ជីវិត​នៃ​ការ​រស់​នៅ​តាម​បុរី​មួយ​ចំនួន​នៅភ្នំពេញ
Posted On : មករា, 3, 2015 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍, Sat, 3 January 2015,

ក្នុងរយៈ​ពេល ​៤​-៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​និន្នាការ​របស់​ប្រជាជន​ខ្មែរ​ក្នុង​ការ​រស់​នៅ​ក្នុង ​បុរី​បាន​កើន​ឡើង​ជា​លំដាប់​។ តើ​ការ​រស់​នៅ​ក្នុង​បុរី​មាន​ភាព​ងាយ​ស្រួល​ និង​បញ្ហា​ប្រឈម​អ្វី​ខ្លះ?

អ្នកស្រី ហេង ស៊ីវិន មិន​ចូល​ចិត្ត​​រស់​នៅ​ផ្ទះ​ល្វែង​ដែល​ឪពុក​បាន​សង់​នោះ​ទេ​ តែ​ស្រ្តី​វ័យ​ក្មេង​ទើប​រៀបការ​រួច​ខាង​លើ​បែរ​ជា​សម្រេច​ចិត្ត​មក​រស់​នៅ​ ក្នុង​បុរី ប៉េង ​ហួត ដែល​នៅ​តាម​ផ្លូវជាតិ​លេខ​១​វិញ ព្រោះ​អ្នក​ស្រី​គិត​ថា​ ការ​រស់​នៅ​ក្នុង​បុរី គឺ​មាន​ភាព​ឯករាជ្យ ​សុវត្ថិភាព បរិស្ថាន​រស់​នៅ​ល្អ​ និង​ផ្ទះ​មាន​ម៉ូដ​ស្អាតៗ។

ស្រ្តី​ខាង​លើ​បាន​និយាយ​ថា ​ចាប់​តាំង​ពី​មក​រស់​នៅ​ក្នុង​បុរី ប៉េង ហួត មក​ផ្ទះ​របស់​អ្នកស្រី​មិន​ដែល​មាន​បញ្ហា​​ស្រុត​ប្រេះ​ជញ្ជាំង ​ឬ​ជ្រាបទឹក​ទេ​ ប៉ុន្តែ​​របង​និង​​ការ៉ូ​ក្រាល​ផ្នែក​ខាង​មុខ​ផ្ទះ​មាន​ប្រេះ​​មួយ​ចំនួន​ តែ​វា​មិន​​ធ្ងន់ធ្ងរ​នោះ​ទេ។

អ្នកស្រី​បាន​បន្ត​ថា​ ប្រព័ន្ធ​សន្តិសុខ​ក្នុង​បុរី​នេះ​មិន​សូវ​ល្អ​ទេ​ ហើយ​ម្ចាស់​បុរី​ក៏​មិន​បាន​ធានា​ជូន​អ្នករ​ស់​នៅ​ទីនេះ​ដែរ​ ព្រោះ​កន្លង​មក​មាន​លេច​ឮ​ថា​ មាន​ចោរ​ចូល​លួច​របស់​របរ​ក្នុង​ផ្ទះ​របស់​អ្នក​រស់​នៅ​ក្នុង​បុរី​នេះ​ ប៉ុន្តែ​ផ្ទះ​អ្នកស្រី​ផ្ទាល់​មិន​ធ្លាប់​មាន​បទ​ពិសោធអាក្រក់​បែប​នេះ​កើត​ ឡើង​ទេ។

អ្នកស្រី​ ​ស៊ីវិន បាន​អះអាង​ថា៖​ «ហេតុ​ផល​​ដែល​ខ្ញុំ​សម្រេច​ចិត្ត​មក​ទិញ​ផ្ទះ​ក្នុង​បុរី​ ព្រោះ​គិត​ថា​ការ​រស់​នៅ​ក្នុង​បុរី​មាន​ភាព​កក់​ក្តៅ មាន​សុវត្ថិភាព ផាសុកភាព បរិស្ថាន​រស់នៅ​ល្អ​ និង​មាន​ទីធ្លា​សម្រាប់​ហាត់​ប្រាណ​ផង​ដែរ»។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី​ស្រមៃ​ដែល​អ្នកស្រី​ ស៊ីវិន ​ធ្លាប់​គិត​ថា ​ការ​រស់​នៅ​ក្នុង​បុរី​មាន​ភាព​កក់ក្តៅ​ និង​មាន​ផាសុកភាព​ពី​មុន​មក គឺ​ខុស​ស្រឡះ ព្រោះ​អ្នកស្រី​តែង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​ឮ​ដំណឹង​ថា​ មាន​ចោរ​ចូល​មក​លួច​របស់​របរ​ក្នុង​ផ្ទះ​របស់​អ្នក​រស់​នៅ​ទីនេះ​មួយ​ចំនួន។

