ឈ្មួញ​បូម​ខ្សាច់​លួកជីកផ្លូវ​ជាតិ​លេខ​២ បង្កប់​បំពង់​ទីប​បង្ក​ផល​ប៉ះ​ពាល់​ដល់​ប្រជាពល​រដ្ឋ​
Posted On : January, 8, 2015 | By សំឡេងទីក្រុង

ដោយ Khmer 79, 

ភ្នំពេញ៖​​ ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ព្រែកតាឡុង ​សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ បាន​រិះ​គន់​ដល់​អាជ្ញាធរ​ខណ្ឌ ​និង​មន្ដ្រី ​ពាក់​ព័ន្ធ​ថា ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សកម្មភាព​អាជីវកម្ម​បូម​ខ្សាច់ ដោយ​ជីក​កាត់​ថ្នល់​ជាតិ​លេខ​២ ដើម្បី​បង្កប់​ទុយោធំ​ៗ​ក្រោម​ដី​ងាយ​ស្រួលក្នុង​ការ​បូម​ខ្សាច់​យក​មក​ដាក់​ម្ខាងផ្លូវ។ ការ​ជីក​កាត់​ទទឹង​ផ្លូវ​នេះ​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃទី​៦ ខែ​មករា ​ឆ្នាំ​២០១៥ ​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែក្រោម ​ខណ្ឌ​មានជ័យ។

Merchants-stole-sand-excavation-on-Route-2-embedded-tubes-harm-to-people១

ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ជិត​ការដ្ឋាន​ជីក​នោះ​បាន​និយាយថា​ អាជីវកម្ម​ខាងលើ​ទំនង​ពុំ​មាន​ច្បាប់​អនុញ្ញាត​ទៀត​ផង​ ព្រោះ​ធ្វើ​ការ​ជីក​បង្កប់​បំ​ពង់​ទីប​ទាំង​យប់​អាធ្រា​ ដើម្បីកុំ​ឲ្យ​គេ​ឃើញ​ច្រើន​ពេក​។ ​អាជីវកម្ម​បូម​ខ្សាច់​បើក​ដំណើរ​ការ​ទៅ​ដោយ​រលូន​ពុំ​មាន​ការ​ទប់​ស្កាត់​ពី​​អាជ្ញា​ធរ​ពាក់​​ព័ន្ធនៅ​ខណ្ឌ​មានជ័យនោះឡើយ។

ប្រជាពល​រដ្ឋ​បាន​លើក​ឡើង​អំពី​ការ​ប៉ះ​ពាល់​ផ្លូវ​ ក្រោយ​ពីម្ចាស់​អាជីវកម្ម​បាន​ប្រើ​អេស្កាវ៉ាទ័រ ​ជីក​ផ្លូវ​​ដើម្បី​បង្កប់ទុយោ​​​បូម​​ខ្សាច់​​ធំៗ ទៅខាង​​ក្រោម ​ជាប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ទេ។

ការដ្ឋាន​​បូម​​ខ្សាច់​​ដែល​មាន​​ទីតាំង​​ស្ថិត​នៅ​​ក្នុង​ភូមិ​​តា​ឡុង​នោះ ​ត្រូវ​​ប្រជា​ពលរដ្ឋ​​រាយការណ៍​​មក​​ថា ​បាន​ធ្វើ​​សកម្មភាព​​បូម​​ខ្សាច់​​យ៉ាង​​គគ្រឹក​គគ្រេង ​ហើយ​ថែម​ទាំង​​ជីក​​ផ្លូវ​ជាតិ​​លេខ​​២​ដាក់​​ទុយោខ្សាច់​មិន​មែន​ជា​លើក​ទី​១នោះទេ ពោល​គឺ​ជីក​ឡើង​សុស​ផ្លូវ​ជាតិ​ទៅ​ហើយ។

