ជម្លោះ​ដីធ្លី​​នៅ​​សហគម​ន៍​​បុរី​កីឡា​​ក្រុង​ភ្នំពេញ​​អាច​​នឹង​​បិទ​​បញ្ចប់​
Posted On : March, 19, 2015 | By សំឡេងទីក្រុង

ចុះផ្សាយ​នៅ​ថ្ងៃ 19/03/2015, ប្រភព៖ RFI

ថ្ងៃនេះ ប្រជា​សហគមន៍​បុរី​កីឡា​ក្រុងភ្នំពេញ និង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ប្រជុំគ្នា​ដើម្បី​ត្រៀម​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃស្អែក ជាមួយ​សាលា​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ដំណោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគេ។ លទ្ធផល​បឋម​នៃ​ដំណោះស្រាយ​ដែល​នឹងត្រូវ​បទ​ផ្សាយ​នៅ​ថ្ងៃស្អែក​ដែរនោះ ទំនង​អាច​បិទ​បញ្ចប់​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​របស់​សហគមន៍​បុរី​កីឡា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។

មួយថ្ងៃ​មុន​ការប្រកាស​លទ្ធផល​បឋម​នៃ​ការវាយតម្លៃ​លើ​លក្ខណៈសម្បត្តិ​របស់​គ្រួសារ​នីមួយៗ​ដែល​មិនទាន់​ទទួលបាន​ដំណោះស្រាយ​ចំពោះ​ជម្លោះដីធ្លី​នៅ​បុរី​កីឡា មានការ​ប្រជុំ​មួយ​រវាង​សហគមន៍​បុរី​កីឡា និង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន។ ជំនួប​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​គឺ​ដើម្បី​ត្រៀម​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក ប៉ា សុជាតិ​វង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ ដែល​នៅ​ក្នុងនោះ​មានការ​ប្រកាស​លទ្ធ​ល​បឋម​ជា​ផ្លូវការ​នៃ​ដំណោះស្រាយ​ដែល​អាច​នាំទៅដល់​ការបញ្ចប់​ជម្លោះដីធ្លី«ទាំងស្រុង»នៅ​បុរី​កីឡា។

ដោយបាន​ដឹងខ្លះៗថា សាលាក្រុង​បាន​ត្រៀម​ដី​ឡូ​តិ៍ ទទឹង៤ម​បណ្ដោយ៦ម និង​ផ្ទះ​ទំហំ២០ម៉ែត្រក្រឡា នៅក្នុង​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ជាយ​រាជធានី​ភ្នំពេញ អ្នកស្រី ឆាយ គឹម​ហ៊​ន ដែលជា​អ្នកតំណាង​សហគមន៍​បុរី​កីឡា ថ្លែងថា ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​សេសសល់​ទាំង«១៥៤គ្រួសារ»នោះ គឺ«គ្រាន់បើ​ជាង»ការណ៍​ដែល​ឱ្យ​ប្រជាជន​ទៅ​នៅ​ភ្នំ​បាត​ចម្ងាយ៤៥គីឡូម៉ែត្រ​ពី​ភ្នំពេញ និង​នៅ​ទួលសំបូរ​ចម្ងាយ៣០គីឡូម៉ែត្រ​ពី​ក្រុង។

ដោយឡែក លោក សៀ ភារ​ម្យ ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន បានឱ្យដឹងថា ប្រមាណ​ជា៣០ភាគរយ​នៃ​ប្រជាជន«១៥២គ្រួសារ»ទំនង​ទទួលបាន​ផ្ទះល្វែង​សេសសល់​នៅ​បុរី​កីឡា អ្នកខ្លះ​ប្រហែល​ទទួលបាន​ដី​និង​ផ្ទះ​ទំហំ​ពី២០ទៅ២៤ម៉ែត្រការ៉េ នៅ​ជាយក្រុង​ភ្នំពេញ ហើយ​អ្នក​ខ្លះទៀត​ដែល​គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ អាច​ទទួលបាន​ប្រាក់​គោលនយោបាយ២លាន​រៀល ។ទោះបីជា​យ៉ាងនេះ​ក្តី អ្នកស្រី ឆាយ គឹម​ហ៊​ន ក៏បាន​ពោល​ផងដែរ​ថា ទំហំ​ដី​នឹង​ផ្ទះ​ក្នុង​គម្រោង​នោះ​នោះ អាច«ពិបាក​ទទួលយក»ចំពោះ«គ្រួសារ​ដែលមាន​កូន​ច្រើន»។

អ្នកនាំពាក្យ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា សន្និសីទ​សារព័ត៌មាន​មួយ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ក្នុង​សាលាក្រុង ដើម្បី​ប្រកា​ល​លទ្ធផល​បឋម ហើយ​ពលរដ្ឋ​មាន​ពេល​រហូតដល់​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ដើម្បី​តវ៉ា។ បើតាម​លោក ឡុង ឌី​ម៉​ង់ ការវាយតម្លៃ​លើ​លក្ខណៈសម្បត្តិ​នោះ​គឺធ្វើឡើង​តាមរយៈ​ការពិភាក្សាគ្នា«ល្អិតល្អន់»ជាមួយ​ប្រជា​សហគមន៍ ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​គ្មាន«ការ​កេងចំណេញ​នយោបាយ»ឡើយ។

សូម​រម្លឹកថា កាលពី​ឆ្នាំ២០០៣ រដ្ឋាភិបាល​កម្ពុជា​បានប្រគល់​ដី​បុរី​កីឡា​ទៅឱ្យ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដើម្បី​ធ្វើការ​អភិវឌ្ឍ ដោយ​សន្យា​សាងសង់​អាគារ១០ខ្នង​សម្រាប់​ឱ្យ​ប្រជាជន​រស់នៅ។ តាម​ជាក់ស្តែង ក្រុមហ៊ុន​ឯកជន​នេះ សង់​បានតែ៨អាគារ ដោយ​បន្សល់​ទុកឱ្យ​ប្រជាជន៣៨០គ្រួសារ​គ្មាន​សំណង ហើយ​ជម្លោះ​បាន​កើតឡើង​ខ្លាំង​នៅ​ឆ្នាំ២០១២ ពេល​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​បំផ្លាញ​សម្បុក​របស់​ប្រជាជន៕

Urban Voice Cambodia

Urban Voice Cambodia