ពលរដ្ឋធ្វើដំណើរនៅលើផ្លូវម៉ៅសេទុង​ ត្រូវពន្លត់ម៉ាស៊ីន ហើយចុះបណ្ដើរ

ជប៉ុន​ផ្តល់​ជំនួយ​ធ្វើ​ស្ពាន​ចំនួន​ ៧ ​ខណៈ​ផ្លូវ​មួយ​ចំនួន​ត្រូវ​ទឹក​ជន់​លិច

រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ស្ពានចំនួន ៧ បន្ថែមទៀតនៅក្នុងខេត្តក្រចេះ និងខេត្តព្រៃវែងដើម្បីធានាដល់ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងស្ថិរភាពនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់លោកប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកាលពីព្រឹកម្សិលមិញ។

លោក សុខុន បានថ្លែងបែបនេះនៅក្នុងពិធីចុះហត្ថលេខាមួយជាមួយលោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបចំនួន ៣៩៤២ លានយ៉េន (ប្រមាណ ៣៥ លានដុល្លារអាមេរិក) សម្រាប់អនុវត្ដគម្រោង «សាងសង់ស្ពានបន្ទាន់នៅតំបន់រងគ្រោះដោយសារទឹកជំនន់» ។

ទោះជាបែបណាក្ដីលោក សុខុន មិនបានថ្លែងឲ្យដឹងអំពីកាលបរិច្ឆេទនៃការចាប់ផ្ដើមដំណើរការអនុវត្តគម្រោងខាងលើនេះទេដោយលោកបានថ្លែងយ៉ាងខ្លីថាស្ពានចំនួន ៥ នឹងត្រូវសាងសង់នៅលើកំណាត់ផ្លូវជាតិលេខ ៧៣ ដែលស្ថិតក្នុងខេត្តក្រចេះ និងស្ពានចំនួន ២ ទៀតនឹងត្រូវសាងសង់នៅលើផ្លូវជាតិលេខ ១១ ដែលស្ថិតនៅក្នុងខេត្តព្រៃវែងហើយស្ពានទាំងនោះនឹងមកជំនួសស្ពានបច្ចុប្បន្នដែលកំពុងចាស់ទ្រុឌទ្រោម ដើម្បីចូលរួមចំណែក «លុបបំបាត់ភាពងាយរងគ្រោះ» ដោយសារគ្រោះធម្មជាតិនៅក្នុងតំបន់គោលដៅទាំងនោះ។

នៅក្នុងខណៈនោះដែរលោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា បានថ្លែងថាគម្រោងនេះនឹងចូលរួមលើកស្ទួយសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងដើម្បីពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតរវាងប្រទេសទាំងពីរ។

លោកបញ្ជាក់ថា៖ «តាមរយៈគម្រោងនេះយើងរំពឹងថាមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេអ្នកដំណើរអន្តរជាតិក៏នឹងប្រើប្រាស់ស្ពានទាំងនេះផងដែរ»។

គួររំឭកផងដែរថាចាប់តាំងពីខែមេសាឆ្នាំ ២០១៧ កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវរបស់ជប៉ុនប្រហែល ២៤៩ លានដុល្លារក្នុងនោះរួមមាន ហិរញ្ញប្បទានឥតសំណងប្រមាណ ៤០ លានដុល្លារសម្រាប់អភិវឌ្ឍធនធានមនុស្ស និងការពារទឹកជំនន់ព្រមទាំងការកែលម្អប្រព័ន្ធលូបង្ហូរទឹកនៅភ្នំពេញ និងកម្ចីសម្បទានដែលមានទឹកប្រាក់ប្រមាណ ២០៩ លានដុល្លារសម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្នុងក្រុងព្រះសីហនុ។

ទាក់ទងនឹងគ្រោះទឹកជំនន់នៅឯខេត្តសៀមរាបកាលពីម្សិលមិញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានធ្វើការហាមឃាត់ជាបណ្ដោះអាសន្ន ចំពោះរថយន្តដឹកទំនិញធំៗធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនដែលកំពុងរងការលិចលង់ដោយទឹកជំនន់ដែលរួមមានផ្លូវជាតិលេខ ៦, ៦៣, ៦៤, ៦៧, ៦៨, ២៦៦c និង បណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀតនៅក្នុងទីរួមក្រុង និងស្រុកមួយចំនួននៅក្នុងខេត្តនេះដើម្បីការពារកុំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

ការសម្រេចនេះបានធ្វើឡើងក្រោយពេលក្រសួងធនធានទឹកបានប្រកាសព្រមានអំពីអាកាសធាតុដែលនឹងបន្តធ្លាក់ភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងដែលត្រូវអូសបន្លាយរហូតដល់ថ្ងៃទី ១០ ខែតុលា ខាងមុខ។

កាលពីព្រឹកថ្ងៃម្សិលមិញក្រសួងធនធានទឹកក៏បានចេញសេចក្ដីអំពាវនាវយ៉ាងបន្ទាន់មួយដល់ប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិទាំងអស់គួរផ្អាកដំណើរកម្សាន្តទៅកាន់តំបន់ទឹកជ្រោះ ដងអូរ ក៏ដូចជាស្ទឹងព្រែកមួយរយៈសិន ដើម្បីការពារពីការអាចកើតមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

នៅក្នុងសេចក្ដីអំពាវនាវនោះក្រសួងបានលើកឡើងនូវហេតុផលមួយថា ដោយសារភ្លៀងដែលបានធ្លាក់យ៉ាងគំហុកក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមកនេះបានបង្កឲ្យមានជំនន់ទឹកភ្លៀងច្រើនកន្លែង។

ទន្ទឹមនឹងនេះកម្ពស់ទឹកនៅតាមអាងទឹកជ្រោះ ជ្រលងដងអូរ ស្ទឹង ព្រែក…មួយចំនួនក៏បានហក់ឡើងខ្ពស់ លឿនខុសពីប្រក្រតីផងដែរ៕

ប្រភព៖ Postkhmer

Leave a Reply