អ្នកស្រី​បាន​លើក​សំណូមពរ​ថា ​ម្ចាស់​បុរី​គួរ​មាន​ការ​ទទួល​ខុសត្រូវ​ ព្រោះ​ម្ចាស់​ផ្ទះ​បាន​បង់​ប្រាក់​ថ្លៃ​សន្តិសុខ​ចំនួន​ ២០ ​ដុល្លារ​​ប្រចាំ​ខែ​ដល់​ពួក​គាត់។

លោក ប៊ិន ​សុជាតិ ដែល​បាន​ទិញ​ផ្ទះ​ក្នុង​បុរី​ពិភពថ្មី ​សំរោង​អណ្តែត ​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​បាន​និយាយ​ថា មុន​ពេល​ទិញ​ផ្ទះ​នៅ​ក្នុង​បុរី​លោក​គិត​ថា ​ការ​រស់​នៅ​ក្នុង​បុរី​មាន​ភាព​ងាយ​ស្រួល​ មាន​សុវត្ថិភាព​ និង​អាច​ចតរថយន្ត​ក្រៅ​ផ្ទះ​បាន ប៉ុន្តែ​ពេល​ទៅ​រស់​នៅ​ជាក់​ស្តែង​អ្វីៗ​មិន​ដូច​ការ​គិត​ទេ ព្រោះ​ម្ចាស់​បុរី​បាន​ដាក់​សម្ពាធ​ដល់​អ្នក​រស់នៅ​មួយ​ចំនួន​។ លើស​ពី​នេះ ​ម្ចាស់​បុរី​ហាក់​នៅ​តែ​គិត​ថា​ផ្ទះ នៅ​ក្នុង​បុរី​នៅ​តែ​ជា​ផ្ទះ​របស់​ខ្លួន​ បើ​ទោះ​បី​ជា​ការ​ពិត​គាត់​បាន​ទិញ​ផ្ទះ​នោះ​រួច​ទៅ​ហើយ​ក៏ដោយ​។ បន្ថែម​ពី​លើ​នេះ​ ម្ចាស់​បុរី​មិន​បាន​ផ្តល់​ព័ត៌មាន​ច្បាស់​លាស់ថា ​បុរី​នេះ​អភិវឌ្ឍ​ក្នុង​ទំហំ​ប៉ុន​ណា​ជាក់​លាក់​នោះ​ទេ​។

លោក​​ថ្លែង​ថា​៖​​ «​រស់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​សំរោង​អណ្តែត​រយៈ​ពេល​ ៤​ ទៅ​ ៥ ឆ្នាំ​កន្លង​មក​នេះ ​ខ្ញុំ​មិន​ដែល​បាត់​របស់​អ្វី​នោះ​ទេ​ ព្រោះ​​យើង​បាន​បង់​ប្រាក់​ពី ​២០ ​ទៅ​ ៣០ ​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់ថ្លៃ​សន្តិ​សុខ​ និង​អនាម័យ»។

ប៉ុស្តិ៍​ អចលន​ទ្រព្យ​ បាន​ព្យាយាម​ទាក់​ទង​ទៅ​ថ្នាក់​ដឹកនាំ​របស់​បុរី​ពិភព​ថ្មី​ដែរ តែ​មិន​មាន​ការ​ឆ្លើយ​តប​។

