pp-1

ឆ្នាំ ២០៣០ ប្រជាជនទីក្រុងនឹងកើនឡើងជាង ៨ លាននាក់ ខណៈលំនៅឋានកើនឡើងជាង ៨០ ម៉ឺនកន្លែង

តាមការអះអាងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអះអាងថា ឆ្នាំ ២០៣០ ប្រជាជនទីក្រុងនឹងកើនឡើងជាង ៨ លាននាក់ត្រូវជា ៤៤ % ខណៈលំនៅដ្ឋានកើនឡើងជាង ៨០ ម៉ឺនកន្លែង ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់លំនៅឋានបុរីប្រណីត អ & អេស្វ របស់ក្រុមហ៊ុន R&F PROPERTIES Hs (CAMBODIA) CO., LTD នៅបណ្តាយផ្លូវ៦០ ម៉ែត្រ កាលពីថ្ងៃ ១៩ ខែធ្នូ ឆ្នាំ ២០១៧ ម្សិលមិញនេះ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា តាមការសិក្សារបស់ក្រសួងអំពីក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងនៅកម្ពុជាឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី ក្រុង និងទីប្រជុំជន នៅឆ្នាំ ២០១៤ មានចំនួនប្រមាណ ៤,៥ លាននាក់ ត្រូវជា ២៧,១ % នឹងបន្តកើនដល់ ៧,៩២ លាននាក់ ត្រូវជា ៤៤ % នៅឆ្នាំ ២០៣០ ។

តាមទិន្នន័យនេះ បង្ហាញឱ្យឃើញថា រយៈពេល១៥ ឆ្នាំ (២០១៥-២០៣០) តម្រូវការលំនៅឋាន សម្រាប់តំបន់រាជធានី ក្រុង និង ទីប្រជុំជនមានប្រមាណ ៨០ ម៉ឺនលំនៅឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ ម៉ឺនលំនៅឋាន ក្នុងមួយឆ្នាំ។

ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតបនឹងកំណើននេះក្រសួងបាននិងកំពុងអនុវត្តគោលនយោបាយជាតិស្តីពីការរៀបចំដែនដី ក្នុងការកសាងផែនការរៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត គោលនយោបាយជាតិស្តីពីលំនៅឋាន ឱ្យស្របតាមតម្រូវការ នៃការរីកលូតលាស់ផ្នែកនគរូបនីយកម្ម និងកំណត់តំបន់ទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍក្រុង ពង្រីកទីក្រុង តំបន់ស្នាក់នៅ និងជាពិសេសរៀបចំលំនៅឋានដែលមានតម្លៃសមរម្យជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌៕

 

ប្រភព៖ Businessnews

Leave a Reply