ឆ្នាំ​២០១៥៖ ទេសចរ​ជប៉ុន​មក​កម្ពុ​ជាជាង​១៩​ម៉ឺន​នាក់ កម្ពុជា​ទៅ​ជប៉ុន​ជាង​១​ម៉ឺន​នាក់​
Posted On : កញ្ញា, 8, 2016 | By សំឡេងទីក្រុង

ប្រភព៖ ថ្មីៗ

តូក្យូ-ជប៉ុន៖ កាលពីឆ្នាំ២០១៥កន្លងមក ជនជាតិជប៉ុនដែលបានធ្វើដំណើរមកកម្ពុជាមានជាង១៩ម៉ឺននាក់ រីឯជនជាតិកម្ពុជាដែលបានទៅកាន់ប្រទេសជប៉ុន មានចំនួនជាង១ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Tourism Agency) ។ តាមរយៈជើងហោះហើរត្រង់ ភាគីរំពឹងថា តួលេខភ្ញៀវទេសចរនឹងមានការកើនឡើងបន្ថែមទៀត។


កម្ពុជា និងជប៉ុន រំពឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត ក្រោយការចាប់ផ្តើមជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA រវាងរាជធានីភ្នំពេញ និងក្រុងតូក្យូ ចាប់ពីថ្ងៃទី១ ខែកញ្ញា មក។

កាលពីសប្តាហ៍មុន អ្នកសារព័ត៌មានកម្ពុជា៥រូប (ពីសារព័ត៌មានថ្មីៗ កម្ពុជាថ្មី ភ្នំពេញប៉ុស្តិ៍ រស្មីកម្ពុជា និងដើមអម្ពិល) ត្រូវបានអញ្ជើញឲ្យទៅធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់ជប៉ុន។  ថ្លែងប្រាប់អ្នកសារព័ត៌មានខ្មែរនៅក្រសួងការបរទេសជប៉ុន លោក Koichi Takatsuki ប្រធានការិយាល័យទំនាក់ទំនងទេសចរណ៍អន្តរជាតិនៃភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Tourism Agency) ជឿជាក់ថា ជប៉ុន និងកម្ពុជា កាន់តែខិតជិតគ្នាបន្ថែមទៀតក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងទេសចរណ៍ ក្រោយការហោះហើរត្រង់រវាងតូក្យូ និងភ្នំពេញ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារទេចរណ៍ជប៉ុន ដែលស្ថិតក្រោមឱវាទរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេចរណ៍របស់ជប៉ុន (MLIT) ជនជាតិកម្ពុជាដែលបានធ្វើដំណើរទៅប្រទេសជប៉ុន មានការកើនឡើងជាលំដាប់ ដោយកើនពី៣០៦៩នាក់នៅឆ្នាំ២០១១ ដល់១០ ១៤៤នាក់នៅឆ្នាំ២០១៥ ។

សម្រាប់ជនជាតិជប៉ុនដែលមកកាន់កម្ពុជា ឆ្នាំ២០១១ មានចំនួន១៦១ ៨០៤នាក់ ហើយនៅឆ្នាំ២០១៥ មានចំនួន១៩៣ ៣៣០នាក់ តែចំនួននេះមានការថយចុះ១០.៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ [ដែលមានចំនួន២១៥ ៧៨៨នាក់]។

លោក Koichi Takatsuki បានកត់សម្គាល់ថា ការថយចុះចំនួនភ្ញៀវទេសចរជប៉ុនមកកម្ពុជាកាលពីឆ្នាំ២០១៥ គឺដោយសារតែគ្មានការហោះហើរត្រង់ ហើយប្រទេសជិតខាងរបស់កម្ពុជា មានលក្ខខណ្ឌមិនអនុគ្រោះមួយចំនួន ជាពិសេសបញ្ហាអាកាសធាតុ។

