ជំងឺធ្លាក់ទឹកចិត្តជាឃាតករ សម្លាប់ពលរដ្ឋខ្មែរ៦ពាន់នាក់ក្នុង១ឆ្នាំៗ
Posted On : វិច្ឆិកា, 25, 2016 | By Vantha

សុខភាពផ្លូវចិត្តត្រូវបានគេចាត់ទុកថា ជាបញ្ហាដែលមានផលប៉ះពាល់យ៉ាងខ្លាំង សំរាប់ការរស់នៅប្រចាំថ្ងៃ របស់មនុស្ស។ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបានឱ្យដឹងថា យុវជនកម្ពុជាភាគច្រើនជួប ប្រទះបញ្ហាផ្លូវចិត្ត ចំនួនបីប្រភេទ គឺការថប់អារម្មណ៍ ធ្លាក់ទឹកចិត្ត និងបាក់ស្បាត ហើយមានពលរដ្ឋខ្មែរមិន តិចជាង៦ពាន់ នាក់ទេដែលសម្លាប់ខ្លួនដោយសារតែជំងឺផ្លូវចិត្ត។

យ៉ាងណាមិញជំងឺធ្លាក់ទឹកចិត្ត ដែលមានលក្ខណះធ្ងន់ធ្ងរ មានអ្នកកើតជំងឺនេះច្រើនជាងគេនោះ។ អ្នកជំងឺ មានអារម្មណ៍ធ្លាក់ចុះ បាត់បង់ការសប្បាយ និងមិនចាប់អារម្មណ៍នូវសភាពការណ៍ជុំវិញខ្លួន ជួនកាល អ្នកជំងឺអាចធ្វើអត្តឃាត។ជាពិសេសចំពោះយុវជននាពេលបច្ចុប្យន្ន ពួកគេមួយចំនួនធំកំពុងតែកើតមាន ជំងឺធ្លាក់ទឹកចិត្តនេះដោយមិនដឹងខ្លួន។

អ្នកជំនាញចិត្តសាស្ត្រ លោក កៅ សុវណ្ណតារា ដែលធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវអំពីបញ្ហាផ្លូវចិត្តរបស់ ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឆ្នាំ២០១២ នៅខេត្តក្រុងចំនួន១៦ផ្សេងៗគ្នានោះបានថ្លែងក្នុងកម្មវិធី ”ទិវាសុខភាពផ្លូវចិត្ត” កាលពីថ្ងៃទី១៤ ខែតុលា ថ្មីៗនេះថា «ក្នុងចំណោមពលរដ្ឋកម្ពុជាចំនួន១០ម៉ឺននាក់ មានមនុស្ស៤២នាក់ហើយដែលបានធ្វើអត្តឃាត ខ្លួនឯងដោយសារបញ្ហាផ្លូវចិត្ត»។

ក្នុងនោះផងដែរលោកក៏បានលើកបញ្ហាបីធំៗ ដែលនាំអោយយុវជនភាគច្រើនបាន និងកំពុងតែកើតមាន ជំងឺផ្លូវចិត្ត ជាពិសេសជំងឺបាក់ទឹកចិត្តរួមមាន វិបត្តិស្នេហា បញ្ហាអត់ការងារធ្វើ និងការឃ្លាតឆ្ងាយពីស្រុកកំណើតរបស់សិស្សនិស្សិតពីតាមបណ្តាខេត្តមកបន្តការសិក្សានៅភ្នំពេញ។

សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសកលវិទ្យាល័យកម្ពុជាលោក ផាន រដ្ឋា លើកឡើងថាសិស្សនិស្សិតបច្ចុប្បន្ន កំពុងប្រឈមមុខ នឹងងជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ហើយមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះការសិក្សា និងការទំនាក់ទំនងរបស់ពួកគេ។ លោកបានបន្ថែមទៀតថា វិស័យឯកជន គួរតែមានកញ្ចប់ថវិការសំរាប់ថែទាំ សុខភាពផ្លូវចិត្តដល់បុគ្គលិក ហើយជាពិសេសរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះ ដោយ រៀបចំអោយមានកញ្ចប់ថវិការជាតិមួយចំនួនយកមកដោះស្រាយបញ្ហា និងរកវិធីបង្ការកុំអោយវារីករាលដាល កាន់តែខ្លាំង។

លោក ផាន រដ្ឋា៖ «ខ្ញុំយល់ឃើញថាទាំងរដ្ឋ និងឯកជនត្រូវតែយកចិត្តទុកដាក់ចំពោះការដោះស្រាយ ក៏ដូចជា វិធីបង្ការដល់បុគ្គលិករបស់ខ្លួន ពីព្រោះថាជំងឺធ្លាក់ទឹកចិត្តនិងជំងឺផ្លូវចិត្តវាក៏ជាផ្នែក នៃសុខភាពសាធារណៈផងដែរ»។

