ជនជាតិខ្មែរ និងពលរដ្ឋជប៉ុនសរុបប្រមាណ ៨០០ នាក់បានចូលរួមដើររើសសំរាម បោសសម្អាតទីធ្លានានាក្នុងរាជធានីភ្នំពេញ
Posted On : វិច្ឆិកា, 19, 2018 | By សំឡេងទីក្រុង

ជនជាតិខ្មែរ និងពលរដ្ឋជប៉ុនសរុបប្រមាណ ៨០០ នាក់បានចូលរួមក្នុងកម្មវិធី«ភ្នំពេញទីក្រុងស្អាតជាមួយ ប្រទេសជប៉ុន»ដើររើសសំរាម បោសសម្អាតទីធ្លានានាក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះដោយមានការចូលរួមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។ គម្រោង«ភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន» នៅព្រឹកនេះត្រូវបានសហការរៀបចំដោយគណៈកម្មាធិការគម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន និងក្រសួងបរិស្ថាន។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានគាំទ្រ និងសូមវាយតម្លៃខ្ពស់ចំពោះ «គម្រោងភ្នំពេញទីក្រុងស្អាត»នេះដែលបង្កើតជាឱកាសជួបជុំមួយក្នុងចំណោមអ្នកស្រឡាញ់បរិស្ថានដើម្បីរើសសំរាម សម្អាត ទីក្រុង។ នេះជាសកម្មភាពដ៏មានតម្លៃក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ស្រឡាញ់បរិស្ថាន និងចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងទីក្រុងរបស់យើងក្នុងចំណោមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជំរុញចលនាចូលរួមសម្អាតទីក្រុងដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងយើងកាន់តែមានសោភ័ណភាព បរិស្ថានស្អាត និងប្រកបដោយផាសុកភាពសម្រាប់ការរស់នៅ និងទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា បានថ្លែងថាកម្មវីធីនេះពិតជាមានអត្ថន័យ ជ្រៀលជ្រៅដោយបងប្អូនជនជាតិជប៉ុននៅរាជធានីភ្នំពេញផ្តួចផ្តើមគំនិតឡើងដោយសហការរៀបចំជា
មួយក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ ហើយបងប្អូនប្រជាជនជប៉ុន និងកម្ពុជារួមសាមគ្គីគ្នាសម្អាតទីក្រុង។ លោកឯកអគ្គរាជទូតបានថ្លែងថាបញ្ហាសំរាមនៅក្នុងទីក្រុងមិន ត្រឹមមានតែនៅក្នុងប្រទេសកម្ពុជា សូម្បីតែនៅប្រទេសជប៉ុនក៏មានបញ្ហាប្រឈមដែរ។​ ចំណែកឯកឧត្តម ហួត ហៃ បានលើកឡើងថា វាជាភាពចាំបាច់ ដែលទាំងអស់គ្នាចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើឱ្យ ទីក្រុងរបស់យើងជាកន្លែងដែលគួររស់នៅ និងប្រកបដោយអនាម័យបរិស្ថានល្អ។

​យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ នៅក្នុងមួយថ្ងៃ សំណល់រឹងសំរាមនៅក្នុងរាជធានីភ្នំពេញបានកើនរហូតដល់ ៣០០០ តោន ក្នុងនោះ ៦៥% ជាសំរាមសើម ២០%ជាថង់ប្លាស្ទិក និងជាង ១០% ជាសំណល់រឹង។ ចំណែកការការច្នៃសំរាម មានត្រឹមតែ ២០%ប៉ុណ្ណោះដែលធ្វើឱ្យអាត្រាសំរាមដែលត្រូវបោះចោលនៅទីៅលានសំរាមមានពី ៧០ ទៅ ៨០% និងសំរាមមួយចំនួនទៀតត្រូវបានបោះចោលអនាធិបតេយ្យនៅតាមផ្លូវសាធារណៈនានា។ សំណល់ដែលត្រូវបានអ្នកចូលរួមប្រមូលបានគឺភាគច្រើនជាសំណល់សំរាម ថង់ប្លាស្ទិកដែលត្រូវបានបោះរាយប៉ាយនៅតាមធីធ្លាសាធារណៈនានាក្រោយពីការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមិនបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ចំពោះមុខនៃបញ្ហាកំណើនសំរាមក្នុងទីក្រុងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវថា យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សាអនាម័យ ទីក្រុងរបស់យើងទាំងអស់គ្នាដោយ៖ ទី១) ធ្វើការញែកសំរាមតាមប្រភេទសំរាមជាសំណល់សរីរាង្គ សំរាម ប្លាស្ទិក និងសារធារតុគ្រោះថ្នាក់ និងវេចខ្ចប់និងគ្រប់គ្រងសំរាមដែលខ្លួនបង្កើតឱ្យបានត្រឹមត្រូវ។ ទី២) អនុ វត្តនូវគោលការណ៍ ៣អ៊ែរ (កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ចំពោះសំណល់ថង់ ប្លាស្ទិកដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបំផ្លាញសោភ័ណភាពទីក្រុងយើង។ ទី៣) ចូលរួមសម្អាតអនាម័យបរិស្ថានទីក្រុងយើងដោយចាត់ទុក «គ្រប់ទីកន្លែងទាំងអស់ជាផ្ទះរបស់យើង» ដែលត្រូវតែស្អាត និង មានផាសុកភាពគួរឱ្យរស់នៅ។ ទី៤) ចូលរួមដាំដើមឈើដើម្បីបង្កើតភាពបៃតង និងបង្កើនគុណភាពខ្យល់ និងទី៥) សូមកុំចោលសំរាមផ្តេសផ្តាសត្រូវទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។ កិច្ចការទាំងនេះនឹងជួយធ្វើឱ្យទីក្រុងរបស់យើងមានអនាម័យបរិស្ថានកាន់តែល្អស្អាត។

​ឯកឧត្តម នេត្រ ភក្ត្រា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ខ្ញុំជឿជាក់ថា«គម្រោង
ភ្នំពេញទីក្រុងស្អាត» ដែលបានបើកនៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបសាមគ្គីភាពយូរអង្វែងរវាងប្រជាជនកម្ពុជា និងជប៉ុននៅក្នុងការលើកកម្ពស់តម្លៃបរិស្ថាន ធ្វើឱ្យទីក្រុងយើងគ្មានសំរាមចោលផ្តេសផ្តាស។ មិនតែប៉ុណ្ណោះសកម្មភាពនៅថ្ងៃនេះ នឹងក្លាយជាជួងដាស់អារម្មណ៍ដល់ជនមួយចំនួនតូចដែលបានបោះចោលសំរាមពាសវាលពាស កាលឱ្យភ្ញាក់រលឹកឡើង និងចូលរួមសម្អាតបរិស្ថានទីក្រុងយើងទាំងអស់គ្នា។ ទីក្រុងយើងស្អាតគឺជាមោទនភាពរបស់យើង និងលើកតម្កើងសុខុមាលភាពប្រជាពលរដ្ឋ សោភ័ពភាពទីក្រុងដែលជាផ្ទះរបស់យើងទាំងអស់គ្នា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ នេះ ក្រសួងបរិស្ថានបានកំណត់ចក្ខុវិស័យរបស់ខ្លួនដោយលើកឡើងថា គុណភាព និរន្តរភាពបរិស្ថានត្រូវបានធានា៕

 

ប្រភព៖ Ministry of Environment

សំឡេងទីក្រុង!

សំឡេងទីក្រុង!