រាំង​ទន្លេ​ប្រឈម​នឹង​គ្រោះថ្នាក់

ជារឿយៗមិនថានៅក្នុងរដូវវស្សា ឬរដូវប្រាំងទេ គឺតែងលេចឮអំពីព័ត៌មានបាក់ស្រុតផ្ទះ ឬដីភូមិនៅតាមជួរបណ្តោយមាត់ទន្លេនានានៅក្នុងប្រទេសកម្ពុជា និងថ្វីបើករណីគ្រោះថ្នាក់បែបនេះបានកើតឡើងក៏ពិតមែន ក៏ប៉ុន្តែមានប្រជាជនរាប់ពាន់គ្រួសារនៅក្នុងទីក្រុងភ្នំពេញ បាននិងកំពុងបន្តជីវភាពរស់នៅរបស់ខ្លួនជាធម្មតា ខណៈអ្នកឯកទេសខាងអចលនទ្រព្យបានអះអាងថា ដីនៅម្ខាងផ្លូវនៃជួរមាត់ទន្លេមានហាងឆេងល្អជាង សម្រាប់ដីឡូតិ៍ធំៗមានទំហំដូចគ្នា។

រាជធានីភ្នំពេញ គឺជាដែនដីសណ្តដែលប្រជុំដោយទន្លេធំៗចំនួន៤ គឺ ១-ទន្លេមេគង្គលើ, ២-ទន្លេមេគង្គក្រោម, ៣-ទន្លេសាប, និង ៤-ទន្លេបាសាក់។

ក្រៅអំពីការផ្តល់ជាមធ្យោបាយគមនាគមន៍ផ្លូវទឹកនៅតាមដងទន្លេ និងតំបន់សម្បូរដោយដីមានជីជាតិសម្រាប់កសិកម្ម ទីនោះក៏ជាភូមិស្ថានរបស់ប្រជាពលរដ្ឋខ្មែរតាំងទីលំនៅរស់នៅតាំងពីរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែនាយុគសម័យទំនើបនេះដោយសារកំណើនប្រជាសាស្ត្រ និងតម្លៃដីធ្លីមានតម្លៃខ្ពស់ទៅៗ នៅឯតាមច្រាំងទន្លេទាំងឡាយក៏ស្ទើរតែក្លាយជាទីកន្លែងសង់លំនៅឋានរបស់ពលរដ្ឋកម្ពុជាក្រីក្រជាច្រើនពាន់គ្រួសារផងដែរ។

តើនៅក្នុងច្បាប់ភូមិបាលរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ប្រជាជនទាំងនោះអាចទទួលបានសិទ្ធិស្របច្បាប់ឬទេ ក្នុងការកាន់កាប់អចលនទ្រព្យនោះ? ចុះចំណែកឯនៅក្នុងទីផ្សារអចលនទ្រព្យវិញ ដីធ្លីនៅតាមជួរមាត់ទន្លេនោះមានហាងឆេងយ៉ាងណាដែរ?

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Cambodia បានថ្លែងថា ជាទូទៅដីធ្លីនៅក្បែរមាត់ទន្លេមានលក្ខណៈអំណោយផលល្អពីធម្មជាតិផ្នែកខាងបរិស្ថាន។ លោកបញ្ជាក់ថា ៖ «បរិស្ថានល្អ ផ្តល់បរិយាកាសខ្យល់អាកាសល្អបរិសុទ្ធ មានទេសភាពស្អាត វាជាកត្តាជួយឲ្យជីវិតរស់នៅល្អប្រសើរ ដូច្នេះអាចនិយាយបានថា តម្លៃដីនៅតំបន់នោះវាក៏មានហាងឆេងល្អដែរ»។

នៅក្នុងទីផ្សារអចលនទ្រព្យវិញ លោក សុខនីម បានបញ្ជាក់ ថា ៖ «កាលណាយើងនិយាយអំពីទីផ្សារអចលនទ្រព្យ គឺត្រូវគិតអំពីភាពស្របច្បាប់របស់អចលនទ្រព្យនោះ» ដូច្នេះអ្នកវិនិយោគគេតែងតែគិតយ៉ាងច្បាស់លាស់អំពីភាពស្របច្បាប់របស់ទ្រព្យនោះមុននឹងគេបោះទុនវិនិយោគ ពួកគេក៏ចង់ដឹងផងដែរថា វាមានការប៉ះពាល់ដែរឬទេក្នុងការអភិវឌ្ឍទៅថ្ងៃខាងមុខ។

លោកលើកឧទាហរណ៍មកបញ្ជាក់ថា ៖ «ដូចជា គេត្រូវដឹងច្បាស់អំពីចន្លោះចម្ងាយស្របច្បាប់ពីមាត់ទន្លេ ឬក៏ផ្លូវទឹកនោះ នោះទើបគេអាចធ្វើការវិនិយោគ ហើយភាគច្រើនទំហំដីឡូត៍ធំៗ នៅតាមមាត់ទន្លេវិនិយោគិននិយមសាងសង់សំណង់ខ្ពស់ៗ ជាសណ្ឋាគារ និងអាផាតមិនខ្ពស់ៗ ព្រោះទីនោះមានភាពទាក់ទាញស្រាប់ពីធម្មជាតិ»។