យុវជន៣ក្នុងចំណោម៥នាក់បាននិយាយថាពួកគេធ្លាប់មានបញ្ហាធ្លាក់ទឹកចិត្ត ហើយ១នាក់ក្នុងចំណោមពួកគេបានធ្លាប់ កើតជំងឺបាក់ទឹកចិត្តឈានដល់ការចង់ធ្វើអត្តឃាតខ្លួនឯង។ យុវជនខ្ពង់សង្ហាពាក់វែនតាម៉្ងូបម្នាក់និយាយថា គាត់ធ្លាប់មានជំងឺបាក់ទឹកចិត្ត ដោយសារតែ មានវិបត្តិស្នេហា មានជំលោះជាមួយឳពុកម្ដាយ និងការរៀនរបស់ខ្លួនធ្លាក់ចុះនៅចំពេលតែមួយ ជាហេតុបណ្តាលឱ្យគាត់មានអារម្មរណ៍អស់សង្ឃឹមក្នុងជីវិតរហូតចង់ធ្វើអត្តឃាតខ្លួនឯងជាច្រើនដង។ «ខ្ញុំធ្លាប់កើតបញ្ហានេះ តែបើយើងគិតអោយមែនទែនទៅវារឿងសាមញ្ញរបស់មនុស្ស ដូច្នេះពេលមានបញ្ហាដូចខ្ញុំយុវជនគួរតែ ឬអ្នកប្រឹក្សាយោបល់ដើម្បីរកដំណោះស្រាយ វាល្អជាជាងទៅសម្លាប់ខ្លួន»។

ឯកសារចេញផ្សាយដោយ អង្គការចិត្តសង្គម អន្តរវប្បធម៌បានបង្ហាញថាជំងឺធ្លាក់ទឹកចិត្តអាចកើតមានជាទូទៅ ប៉ុន្តែវាគឺជាជំងឺធ្ងន់ធ្ងរ ហើយកើតមានឡើងជាញឹកញាប់។ ជំងឺនេះ អាចធូរស្រាល ហើយបែរជាកើតមានឡើងវិញនៅចន្លោះពេលណាមួយក្រោយមកវិញ។ អ្នកកើតជំងឺអាចមានអាចមានអារម្មរណ៍ក្រៀមក្រំកណ្តោចកណ្តែងនៅពេលខ្លះ។

ឯកសារដដែលសរសេរថា ការបាត់បង់មនុស្សជាទីស្រលាញ់ ឬអ្វីមួយអាចជាហេតុបណ្តាលឱ្យមានភាពក្រៀមក្រំ និងភាពសោកសៅ ព្រោះវាជាប្រតិកម្មធម្មជាតិ និងជាបណ្តោះអាសន្នដែលឆ្លើយតបទៅនឹងព្រឹត្តការណ៍តានតឹងចិត្ត។ បុគ្គលភាគច្រើន អាចបានធូរស្រាលវិលត្រឡប់មករកភាពធម្មតាវិញដោយពុំចាំបាច់ទទួលការព្យាបាលឡើយ។

ទោះជាយ៉ាងនេះក្ដី ប្រសិនបើភាពក្រៀមក្រំនៅបន្តកើតមានរយៈយូរជាងធម្មតា ហើយប៉ះពាល់លើសមត្ថភាពរបស់បុគ្គលក្នុងការបំពេញការងារ ឬទំនាក់ទំនង បុគ្គលនោះអាចកើតមានជំងឺធ្លាក់ទឹកចិត្ត។

តើគេអាចដឹងសញ្ញាសំគាល់បុគ្គលមានជំងឺធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេច?

ប្រសិនបើបុគ្គលមានជំងឺធ្លាក់ទឹកចិត្ត អាចមានស្តែងចេញជារោគសញ្ញាមួយចំនួនដូចជា  អារម្មណ៍ក្រៀមក្រំខុសពីធម្មតាមានជាប់ជាប្រចាំ និងទី២ បាត់បង់ចំណង់ចំណូលចិត្ត និងភាពរីករាយនៅក្នុងសកម្មភាពដែលធ្លាប់ចូលចិត្តពីមុន និងទី៣ បាត់បង់ថាមពល និងគ្មានកំលាំងកំហែង។ «អ្នកជំងឺធ្លាក់ទឹកចិត្តគិតថា ជីវិតគ្មានន័យ អស់សង្ឃឹមគ្មានទីពឹង ចង់ធ្វើអត្តឃាត»។
លើសពីនេះរោគសញ្ញាបន្ទាប់បន្សំដទៃទៀតអាចកើតមានឡើងដូចជា ការបាត់បង់ទំនុកចិត្តលើខ្លួនឯង ឬអោយតម្លៃខ្លួនទាប មានអារម្មណ៍បន្ទោសខ្លួនឯង មានបំណងចង់ស្លាប់ ពិបាកផ្ចង់អារម្មណ៍ និងពេលខ្លះបែរជាឡេះឡះ និងមិនអាចសម្រួលចិត្តបាន និងពិបាកក្នុងខ្លួន ឬជួនពេលខ្លះអត់គេង តែពេលខ្លះគេងច្រើនជ្រុល បាត់បង់ចំណង់បរិភោគ ឬជួនកាលហូបច្រើនជ្រុល។

