ដីអតីតអាគារបូឌីញ និងក្រោយក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ឋសភា ត្រូវបានក្រុមហ៊ុន NAGA Corp ទិញយក
Posted On : August, 1, 2018 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញ៖ ដីអតីតអាគារបូឌីញ ”ស” និងដីស្ថិតនៅចំហៀងផ្នែកខាងកើតនៃក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច ត្រូវបានក្រុមហ៊ុន Naga Corp ទិញយកហើយ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួន។

យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល បានមានប្រសាសន៍ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិន​បញ្ចេញឈ្មោះថា  ដីនៅទីតាំងទាំងពីរ​នេះ ពិតជាត្រូវទិញយកដោយក្រុមហ៊ុនNaga Corpដែលបាននិងកំពុងវិនិយោគសណ្ឋា​គារ និងកាស៊ីណូតែមួយគត់នៅរាជធានីភ្នំពេញ ប៉ុន្តែគំរោងសាងសង់អ្វីលើដីនេះ មិនត្រូវបានក្រុមហ៊ុននេះបញ្ចេញឲ្យដឹងនៅឡើយទេ។ មន្រ្តីដដែលបានបន្តថា ទំហំដីដែលក្រុមហ៊ុន Naga បានទិញមានប្រមាណ១ហិកតា ដែលសម​ស្របសម្រាប់សាងសង់កាស៊ីណូ ឬសណ្ឋាគារនាពេលអនាគត។

កាលពីសប្តាហ៍មុន ក្រុមការងារនៃគេហទំព័រ Propertyarea.asia បានចូលទៅកា​ន់ដីស្ថិតនៅផ្នែកចំហៀងខាងកើត នៃក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភានិងអធិការ​កិច្ចបានជួបជាមួយសន្តិសុខបីនាក់ ដែលនៅលើអាវរបស់ពួកគេមានសរសេរស្លាកNaga world ដែលបង្ហាញពីការពិតថា ដីនេះពិតជាត្រូវបានយាមកាមដោយសន្តិសុខក្រុមហ៊ុនណាហ្កា។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា លោកមិនច្បាស់ពីព៌តមាននេះនោះទេ ប៉ុន្តែតាមព៌តមានដែលលោកទទួល​បាន ពិតជាបានដឹងថា ដីនៅទីតាំងទាំងពីរនេះ ពិតជាត្រូវបានទិញដោយក្រុមហ៊ុនណា ហ្កាវើលដ៏រួចហើយ។

លោកបន្តថា “ប្រភពព៌តមានដែលលោកទទួលបាន ពិតជាអាចទុកចិត្តបាន”។​លោ​កបន្តថា “ដីនៅតំបន់នេះមានតម្លៃចន្លោះ៤០០០ ទៅ៥០០០ដុល្លារអាមេរិកក្នុង​មួយម៉ែត្រការ៉េ”។

អ្នកនាងប៉ែន បុប្ឆាប្រធានផ្នែកលក់នៃក្រុមហ៊ុន ARAKAWA Co, Ltd បានថ្លែងថា អ្នកនាងមិនបានដឹងពីព៌តមាននេះនោះទេ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា អ្នកនាងមិនទទួលបានព៌តមាននេះទេ ប៉ុន្តែអ្នកនាងគិតថាតាមរយៈការខិតខំប្រឹងប្រែងពីក្រុមហ៊ុន ARAKAWA ដើម្បីដោះស្រាយសំណងជូនប្រជាពលរដ្ឋរស់នៅអាគារបូឌីញ “ស” ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ទំនងជាក្រុមហ៊ុននេះមិនលក់ដីនៅក្នុងគំរោងនេះនោះទេ។

អ្នកនាងបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនអាចសន្និដ្ឋានបានទេ ប៉ុន្តែទីតាំងនេះពិតជា​សមស្របសម្រាប់ការសាងសង់សណ្ឋាគារ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ”។អ្នកនាង​បន្តថា “​ដីតំបន់នេះមានតម្លៃចន្លោះ៤៥០០ ទៅ៥០០០ដុល្លារ ជាតំបន់មួយដែលដីបានឡើងថ្លៃខ្ពស់យ៉ាងខ្លាំងនៅរាជធានីភ្នំពេញ”៕

ប្រភព៖ អចលទ្រព្យអាស៊ី

Urban Voice Cambodia

Urban Voice Cambodia