ជប៉ុនបង្ហាញវិធីសន្សំសំចៃ និង​មានប្រសិទ្ធភាព ក្នុងការជួសជុលស្ពានជ្រោយចង្វារ​
Posted On : កញ្ញា, 6, 2018 | By សំឡេងទីក្រុង

លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា បានបង្ហើប​ថា ​ជប៉ុនបាន​ធ្វើការ​ជួសជុល​ស្ពានជ្រោយចង្វារ​ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ នៃប្រទេសជប៉ុន។ នេះបើតាម​វីដេអូ ដែល​ត្រូវបានបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំ​កម្ពុជា នៅល្ងាច​ថ្ងៃទី​៥ ខែកញ្ញា​ ឆ្នាំ​២០១៨​។

បច្ចេកវិទ្យានោះ គឺ​ការ​ប្រើប្រាស់​កម្ទេច​ដែក​អ៊ីណុក ដើម្បី​ធ្វើ​ការ​បោស​សម្អាត​កំបោរ​ចាស់ៗ​ចេញ​ពី​ស្ពាន។ នៅ​ពេល​ធ្វើ​ការ​បោស​សម្អាត កំបោរ​ចាស់ៗ និង​កម្ទេច​ដែក​ដែល​បាន​ធ្លាក់ ត្រូវ​បាន​បូម​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បូម និង​បែង​ចែក។ កម្ទេចដែក​អ៊ីណុក​ នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ធុង​ស្តុក​ ដើម្បី​ទុក​ប្រើប្រាស់​ម្ដង​ទៀត ខណៈ​កំបោរ​ចាស់ៗ នឹង​ត្រូវ​បូម​បន្ត​ទៅ​កាន់​ម៉ាស៊ីន​មួយ​ទៀត​មុន​ធ្លាក់​ចូល​ក្នុង​ធុង​សំណល់។ វិធី​នេះ មិន​ត្រឹម​តែ​ មិន​ធ្វើ​ឲ្យ​កាក​សំណល់​ចាស់​ៗ​ធ្លាក់​ក្នុង​ទន្លេ​នោះ​ទេ ក៏ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ការលាបពណ៌​ស្ពាន​សាជាថ្មី បានស្អាត ដោយជៀសវាង​ការជ្រាបទឹក​ដែល​បណ្ដាលឲ្យតួដែកស្ពានច្រែះ។

សូម​បញ្ជាក់ថា ការជួសជុល​ស្ពានជ្រោយចង្វារ​នេះ ​ប្រើ​​ពេល ២៤ខែ ចាប់ពីខែតុលា ឆ្នាំ​២០១៧ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០១៩។​​ ទឹកប្រាក់​ត្រូវ​ចំណាយ​លើ​ការជួសជុល មាន​ប្រមាណ​ ៣០លាន​ដុល្លារ ដោយ​ស្ថិតក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)​។

ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ដែលមាន​ប្រវែង​ជិត​១០០០​ម៉ែត្រនេះ ត្រូវ​ចែកចេញជា ៣ ផ្នែក​សំខាន់ៗ​ផ្សេងគ្នា។ ក្នុងនោះ​ ផ្នែក​ទី ១ គម្រោង​ជួសជុល​ចុងស្ពាន និង​ផ្លូវថ្នល់ ទាំងសងខាង​មាន​ប្រវែង ២៥៨ម៉ែត្រ​ និង​ផ្នែក​ទី ២ ជា​គម្រោង​ជួសជុល​គល់ស្ពាន​ប្រវែង ១៦៨ ម៉ែត្រ​។ ចំណែកឯ​ផ្នែក​ដ៏​សំខាន់​នោះ គឺ​តួ​ស្ពាន​មាន​ប្រវែង ៥៤៥ ម៉ែត្រ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!