របាយការណ៍របស់ទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Tourism Agency) កាលពីឆ្នាំ២០១៣ បានបង្ហាញថា ជប៉ុនទទួលបានភ្ញៀវទេសចរជាង១០លាននាក់ជាលើកដំបូង ដោយភ្ញៀវពីសហរដ្ឋអាមេរិកច្រើនជាងគេ បន្ទាប់មកមានចិន កូរ៉េខាងត្បូង ហើយថៃ ហាវ៉ៃ តៃវ៉ាន់ និងហុងកុង ស្ថិតនៅលំដាប់បន្តបន្ទាប់។ នៅឆ្នាំ២០១៣ផងដែរ ជប៉ុនទទួលបានភ្ញៀវពីកម្ពុជាចំនួន២០៦ ៩៣២នាក់ ដែលក្នុងកម្រិតប្រហាក់ប្រហែលនឹងចំនួនភ្ញៀវទេសចរពីកាណាដា ចក្រភពអង់គ្លេស ឥណ្ឌា តួកគី ក្រូអាស៊ី និងហូឡង់។

នៅឆ្នាំ២០១៥ ជប៉ុនទទួលបានភ្ញៀវទេសចរ១៩.៧៤លាននាក់ដោយភ្ញៀវទាំងនោះ បានចំណាយសរុបប្រមាណ៣៤ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០២០ ខណៈក្រុងតូក្យូ នឹងក្លាយជាម្ចាស់ផ្ទះកីឡាអូឡាំពិក ជប៉ុនដាក់ផែនការទាញយកទេសចរ៤០លាននាក់ និងឆ្នាំ២០៣០ កើនដល់៦០នាក់ ខណៈការចំណាយរបស់ភ្ញៀវទេសចរនៅលើទឹកដីជប៉ុន ក៏រំពឹងថានឹងកើនពី៨០ពាន់លាន ដល់១៥០ពាន់លានដុល្លារអាមេរិកផងដែរ ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ។

សម្រាប់កម្ពុជាវិញ តាមរយៈជើងហោះហើរត្រង់ តូក្យូ-ភ្នំពេញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ផែនការទាញយកភ្ញៀវទេសចរណ៍ពីជប៉ុនឲ្យ៣០ម៉ឺននាក់នៅឆ្នាំ២០២០។ បើតាមលោក ថោង ខុន កន្លងមកទេសចរជប៉ុនធ្វើដំណើរតាមជើងយន្តហោះកាត់តាមប្រទេសថៃ ឬវៀតណាមជាមុន ទើបមកដល់កម្ពុជា ដែលជាការលំបាកមួយ សម្រាប់ទេសចរទាំងនោះ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីគោលដៅទេសចរណ៍កម្ពុជា-ជប៉ុន កាលពីខែសីហា លោក ថោង ខុន បានបញ្ជាក់ថា ក្រៅពីសម្រួលការហោះហើរ កម្ពុជាត្រូវរៀបចំឲ្យមានផលិតផលទេសចរណ៍ និងសេវាទេសចរណ៍ ដែលមានលក្ខណៈស្តង់ដារ អាចប្រកួតប្រជែងបាន ហើយផលិតផលទេសចរណ៍ទាំងនោះ ត្រូវឆ្លើយតបនឹងយុគសម័យបច្ចុប្បន្ន គឺភាពស្អាត និងបៃតង។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ ក៏គាំទ្រឲ្យមានការចាយវាយលុយយ៉េននៅទីផ្សារក្នុងស្រុកផងដែរ។ «ចាយលុយយ៉េនក៏ចាយទៅ សំខាន់ឲ្យតែទីផ្សារទទួលយក។ មិនបាច់ដាក់ជាយុទ្ធសាស្ត្រអ្វីទេ ឲ្យតែទីផ្សារគាំទ្រ គឺធនាគារនឹងសម្រួលឲ្យ»។ នេះជាការបញ្ជាក់របស់លោក ថោង ខុន ដែលបានបន្ថែមថា កម្ពុជាក៏ត្រូវការមគ្គទេសក៏ទេសចរណ៍ជប៉ុនប្រមាណ ៨០០នាក់នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នមគ្គទេសក៏មានចំនួនពី៤០០ ទៅ៥០០នាក់ប៉ុណ្ណោះ។

នៅឆ្នាំ២០១៥ ចំនួនទេសចរជប៉ុនមកកម្ពុជាមានជាង ១៩ម៉ឺននាក់ ដែលធ្វើឲ្យជប៉ុនឈរនៅលេខរៀងទី៦ បន្ទាប់ពីទេសចរវៀតណាម, ចិន, ឡាវ, កូរ៉េ និងថៃ ហើយអំឡុង៦ខែដើមឆ្នាំ២០១៦នេះ ចំនួនទេសចរអន្តរជាតិមកកម្ពុជាមាន ២,៣លាននាក់៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!