chroy_changva

ឆ្លង​សាឡាង ពេល​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់ មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ​

អាជ្ញាធរនឹងដាក់ឲ្យប្រើប្រាស់សាឡាង ដោយឥតយកកម្រៃ អំឡុងពេលស្ពានជ្រោយចងា្វរចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបិទបណ្ដោះអាសន្ន ដើម្បីបើកការដ្ឋានជួសជុលកែលម្អ ចាប់ពីខែមករាឆ្នាំ២០១៧ ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

 តាមផែនការស្ពានជ្រោយចង្វារចាស់ ដែលត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវបើកការដ្ឋានជួសជុលឡើងវិញ នៅខែមករាឆ្នាំ២០១៧ ។ ក្រុមហ៊ុនជប៉ុននឹងចំណាយពេលប្រហែល ២២ខែដើម្បីបញ្ចប់ការជួសជុលស្ពាននេះ។ នៅក្នុងអំឡុងពេលដំណើរការជួសជុលស្ពាន អាជ្ញាធរចង់យកសាឡាងពីអ្នកលឿងមកចម្លងអ្នកដំណើរពីត្រោយម្ខាង ទៅត្រោយម្ខាងទៀតនៅទីតាំងនេះ។

លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកកាសែតនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី២៨ខែធ្នូនេះថា មុនដំបូងក្រសួងគ្រោងដាក់ឲ្យប្រើប្រាស់សាឡាងតែ១ ប៉ុន្តែឥឡូវក្រសួងកំពុងពិចារណាដាក់ដំណើរការសាឡាងចំនួន២ ដើម្បីសម្រួលការធ្វើដំណើរ។ លោកបញ្ជាក់ថា ការឆ្លងសាឡាងអំឡុងពេលជួសជុលស្ពានជ្រោយចង្វារចាស់នេះ នឹងមិនតម្រូវឲ្យបង់កម្រៃនោះទេ ដោយលោកអះអាងយ៉ាងដូច្នេះថា៖«ខ្ញុំថាយកលុយមិនកើតទេ ដោយសារស្ពានជ្រោយចង្វារឆ្លងអត់យកលុយ បើយើងដាក់ស្រឡាងយកលុយគាត់ គឺវាខុសហើយ ដូច្នេះយើងខ្ញុំថាអត់យកលុយទេ»។

បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីពេលកន្លងមក ម្ចាស់ជំនួយជប៉ុននឹងត្រូវចំណាយថវិកាសម្រាប់ការជួសជុលស្ពានជ្រោយចង្វារចាស់នេះ ប៉ុន្តែមន្ត្រីទាំងនេះមិនអាចបញ្ជាក់បានពីទំហំទឹកប្រាក់ក្នុងការជួសជុលនេះទេ៕

ប្រភព៖ thmeythmey

Leave a Reply