ស្របទៅនឹងការពន្យល់របស់លោក សុខនីម ដែរ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់បន្ថែមថា ៖ «និយាយឲ្យខ្លីទៅដីឡូត៍នៅខាងជួរមាត់ទន្លេច្រើនទាក់ទាញគម្រោងវិនិយោគធំៗ ខ្ពស់ៗ និងលក្ខណៈពហុបំណង ច្រើនជាងជាលក្ខណៈតូចតាច ឬតាមរូបភាពជាគ្រួសារ ព្រោះទីតាំងមាត់ទន្លេមានអំណោយផលល្អពីធម្មជាតិ»។

ទោះជាយ៉ាងណា លោក ហ៊ាង បានបញ្ជាក់ថា ៖ «នៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ មានដីធ្លីនៅតាមមាត់ទន្លេជាច្រើន ដែលជាចំណុចទាក់ទាញសម្រាប់អ្នកវិនិយោគគម្រោងធំៗទាំងសណ្ឋាគារ រីសត អាផាតមិន និងខុនដូ ជាដើម» ប៉ុន្តែយើងនៅពុំទាន់មានភាពច្បាស់លាស់អំពីគម្លាតចម្ងាយប៉ុន្មានម៉ែត្រពីមាត់ទន្លេដែលអាចឲ្យសំណង់ធំៗសាងសង់នៅលើដីតាមមាត់ទន្លេបាន។

លោក គីម ហ៊ាង បានបង្ហាញជាឧទាហរណ៍ថា សម្រាប់ដីនៅភាគខាងជើងទីក្រុងភ្នំពេញ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ដែលម្ខាងជាប់ទៅនឹងដងទន្លេសាប គឺ«បើយើងធ្វើដំណើរចេញពីភ្នំពេញ ទៅនៅខាងស្តាំដៃជួរនោះហើយដែលមានភាពទាក់ទាញ។

លោកបន្តថា ៖ «ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលលោកមានផ្ទះសំបែងនៅជាប់នឹងមាត់ទន្លេ(ច្រាំងទន្លេ)នោះ គឺទារតម្លៃថ្លៃដីរបស់គាត់ប្រហែលជាជុំវិញ ១ ០០០ ដុល្លារក្នុងមួយម៉ែត្រការរ៉េ [ខណៈដែលដីនោះអត់មានប្លង់ត្រឹមត្រូវផង] គឺវាថ្លៃខ្ពស់បន្តិចហើយ»។

ពាក់ព័ន្ធទៅនឹងលំនៅឋានធម្មតារបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយច្រាំងទន្លេជាច្រើនទីតាំងនៅក្នុងរាជធានីភ្នំពេញនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ដែលស្ថិតនៅតាមបណ្តោយដងទន្លេសាប និងមានប្រជាពលរដ្ឋរស់នៅទីនោះច្រើនកុះករ បានថ្លែងថា ៖ «ភាគច្រើនបងប្អូនយើងលោកបានទៅរស់នៅតាមមាត់ទន្លេ ឬច្រាំងទន្លេទាំងនោះជាយូរឆ្នាំតាំងពីឆ្នាំ ១៩៧៩ មកហើយ ហើយច្បាប់ភូមិបាលរបស់យើងក៏ទើបនឹងមាននៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ប្លាយនេះទេ ដូច្នេះវាពិតជាមានផលលំបាកក្នុងកំណត់តម្រូវតាមច្បាប់»។

លោកអភិបាលបានបន្តថា ៖ «រហូតមកទល់ពេលនេះ យើងពុំទាន់ដឹងថា តើច្បាប់ភូមិបាលកំណត់ចម្ងាយប្រវែងប៉ុន្មានម៉ែត្រពីអ័ក្សទន្លេ ឬពីមាត់ទន្លេ ដើម្បីអាចកំណត់ ឬវាស់វែងផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនដល់ប្រជាជនរបស់យើង» ជាម្ចាស់អចលនទ្រព្យនៅតាមមាត់ទន្លេ ឬច្រាំងទន្លេទាំងនោះ។

លោកបញ្ជាក់ថា ៖ «តាមតួលេខបឋមដែលក្រុមរបស់ខ្ញុំធ្លាប់បានចុះបញ្ជីកាលពីប៉ុន្មានឆ្នាំមុននេះ គឺគ្រាន់នៅក្នុង ២សង្កាត់ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង មានចំនួនប្រជាជនប្រមាណ ១ពាន់គ្រួសារ ទៅហើយដែលលោកបាននឹងកំពុងរស់នៅនៅតាមមាត់ទន្លេ ឬច្រាំងទន្លេ»។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ប៉ុស្តិ៍អចលនទ្រព្យ តាមទូរស័ព្ទ កាលពីម្សិលមិញថា ៖ «តាមអ្វីដែលខ្ញុំធ្លាប់បានដឹង គឺខាងសាលារាជធានីភ្នំពេញ បានកំណត់អំពីចម្ងាយ ឬគម្លាតចេញពីមាត់ទន្លេច្បាស់លាស់រួចហើយ ប៉ុន្តែខ្ញុំអត់ចាំតួលេខនោះទេ»៕

ប្រភព៖ postkhmer.com

Leave a Reply