មិនមែនគ្រប់បុគ្គលដែលមានជំងឺធ្លាក់ទឹកចិត្ត សុទ្ធតែលេចចេញនូវរោគសញ្ញាទាំងអស់នេះឡើយ។ បុគ្គលដែលមានជំងឺធ្លាក់ទឹកចិត្តកម្រិតធ្ងន់ធ្ងរ នឹងកើតមានរោគសញ្ញាកាន់តែច្រើនជាងបុគ្គលដែលមានជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាល។

តើមូលហេតុអ្វីខ្លះដែលបណ្តាលអោយកើតជំងឺធ្លាក់ទឹកចិត្ត?

បុគ្គលម្នាក់អាចកើតមានជំងឺធ្លាក់ទឹកចិត្ត នៅពេលមានអ្វីមួយធ្វើឲ្យមានអារម្មណ៍ក្រៀមក្រំជាខ្លាំងហើយ ពួកគេ មិនអាចធ្វើអ្វីសោះដើម្បីគ្រប់គ្រងស្ថានភាពនោះ។ ការបែកបាក់ទំនាក់ទំនង ឬរស់នៅក្នុងស្ថានភាពជំលោះ ពិសេសស្រីមានផ្ទៃពោះងាយប្រឈមមុខនឹងជំងឺបាក់ទឹកចិត្ត (១០-១៥%នៃស្រ្តីកើតមានជំងឺធ្លាក់ទឹកចិត្តរយះពេលខ្លីបន្ទាប់ពីសម្រាលកូន)។ ការបាត់បង់ការងារ ហើយលំបាកស្វែងរកការងារថ្មី ការជួបគ្រោះថ្នាក់បណ្តាលឲ្យពិការភាពរយៈពេលយូរ និងជនរងគ្រោះនៃឧក្រិដ្ឋកម្ម គឺងាយកើតមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ។

តើគេអាចព្យាបាលដោយរបៀបណា?

ជំងឺធ្លាក់ទឹកចិត្តអាចព្យាបាលបានធូរស្បើយដ៏ឆាប់រហ័ស នៅពេលទទួលបានអន្តរាគមន៍ដ៏ត្រឹមត្រូវ។ វិធីព្យាបាលត្រូវអនុវត្តអមគ្នាទាំងឱសថ (ថ្នាំ) និងការព្យាបាលតាមបែបចិត្តវិទ្យា (ផ្ដល់ប្រឹក្សា)។

តើមានមធ្យោបាយអាចជួយអ្នកមានជំងឺធ្លាក់ទឹកចិត្តដោយរបៀបណា?

ដើម្បីព្យាបាលជំងឺបាក់ទឹកចិត្ត គេត្រូវអនុញ្ញាតឲ្យបុគ្គលនោះ និយាយពីអារម្មរណ៍របស់ខ្លួនដែលកំពុងកើតមាននិងមានអ្នកស្តាប់ដោយមិនវិនិច្ឆ័យដើម្បីស្វែងយល់ពីបញ្ហា។ អ្នកស្តាប់ នោះមិនត្រូវរិះគន់ និងមិនត្រូវបង្ហាញការខកចិត្ត ចំពោះបុគ្គលមានរោគសញ្ញាធ្លាក់ទឹកចិត្ត។ យ៉ាងក៏ដោយ អ្នកដែលធ្លាក់ទឹកចិត្តធ្ងន់ធ្ងរត្រូវនាំអ្នកជំងឺទៅព្យាបាលជាមួយអ្នកឯកទេសវិជ្ជាជីវៈ។ទន្ទឹមនឹងនេះដែរ ក្រុមគ្រួសារគប្បីឃ្លាំមើលអ្នកជំងឺជាប់ជាប្រចាំ ពីព្រោះអ្នកជំងឺអាចមានគំនិតធ្វើអត្តឃាត( សម្លាប់ខ្លួន ) និងត្រូវយកវត្ថុ ឬរបស់របរដែលអាចបង្កនូវគ្រោះថ្នាក់ចេញឲ្យឆ្ងាយពីអ្នកជំងឺដូចជា ( ខ្សែ កន្រ្តៃ ឫកាំភ្លើងជាដើម ) ដើម្បីការពារពីការសម្លាប់ខ្លួន៕

ប្រភព៖ tosread.com

សំឡេងទីក្រុង!

សំឡេងទីក្រុង!