ម្ចាស់​ផ្ទះ​ម្នាក់​ឈ្មោះ ចំណាន រស់​នៅ​ក្នុង​បុរីចម្ការ​ស្វាយ ​(អតីត​បុរីឧត្តម​មានជ័យ​)​ ដែល​បាន​រស់​នៅ​ទីនោះ​រយៈ​ពេល​ជិត​បី​ឆ្នាំ​មក​ហើយ​នោះ​បាន​ប្រាប់​ថា មុន​មក​រស់​នៅ​ក្នុង​បុរី​លោក​ធ្លាប់​គិត​ថា ​ការ​រស់​នៅ​ក្នុង​បុរី​មាន​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​។ ប៉ុន្តែ​ភាព​ជាក់​ស្តែង​ការ​មក​រស់​នៅ​ក្នុង​បុរី​មិន​មាន​សុវត្ថិ​ភាព ១០០ ភាគ​រយ​នោះ​ទេ ​ព្រោះ​កាល​ពី​ខែ​ កញ្ញា​ ឆ្នាំ​២០១៤​ មាន​ចោរ​ចូល​មក​ប្លន់​ម៉ូតូ​អ្នក​ជិត​ខាង​របស់​លោក​ប្រហែល​ម៉ោង ​៩ ​យប់​យក​ទៅ​បាត់​ដោយ​សុវត្ថិភា​ព​ ខណៈ​កាល​​ពី​ពេលថ្មីៗ​នេះ​ក៏​មាន​ករណី​ចោរ​ចូល​​លួច​រថយន្ត​អ្នក​រស់​នៅ​ ជាប់​ផ្ទះ​លោក​ទៅ​បាត់​ពេល​ម្ចាស់​ចត​នៅ​ក្រៅ​ផ្ទះ។

លោកបញ្ជាក់​ថា​៖​​«នៅ​ទីណា​ក៏​ដោយ​ដើម្បី​សុវត្ថិភាព​គ្មាន​អ្វី​ក្រៅ​ពី ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​នោះ​ទេ ​ព្រោះ​ម្ចាស់​បុរី​ពេល​សង់​ចប់​ក៏​បាន​ចាក​ចេញ​ និង​មិន​មាន​​សន្តិសុខ​យាម​ជា​ប្រចាំ​នៅ​ទីនេះ​ឡើយ»។

លោកបន្ត​ថា​៖​«​តាម​ខ្ញុំ​ដឹង​​នៅ​បុរី​ផ្សេងៗ​ក៏​មាន​ករណី​ស្រដៀង​គ្នា​នេះ​ដែរ​ ហើយ​ម្ចាស់​បុរី​មិន​ដែល​ទទួល​ខុស​ត្រូវ​ទេ»។

លោក ចំណាន ​បានឲ្យ​ដឹង​ទៀត​ថា​ ឥដ្ឋការ៉ូ​នៅ​ក្នុង​ផ្ទះ​របស់​លោក​ដែល​ស្ថិត​ក្នុង​​បុរីចម្ការ​ស្វាយ នៃ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ ​បាន​ស្រុត​តាំង​ពី​លោក​ចូល​មក​រស់​នៅ​បាន​ជាង​១​ឆ្នាំ​មក​ម្ល៉េះ។ កិច្ច​សន្យា​ទិញ​លក់ គឺ​ម្ចាស់​បុរី​សន្យា​ជួយ​ជួសជុល​ក្នុង​ករណី​បាក់​​ស្រុត​ជ្រាប​ទឹក និង​ប្រេះ​ជញ្ជាំង​ត្រឹម​រយៈពេល​ ៦ ខែ​ក្រោយ​ពេល​ចូល​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ​។​

លោក​ក៏​បាន​ត្អូញត្អែរ​ដែរ​ថា ​ផ្លូវ​ក្នុង​បុរី​ ចម្ការ​ស្វាយ​ មាន​ទំហំ​តូច​មិន​មាន​ទីធ្លា​សាធារណៈ​មិន​មាន​សួនច្បារ​ និង​កន្លែង​ហាត់​​ប្រាណ​ឲ្យ​បាន​ស័ក្តិសម​ជា​ឈ្មោះ​បុរី​ពិត​ប្រាកដ​ឡើយ​។

ប៉ុស្តិ៍​អចលន​ទ្រព្យ​មិន​អាច​ស្វែង​រក​ការ​ឆ្លើយ​តប​ពី​ម្ចាស់​បុរី​ខាង​លើ​បាន​ឡើយ​។