សូម​ជម្រាបផង​ថា ​​បើ​​យោង​តាម​​សេចក្តី​ជូន​ដំណឹង​​របស់​​ក្រសួង​រ៉ែ ​និង​​ថាមពល ​កាលពី​​ថ្ងៃទី​​៣០ ខែ​ធ្នូ ​ឆ្នាំ​​២០១៤ ​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​​ថា ​ការ​ធ្វើ​សកម្មភាព​​បូម​​ខ្សាច់​​តាម​​ដង​​ទន្លេ​មេគង្គ​​ក្រោម ​មេគង្គ​លើ ​និង​​ទន្លេបាសាក់ ​ស្ថិតក្នុង​​ភូមិ​សាស្ត្រ​រាជធានី​​ភ្នំពេញ ​ខេត្ត​កណ្តាល ​និង​​ព្រៃវែង ​គឺ​​សុទ្ធ​សឹង​តែ​​ជា​សកម្ម​ភាព​​ខុសច្បាប់ ​តែរហូត​មកទល់​ពេល​នេះ​ក្រសួង​​មិន​ដែល​​បាន​ចេញ​​អាជ្ញា​ប័ណ្ណ​​ដល់​​បុគ្គល​​ណា​​ម្នាក់​​ឲ្យ​​ធ្វើ​សកម្មភាព​​បូម​​ខ្សាច់​​ឡើយ​​។

ដោយ​យោង​​ទៅ​លើ​​សេចក្តី​ជូន​ដំណឹង​​នេះ​ ប្រជា​ពលរដ្ឋ​​មាន​​ចម្ងល់​​ថា ការ​អះអាង​​របស់​​ចៅ​សង្កាត់​​ចាក់​អង្រែ​ក្រោម​ ដែល​ថា ការដ្ឋាន​​បូម​​ខ្សាច់​​នៅ​​ភូមិព្រែក​​តា​ឡុង​ មានច្បាប់ ​តើ​​ច្បាប់​​នោះ​​ចេញ​​មក​ពីទី​​ណា? ​ចំពោះ​អាជីវ​កម្មការដ្ឋាន​បូម​ខ្សាច់​មួយនេះ ប្រជា​ពលរដ្ឋ​នៅមូលដ្ឋាន​​ក្នុង​ភូមិ​ព្រែកតាឡុង សូមអំពាវនាវ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ ​ជួយ​ពិនិត្យ​មើល​ និងមា​នវិធាន​ការ​តាម នីតិវិធី​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់ការ​រស់នៅ​របស់​ពួក​គាត់ទៀត​។

ផ្ទុយ​​ពី​​សេចក្តីណែនាំ​​របស់​​ក្រសួង​រ៉ែ ​និង​​ថាមពល ​​លោក ​ជា ​សុ​ខៃ ​ចៅ​សង្កាត់​​ចាក់​អង្រែ​​ក្រោម​បាន​​អះអាង​ថា ​ការដ្ឋាន​​ដែល​​កំពុង​​ធ្វើ​​សកម្មភាព​​បូម​ខ្សាច់​មាន​​ទីតាំង​​ស្ថិត​នៅ​​ក្នុង​ភូមិព្រែក​តា​ឡុង ​ក្នុង​​សង្កាត់​​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ ​គឺ​ជា​​អាជីវកម្ម​​ដែល​មាន​​ច្បាប់​​ត្រឹម​ត្រូវ​ទៅវិញ​​។

Merchants-stole-sand-excavation-on-Route-2-embedded-tubes-harm-to-people២​ ​

លោក​ចៅ​សង្កាត់​រូប​នេះ​បញ្ជាក់​ថា លោក​​បាន​ទទួល​​លិខិត​អនុញ្ញាត​​ឲ្យ​​កាត់​​ផ្លូវ​​ដាក់​​ទុយោ​​បូម​ខ្សាច់​​ពី​សាលា​ខ​ណ្ឌ​​មានជ័យ ដោយ​​លិខិត​​នោះ​​បាន​ចេញ​​​​ពី​​សាលា​រាជធានី​​ភ្នំពេញ​​។ ​លោក​​បាន​​បន្តថា ​អាជ្ញាធរ​​ខណ្ឌ​មានជ័​យ​ជា​​អ្នក​ដឹង​​រឿងនេះ​​ច្បាស់ លោក​​បាន​ត្រឹម​តែ​​អនុវត្ត​តាម​​ថ្នាក់​លើ​​តែប៉ុណ្ណោះ​​។ ជុំវិញ​បញ្ហា​នេះ​គេហទំព័រ​ខ្មែរ​៧៩​មិន​អាច​​ទាក់​ទង​​សុំ​​ការ​បំភ្លឺ​​ពី​​លោក ​ពេជ្រ កែវ​មុនី ​ចៅ​ហ្វាយ​​ខណ្ឌ​មានជ័យ​ បាន​ទេ​៕

អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

Urban Voice Cambodia

Urban Voice Cambodia