រដ្ឋាភិបាលយល់ព្រមប្រគល់ដីទំហំ ២០ហិកតា នៅបឹងតាមោក ទៅសាលារាជធានីភ្នំពេញដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត
Posted On : January, 4, 2019 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

កាលពេលពីថ្មីៗនេះ មានការបែកធ្លាយលិខិតមួយដែលចេញពី ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ជម្រាបជូនទៅកាន់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈអភិបាលរាជធានីភ្នំពេញ អំពីសំណើរសុំដីចំនួន ២០ហិកតា នៅបឹងតាមោក ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ដើម្បីធ្វើជាផ្សារផ្គត់ផ្គង់បន្លែ និងចំណតរថយន្ត។ ក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន ២០ហិកតា នៅបឹងតាមោក ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។ ចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការលុបបឹងតាមោកនេះ ត្រូវបានចំណារពីនាយករដ្ឋមន្ត្រី តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨មកម្ល៉េះ តែដំណឹងពីការសាងសង់ទើបនឹងបែកធ្លាយ និងមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក នៅពេលថ្មីៗនេះ។

គួរបញ្ជាក់ដែរថា បឹងតាមោក ឬបឹងទំនប់កប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំមួយក្នុងចំណោមបឹងស្តុកទឹកធំៗក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃ ៣២៣៩,៧ ហិកតា ដែលមានទីតាំងឋិតនៅក្នុងខ័ណ្ឌព្រែកព្នៅ។ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

សព្វថ្ងៃនេះត្រូវបានគេយកជាទីតាំងសម្រាប់បង្ហូរទឹកសម្អុយ និងជាទីរំដោះទឹកជំនន់ដែលតែងតែកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិធំៗ មួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានគេចាក់ដីលុប ដើម្បីអភិវឌ្ឍន៍។

បើយោងតាមរបាយការណ៍ក្រុមស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោត (របាយការណ៍ពិតនិងតួលេខ #២៨) ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥ បានរកឃើញថា នៅរាជធានីភ្នំពេញមានបឹងចំនួន២៥ ហើយបឹងចំនួន១៥ ត្រូវបានលុបដែលមានការខាតបង់ ៦០% នៃប្រព័ន្ធបឹងក្នុងរាជធានីភ្នំពេញ ។

សរុបមក ការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញកំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធបង្ហូរទឹកមួយផ្នែកធំនៅក្នុងទីក្រុង។

 

Urban Voice Cambodia

Urban Voice Cambodia