ជប៉ុន បង្កើត​​ប្រព័ន្ធ​មួយ ដើម្បី​ជួយរក​​ភាព​សុក្រឹត​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ​លើ​បញ្ហា​អគ្គិសនី
Posted On : មករា, 14, 2019 | By សំឡេងទីក្រុង

ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) មានបំណង​រៀបចំ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី​ ក្នុង​គោលដៅ​បង្កើត​ “មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី​ឯករាជ្យ” មួយ សម្រាប់​ទទួល​ការ​វាស់ស្ទង់​ឲ្យ​មាន​ភាព​សុក្រឹត បើ​មាន​អតិថិជន ឬ​ប្រជាពលរដ្ឋ​ តវ៉ា​នូវ​ភាព​មិន​ប្រក្រតី​ណា​មួយ។

ជំនួប​រវាង​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ ជាមួយ​ប្រតិភូ​ជប៉ុន មកពី​ JICA ដឹកនាំ​ដោយ​លោក TANAKA Kotaro តំណាង​ជាន់​ខ្ពស់​របស់​ JICA និង​តំណាង​ក្រុមហ៊ុន Chugoku Electric Power co, Ltd. ដោយ​លោក Junya Shinohara នាយករង និង​លោក Norihiro Watakabe ជំនួយ​ការ​នាយក កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មករា​ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង (រូប៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម)

គម្រោង​រៀបចំ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី​​នេះ ​ត្រូវ​បាន​ពិភាក្សា​ក្នុង​ជំនួប​រវាង​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ ជាមួយ​ប្រតិភូ​ជប៉ុន មកពី​ JICA ដឹកនាំ​ដោយ​លោក TANAKA Kotaro តំណាង​ជាន់​ខ្ពស់​របស់​ JICA និង​តំណាង​ក្រុមហ៊ុន Chugoku Electric Power co, Ltd. ដោយ​លោក Junya Shinohara នាយករង និង​លោក Norihiro Watakabe ជំនួយ​ការ​នាយក កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មករា​ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។

គម្រោង​រៀបចំ​បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី ជា​គម្រាង​រៀបចំ​រួមគ្នា រវាង​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ -អគ្គិសនី​កម្ពុជា (EDC) និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ (EAC) ។

​តំណាង​ភាគី​ជប៉ុន​ បាន​ជម្រាប​ផង​ដែរ ពី​លទ្ធផល​សកម្មភាព​ការងារ​កន្លង​មក ដូចជា បាន​ចុះ​រៀប​ចំ​សិក្ខាសាលា​ចំនួន ២៨​ដង នៅ​ទីតាំង ១៩​ខេត្ត ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់ ​បាន​ចំនួន ​៦៦៣ នាឡិកា​ស្ទង់។ ក្នុងនោះ ​មាន៣៤ កុងទ័រ​ដំណើរការ​មិន​ប្រក្រតី ។ តាម​ការ​ប៉ាន់ស្មាន​ចំនួន​កុងទ័រ​អគ្គិសនី​ដែល​ត្រូវ​ដំឡើង​ភ្ជាប់​ជូន​អតិតិជន​មាន​ចំនួន​ប្រមាណ​ ៤០ម៉ឺន​គ្រឿង​ជា​រៀងរាល់​ឆ្នាំ​។ រហូត​មក​ដល់​ឆ្នាំ​២០១៦ មាន​កុងទ័រ​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​មាន​ចំនួន ​២ ១៧០ ៦៨២ កុងទ័រ​អគ្គិសនី​។

ដើម្បី​ទ្រទ្រង់​ការងារ​នេះ​ឲ្យ​ដំណើរការ​បាន តំណាង​ដៃគូ​ជប៉ុន​ បាន​បង្ហាញ​ពី​តម្រូវ​ការ​មួយ​ចំនួន​ចំពោះ​មុខ មាន​ដូចជា៖ មាន​តម្រូវការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី​ចំនួន​ពី ១៣ ទៅ១៧ គ្រឿង និង​ចំនួន​មនុស្ស​ក៏​ដូច​គ្នា​ដែរ​ -ចំនួន​នាឡិកា​ស្ទង់​អគ្គិសនី​ដែល​ត្រូវ​ត្រួតពិនិត្យ​គឺ​ចាប់ពី ៣០០ ទៅ ៤០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុគ្គលិក​ម្នាក់​-សមត្ថភាព​ឧបករណ៍ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​គឺ​អាច​ត្រួត​ពិនិត្យ ០១ដង បាន ៤០ កុងទ័រ ហើយ​បុគ្គលិក​ម្នាក់​អាច​ទទួល​ខុស​ត្រូវ​លើ​ឧបករណ៍​ត្រួត​ពិនិត្យ​ ០១ ​គ្រឿង។

លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ឲ្យដឹង​ថា ការ​ផ្តល់​ជំនួយ​លើ​ការងារ​តាម​រយៈ​ JICA នេះ​ គឺ​អនុវត្ត​គម្រោង​ក្រោម​ក្របខ័ណ្ឌ​ជា​ទម្រង់ BOT សំដៅ​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​កុងទ័រ​អគ្គិសនី​មាន​ភាព​សុក្រឹត្យ​សម្រាប់​អតិថិជន​ទូទៅ ។

លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ ពិភាក្សា​លម្អិត​បន្ថែម​ទៀត​អំពី​ទិដ្ឋភាព​បច្ចេកទេស​ដូចជា៖ ថា​តើ​យើង​ត្រូវ​ត្រួត​ពិនិត្យ​កុងទ័រ ទាំងអស់​ពី​អ្នក​នាំចូល​មុន​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ ឬ​យ៉ាងណា? តើ​ការ​អនុវត្ត​យន្តការ​ត្រួត​ពិនិត្យ​ដូចម្តេច ពេល​មាន​ការ​តវ៉ា​ពី​អតិថិជន និង​ប្រជាពលរដ្ឋ ? ព្រមទាំង​បញ្ជាក់​ពី​តម្រូវការ​មន្ត្រី​ជំនាញ និង​ការ​បណ្តុះបណ្តាល​មន្ត្រី ទាំង​ថ្នាក់​កណ្តាល និង​តាម​បណ្តាខេត្ត​ រាជធានី ដើម្បី​អាច​អនុវត្ត​ការងារ​នេះ​បាន​ដោយ​រលូន ជាពិសេស​ពេល​ដែល​គម្រោង​នេះ ត្រូវ​ផ្ទេរ​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​គ្រប់គ្រង​ទាំងស្រុង​វិញ​ ក្នុង​ពេល​កំណត់​ណា​មួយ៕

 

អត្ថបទ៖ លាភ.

ប្រភព៖ ខ្លីខ្លី

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!