អគ្គនាយករង​​នៃ​បុរី​ ប៉េងហួត ​ដែល​បដិសេធ​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ​បន្ទាប់​ពី​បាន​ប្រគល់​ផ្ទះ​ជូន​អតិថិ​ជន​ជា​គោលការណ៍​បុរី​ប៉េងហួត ​គឺ​ផ្ដល់​ជូន​នូវ​ការ​ធានា​ជួសជុល​រយៈ​ពេល​​ ៦ ខែ​ ដែល​ជា​សេវា​កម្ម​ក្រោយ​ការ​លក់ ​ប៉ុន្ដែ​ក្រុមហ៊ុន​អាច​បន្ត​ផ្ដល់​ជូន​សេវា​ជួសជុល​រហូត​ដល់​ ១ ឆ្នាំ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​។

លោក​បាន​បន្តថា​ ដើម្បី​ពង្រឹង​សុវត្ថិភាព​ជូន​អតិថិជន​ស្នាក់​នៅ​ក្នុង​បុរី​​ក្រុមហ៊ុន​បាន ​រៀបចំ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ​សង់​របង​ហ៊ុមព័ទ្ធ​ខ្ពស់ៗ ដែល​មាន​ចម្រឹង​ដែក​ព្រម​ទាំង​ពង្រឹង​ក្រុម​ការងារ​សន្តិសុខ​យាម​ល្បាត​នៅ​ ក្នុង​បុរី ​និង​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​​ផង​ដែរ​។ លើស​ពី​នេះ​បុរី ប៉េង​ហួត ក៏​បាន​រៀបចំ​​ហេដ្ឋារចនា​សម្ព័ន្ធ​ល្អៗ​ដែល​មាន​ប្រព័ន្ធ​អគ្គិសនី​ ទឹក​ស្អាត ​លូបង្ហូរ​ទឹក​ស្អុយ ​និង​អំពូល​បំភ្លឺ​ផ្លូវ​​ទៀត​ផង។

លោក តេង ​រិទ្ធី ​ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃបុរី​ រីវើរ ថោន ​ដែល​ស្ថិត​នៅ​តាម​​ផ្លូវ​ជាតិ​លេ​ខ ៦​ បាន​លើក​ឡើង​ថា ​ក្រុមហ៊ុន​របស់​លោក​មាន​កិច្ច​សន្យា​ធានា​រយៈ​ពេល ៦​ ខែ​ដល់​អតិថិជន​ដែល​​ទិញ​លំនៅឋាន​ក្នុង​បុរី រីវើរ ថោន ប្រសិន​បើ​មាន​ករណី​ជ្រាបទឹក​ ឬ​ប្រេះ​ជញ្ជាំង​ ក្រុម​ហ៊ុន​នឹង​ធានា​ជួស​ជុល​​ជូន ​ប៉ុន្តែ​កន្លង​មក​ផ្ទះ​ក្នុង​បុរី ​រីវើរ ថោន ​មិន​ដែល​មាន​បញ្ហា​​ធំៗ​ទាក់​ទង​នឹង​បញ្ហា​បច្ចេកទេស​នោះ​ទេ ​ព្រោះ​មុន​ពេល​សាង​សង់​វិស្វករ​តែង​ឆែក​ពី​បញ្ហា​ទាក់ទង​នឹង​បច្ចេក​ទេស​ យ៉ាង​លម្អិត​​​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទះ​ក្នុង​បុរី​មិន​ដែល​មាន​បញ្ហា​ស្រុត ​ឬ​បញ្ហាធំៗ​ដទៃ​ទៀត​នោះ​ទេ។

លោកបាន​ថ្លែង​ថា​៖​«​ក្រុមហ៊ុន​មាន​ការ​ប្រយ័ត្ន​ណាស់​ចំពោះ​បញ្ហានេះ​ ព្រោះ​បើ​យើង​ធ្វេស​ប្រហែស​វា​អាច​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន​។ ហេតុ​នេះ​ទើប​មុន​សាងសង់​យើង​តែង​តែ​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​ ទាក់​ទង​នឹង​បញ្ហា​សុវត្ថិភាព»។

