ជប៉ុន​ផ្តល់​បទពិសោធន៍​ដល់​កម្ពុជា​ពី​ការ​អភិវឌ្ឍ​លំនៅឋាន​សាធារណ:​សម្រាប់​អ្នក​ក្រីក្រ
Posted On : ឧសភា, 4, 2015 | By សំឡេងទីក្រុង

ដោយ, វិទ្យុអាសុីសេរី, ថា កិត្យា, ០៣​​ ឧសភា ២០១៥

image

ប្រទេស​ជប៉ុន បាន​ផ្តល់​បទពិសោធន៍​ជាច្រើន​ពី​ការ​អភិវឌ្ឍ​លំនៅឋាន​សាធារណៈ​របស់​ប្រទេស​ ខ្លួន​ដល់​ប្រទេស​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ មាន​គម្រោង​សាងសង់​លំនៅឋាន​សាធារណៈ​សម្រាប់​អ្នក​ក្រីក្រ។ គម្រោង​នេះ​ដែរ ត្រូវ​បាន​សង្គម​ស៊ីវិល​សាទរ​ផង និង​ព្រួយ​បារម្ភ​ផង​ពី​ការ​អភិវឌ្ឍ​មិន​មាន​តម្លាភាព។

ការងារ​លំនៅឋាន​សាធារណៈ​របស់​ប្រទេស​ជប៉ុន សម្រាប់​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម និង​ទាប និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកទេស​លំនៅឋាន បាន​ក្លាយ​ជា​មេរៀន​ដ៏​សំខាន់​ក្នុង​ដំណើរ​ទស្សនកិច្ច ៣​ថ្ងៃ​ក្នុង​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន របស់​គណៈ​ប្រតិភូ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី អ៊ឹម ឈុនលឹម។

មិន​តែ​ប៉ុណ្ណោះ គណៈ​ប្រតិភូ​កម្ពុជា ក៏​បាន​ទៅ​ពិនិត្យ​មើល​ដល់​ទីកន្លែង​នូវ​គម្រោង​សំណង់​លំនៅឋាន​សាធារណៈ ដែល​បាន​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ដោយ​វិស័យ​ឯកជន។

ការ​ដកស្រង់​បទពិសោធន៍​នេះ គឺ​បន្ទាប់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​ប្រកាស​ពី​គម្រោង​សាងសង់ និង​អភិវឌ្ឍ​លំនៅឋាន​ក្នុង​តម្លៃ​សមរម្យ ដើម្បី​ដាក់​លក់ និង​ជួល​ដល់​ប្រជាពលរដ្ឋ​ដែល​ឋិត​ក្រោម​ខ្សែ​បន្ទាត់​ក្រីក្រ ដែល​មាន​ចំនួន ១៨​ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា សរុប។

លោក អ៊ី សារ៉ុម ជា​ប្រធាន​សម្រប​សម្រួល​កម្មវិធី​នៃ​អង្គការ​សមាគម​ធាង​ត្នោត មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ល្អ​មួយ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ លោក​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​មតិ​យោបល់​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ផង​ដែរ៖ «សម្រាប់​បញ្ហា​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​សាលា​រាជធានី​ភ្នំពេញ ត្រូវ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ជា​គំនិត និង​យោបល់​ពី​សង្គម​ស៊ីវិល និង​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ដើម្បី​កុំ​ឲ្យ​គម្រោង​ដែល​អភិវឌ្ឍ​ទៅ​នៅ​ថ្ងៃ​អនាគត គឺ​ធ្វើ​ដោយ​ពុំ​បាន​ចំណេញ​ដល់​ប្រជាពលរដ្ឋ»

ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) របស់​ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២ ឧសភា បាន​ស្រង់​ប្រសាសន៍ លោក អ៊ឹម ឈុនលឹម ថា នៅ​ក្រោយ​ពេល​ដែល​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​លំនៅឋាន​សាធារណៈ​នៅ​កម្ពុជា បាន​សម្រេច​ជា​កិច្ច​ព្រមព្រៀង​ហើយ នោះ​នឹង​អាច​ឈាន​ទៅ​ដល់​ការ​អនុវត្ត​គម្រោង​លំនៅឋាន​សាធារណៈ​ជា​ការ​ សាកល្បង។

យ៉ាង​ណា​ក៏ដោយ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​បញ្ជាក់​បន្ថែម​ពី​ពេលវេលា​ជាក់លាក់ និង​ខ្ទង់​ចំណាយ​ពី​គម្រោង​សាងសង់​លំនៅឋាន​សម្រាប់​ពលរដ្ឋ​ក្រីក្រ​បាន​ឡើយ។

ជាមួយ​គ្នា​នេះ លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ដំណើរ​ការ​នៃ ​ការ​ដាក់​លក់ ឬ​ជួល​លំនៅឋាន​សាធារណៈ​នេះ​ដល់​ពលរដ្ឋ​ក្រីក្រ។ លោក​ថា គម្រោង​នេះ​វា​ពិត​ជា​ល្អ​ណាស់ ប៉ុន្តែ​ការ​អនុវត្ត​វិញ​អាច​មិន​សូវ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​អ្នក​ ក្រីក្រ​ពិត​ប្រាកដ​បាន ហើយ​អ្នក​មាន​លទ្ធភាព​នៅ​តែ​ឆ្លៀត​ឱកាស៖ «ខ្ញុំ​ គិត​ថា គំនិត​ដែល​រដ្ឋ​បាន​គិត ក្រសួង​រៀបចំ​ដែនដី បាន​គិត​នេះ គឺ​ជា​គំនិត​ល្អ ប៉ុន្តែ​ការ​អនុវត្ត​ដែល​ជា​ប្រការ​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ ចំពោះ​បញ្ហា​ការ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ ឬ​ក៏​យ៉ាង​ណា»

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នោះ រដ្ឋាភិបាល​ជប៉ុន ក៏​បាន​បង្ហាញ​ការ​គាំទ្រ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កម្ពុជា តាម​សំណូមពរ​របស់​លោក​រដ្ឋមន្ត្រី អ៊ឹម ឈុនលឹម លើ​ការងារ​សំខាន់ៗ​ចំនួន​៣។ ទី​១ ការងារ​រៀបចំ​ផែនការ​មេ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់​រាជធានី​ភ្នំពេញ។ ទី​២ ការ​រៀបចំ​លំនៅឋាន​សាធារណៈ​របស់​កម្ពុជា និង​ទី​៣ ការ​រៀបចំ​កិច្ច​សហប្រតិបត្តិការ​ជំនួយ​បច្ចេកទេស។

គណៈ​ប្រតិភូ​កម្ពុជា នៅ​ទីក្រុង​តូក្យូ ក៏​បាន​ស្តាប់​របាយការណ៍​របស់​ក្រុមហ៊ុន យូរីកា ម៉ូមេ ជា​ក្រុមហ៊ុន​រថភ្លើង​អាកាស​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ ជា​ប្រភេទ​រថភ្លើង​សមស្រប​ក្នុង​ការ​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង។ ប្រភេទ​រថភ្លើង​នេះ ជា​ករណី​អាច​បញ្ចូល​ក្នុង​ការ​សិក្សា​ប្លង់​មេ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន ​របស់​រាជធានី​ភ្នំពេញ ដែល​អង្គការ​ចៃកា (JICA) បាន​សិក្សា​កន្លង​មក៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!