14718728_1101242846591916_1025255218256910396_n

ជប៉ុនគ្រោងកសាងស្ថានីយ៍ប្រព្រឹត្តកម្មទឹកសំណល់រាវធំរួមនៅក្រុងភ្នំពេញ

ប្រទេសជប៉ុន តាមរយៈអង្គការ JICA បាននឹងកំពុងសិក្សាគម្រោងកសាងស្ថានីយប្រព្រឹត្តកម្មទឹកសំណល់រាវធំរួម សម្រាប់កែលម្អប្រឡាយលូ និងសំណល់រាវ ដើម្បីលើកកម្ពស់បរិស្ថានទីក្រុងភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចេញផ្សាយនាពេលថ្មីៗនេះ។

ក្នុងឱកាសសន្និសីទសារព័ត៌មានលើកទី២ ស្តីពីសកម្មភាពលើគម្រោងអភិវឌ្ឍន៍បរិស្ថានទីក្រុងនៅថ្ងៃទី១៣ ខែមីនា ទីប្រឹក្សាគម្រោងរបស់អង្គការ JICA ជប៉ុន លោក អ៊ូជីដា ថូហ្គោ រូបនេះបានបញ្ជាក់ថា ការងារអភិរក្សបរិស្ថាន និងជួយរាជធានីភ្នំពេញពីការជន់លិចដោយទឹកជំនន់ និងធ្វើឱ្យប្រព័ន្ធបង្ហូរទឹកស្អុយ សំរាម មានចីរភាពទៅបាន គឺអាស្រ័យដោយការចូល រួមរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងចូលរួមទាំងអស់គ្នា ពិសេសយល់ពីផលប៉ះពាល់បរិស្ថានដែលកើតចេញពីកត្តាមនុស្ស។

អង្គការJICA នឹងកសាងអាងស្ថានីយប្រព្រឹត្តកម្មទឹកសំណល់រាវធំរួមមួយនៅបឹងជើងឯក និងកសាងស្ថានីយប្រព្រឹត្តកម្ម ទ្រង់ទ្រាយតូចនៅបឹងតាមោក និងតំបន់ផ្សេងៗទៀត និងកសាងទីតាំងសម្រាប់ចោលភក់ប្រមាណជា ៣៥ហិកតា ដែលមានទីតាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បច្ចុប្បន្ន JICA ជប៉ុននិងមន្ទីរសាធារណការរាជធានីភ្នំពេញ បានកំពុងសហការសិក្សាលើ គម្រោងជាច្រើន ដែលពាក់ព័ន្ធ ការគ្រប់គ្រងប្រព័ន្ធទឹកសំណល់រាវ និងប្រព័ន្ធបង្ហូរទឹកភ្លៀងនៅរាជធានីភ្នំពេញ ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការរបស់ប្រទេសជប៉ុន ដោយមិនរាប់បញ្ចូលហិរញ្ញប្បទានឥត សំណងដែលអនុវត្តន៍ដោយផ្ទាល់ ដោយក្រសួងការបរទេសជប៉ុននៅក្នុង លក្ខណៈការទូតនោះទេ។

សូមបញ្ជាក់ផងដែរថា កម្ពុជាក៏មានគម្រោងបង្កើនស្ថានីយប្រព្រឹត្តកម្មនៅតាមតំបន់គោលដៅខាងជើង ខាងត្បូងរាជធានីភ្នំពេញចំនួន៦កន្លែង ដែលស្ថានីយទាំងនោះវានឹងធ្វើឱ្យប្រសើរឡើងនូវបញ្ហាបរិស្ថាន ពិសេសទឹកកខ្វក់ធ្លាក់ចុះទៅបឹងទន្លេដែលមានទំហំជាង៣០០ពាន់ម៉ែត្រគីបក្នុង១ថ្ងៃ និងអាចជួយកាត់បន្ថយការគំរាមកំហែងពីទឹកជំនន់មកលើរាជធានីភ្នំពេញ៕

ប្រភព៖ Business Cambodia News

Leave a Reply