លោក អិុន​ ស៊ីថា​ អគ្គនាយក​រង​ក្រុមហ៊ុនអចលន​ទ្រព្យ វើល ត្រាស់ បាន​និយាយ​​ថា និន្នាការ​​រស់​នៅ​តាម​បុរី​ពិត​ជា​កំពុង​​កើន​ឡើង ​ប៉ុន្តែ​មិន​មែន​គ្រប់​​បុរី​ទាំង​អស់​សុទ្ធ​តែ​មាន​មនុស្ស​ចូល​ទៅ​រស់​នៅ​ ពេញៗ​នោះ​​ទេ​។ បុរី​ដែល​មាន​មនុស្ស​ចូល​ទៅ​រស់​នៅ​ច្រើន​ចាប់​ពី​ ៧០​-៨០​ ភាគរយ​ទាល់​តែ​បុរី​នោះ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ឲ្យ​ការ​រស់នៅ​ល្អ​ ប្រសើរ​ដូច​ជា​មាន​ភ្លើង​បំភ្លឺ ផ្លូវ​មាន​បរិស្ថាន​ល្អ ​មានទីធ្លា​សាធារណៈ​ សួនច្បារ​ និង​បរិស្ថាន​ជុំវិញ​ល្អ​ប្រសើរ​ ពិសេស​មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ចំណុច​កណ្តាល​ក្រុង។

លោក​បានថ្លែង​ថា​៖​«​ការ​ដែល​មាន​ប្រជាជន​កាន់​តែ​ច្រើន​ងាក​ទៅ​រស់​នៅ​ ក្នុង​​បុរី​តាម​ជាយ​ក្រុង​នោះ គឺ​ដោយ​សារ​តំបន់​នោះ​មាន​បរិស្ថាន​រស់​នៅ​ល្អ»។

លោកបណ្ឌិត ម៉េង ប៊ុណ្ណារិទ្ធ អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​រៀបចំដែនដី​ និង​នគរូបនីយ​កម្ម​ថ្នាក់ជាតិ​នៃ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ មាន​ប្រសាសន៍​ថា ​តាម​ពិត​អនុក្រឹត្យ​​គ្រប់​គ្រង​បុរី​មាន​ហើយ​ តែ​ចំណុច​ខ្សោយ​ទាក់ទង​ការ​ប្រេះ​ ការ​ស្រុត​ ឬការ​ជ្រាប​ទឹក​នៃ​ផ្ទះ​សាង​សង់​រួច​នៅ​តាម​បុរី​នានា​ក្រសួង​ក៏​កំពុង​គិត​ គូរ​។ ​ពេល​នេះ​​ក្រសួង​​កំពុង​សរសេរ​ច្បាប់​សំណង់ ​និង​ច្បាប់​រៀបចំ​ដែនដី ​ដើម្បី​ធ្វើ​យ៉ាង​ណា​ដាក់​លក្ខខណ្ឌ​គ្រប់​គ្រង​ការ​សាងសង់​បុរី​ឲ្យ​បាន​ តឹងរ៉ឹង​ជាង​មុន។​

លោក​បាន​ថ្លែង​ថា៖​«​យើង​មាន​ច្បាប់​ និង​មាន​អនុក្រឹត្យ​គ្រប់គ្រង​តែ​យើង​មាន​ចំណុច​ខ្វះខាត​ និង​មិន​បាន​តាម​ដានឲ្យ​បាន​​ពេញ​លេញ។ តែ​មិន​មែន​មាន​ន័យ​ថា​ យើង​មិន​បាន​ធ្វើការ​ទាំង​អស់​នោះ​ទេ​»។

លោកបន្ត​ថា​៖​«​តាម​ពិត​មុន​នឹង​សម្រេច​​ឲ្យ​សាង​សង់ ​គឺ​ត្រូវ​សុំ​ច្បាប់​បើក​ការដ្ឋាន​ដែល​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ប្លង់​ គ្រឿង​បង្គុំ តែ​ការ​អនុវត្ត​បានធ្វើ​ពេញ​លេញ​ដូច​ការ​ស្នើសុំ​ ឬអត់​វា​ជា​បញ្ហា​មួយ​ដែល​ត្រូវ​ពង្រឹង​ការ​តាម​ដាន។ ​ប្រសិន​បើ​អនុវត្ត​បាន​តាម​ប្លង់​គ្រឿង​បង្គុំ​ពេញ​លេញ​វា​មិន​អាច​មាន​ បញ្ហា​អាក្រក់​កើត​ឡើង​នោះ​ទេ»​៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!