ច្បាប់​ចរាចរណ៍​ថ្មី​តម្រូវ​ឲ្យ​ពាក់​មួក​និង​បំពាក់​ស្លាក​យានយន្ត​ពី​ក្នុង​ហាង​តែ​ម្តង
Posted On : ធ្នូ, 2, 2014 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍,Tue, 2 December 2014,

ភ្នំពេញៈ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក នឹង​តម្រូវ​ឲ្យ​អ្នក​រួម​ដំណើរ​លើ​ម៉ូតូ ពាក់​មួក​សុវត្ថិភាព ចំណែក​ម្ចាស់​ហាង​លក់​យាន​យន្ត ត្រូវ​ចុះ​បញ្ជី​សុំ​ប័ណ្ណ​សម្គាល់​និង​ស្លាក​លេខ មុន​នឹង​ប្រគល់​ទៅ​ឲ្យ​អ្នក​ទិញ ដើម្បី​បង្កើន​សុវត្ថិភាព និង​បង្ក​ភាព​ងាយ​ស្រួល។

នេះ​បើ​តាម​ការ​អះអាង​របស់ រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រោយ​ពី​សភា​ផ្អាក​កិច្ច​ប្រជុំ​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវ​គោក កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​បាន​អនុម័ត​បាន​ពីរ​ជំពូក ហើយ​បាន​លើក​ទៅ​បន្ត​នៅ​ថ្ងៃ​ពុធ ទី៣ ខែ​ធ្នូ។

លោក ត្រាំ អ៊ីវតឹក រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​ថា ចំណុច​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ខុស​ពី​ច្បាប់​មុន រួម​មាន ទី១ អនុញ្ញាត​ឲ្យ​ទោចក្រ​យាន​យន្ត​ផ្ទុក​មនុស្ស​ពីរ​នាក់ នឹង​អាច​បន្ថែម​កុមារ ១ នាក់​ទៀត និង​តម្រូវ​ការ​ពាក់​មួក​សុវត្ថិភាព ទី២ តម្រូវ​ឲ្យ​ម្ចាស់​ហាង​យាន​យន្ត​បំពេញ​បែប​បទ​ចុះ​បញ្ជី​សុំ​ប័ណ្ណ​សម្គាល់ និង​ស្លាក​លេខ​មុន​នឹង​ប្រគល់​យាន​ទៅ​ឲ្យ​អ្នក​ទិញ ទី៣ ផ្ទេរ​តួនាទី​និង​សិទ្ធិ​គ្រប់​គ្រង​ទៅ​ឲ្យ​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ជា​ប្រធាន​គណៈ​កម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ផង។

លោក ត្រាំ អ៊ីវតឹក បាន​បន្ត​ថា៖ «កន្លង​មក ខ្ញុំ​រា​រែក​ក្នុង​ការ​បញ្ជា​ទៅ​ប៉ូលិស ដោយ​សារ​គណៈ​កម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​គណៈ​កម្មាធិការ​បង្ក្រាប​បទ​ល្មើស​ចរាចរណ៍ គឺ​ដាច់​ពី​គ្នា…ក្រសួង បាន​ត្រឹម​តែ​ផ្សព្វ​ផ្សាយ​ទេ តែ​លទ្ធផល​នៅ​តែ​ស្លាប់​ច្រើន​ជាង​មុន អ៊ីចឹង​មាន​តែ​ប៉ូលិស​ចុះ​បង្រ្កាប​ឲ្យ​គាត់​ខ្លាច​តិច​ទៅ សំខាន់​គឺ​ជីវិត​គាត់​ទេ។ វិធី​របស់​ខ្ញុំ មិន​មែន​ទៅ​ដល់​ផាក​គាត់​ភ្លាម​ទេ ត្រូវ​ណែនាំ​ថា ច្បាប់​ហ្នឹង​ឥឡូវ​គេ​បន្តឹង​ហើយ ក្រោយ​មក​ទើប​យើង​ផាក បើ​គាត់​មិន​ស្តាប់»។

សម្រាប់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ មាន​លក្ខណៈ​បច្ចេក​ទេស​ច្រើន ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ច្បាប់​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជំរុញ​បន្ថែម​ទៀត​លើ​ការ​ទម្លាក់​តម្លៃ​សាំង ដើម្បី​សម្រួល​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន ការ​ដំឡើង​បៀវត្សរ៍​ប៉ូលិស​ចរាចរណ៍ ដើម្បី​បញ្ឈប់​ការ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ធ្វើ​ដំណើរ។

លោក​ថ្លែង​ថា៖ «គណបក្ស​យើង ក៏​នឹង​ស្នើ​ឲ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​រថយន្ត ម៉ូតូ​ជាច្រើន​ដែល​បន្លំ​ប្រើ​ប្រាស់​ស្លាក​លេខ​យោធា (ខ.ម) លេខ​នគរបាល (ន.ប)។ អ្នក​ខ្លះ មិន​បាន​បំពេញ​ការងារ​ទេ បែរ​ជា​យក​ទៅ​ជិះ​ដើរ​លេង រំលោភ​អំណាច ពាក់​ស្បែក​ខ្លា ធ្វើ​បាប​ប៉ូលិស​ចរាចរណ៍​ដោយ​បើក​បរ​ខុស​ច្បាប់​ទៅ​ទៀត»។

សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី មាន ១២ ជំពូក និង ៩២ មាត្រា។ ច្បាប់​នេះ មាន​គោល​បំណង​ធានា​សុវត្ថិភាព សណ្តាប់​ធ្នាប់​ចរាចរណ៍​ផ្លូវ​គោក ធានា​ការពារ​សុខភាព និង​អាយុ​ជីវិត​មនុស្ស សត្វ និង​ទ្រព្យ​សម្បត្តិ​សាធារណៈ ជាដើម។ ច្បាប់​នេះ​ក៏​នឹង​ផ្តល់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក គ្រប់​គ្រង សុវត្ថិភាព រក្សា​សណ្តាប់​ធ្នាប់​និង​ទប់​ស្កាត់​ការ​ប្រព្រឹត្ត​បទ​ល្មើស​ចរាចរណ៍​ ផ្លូវ​គោក​ផង​ដែរ។

កិច្ច​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ មាន​កូរ៉ុម​តំណាង​រាស្ត្រ​ចំនួន ១០៩ រូប ហើយ​តំណាង​រាស្ត្រ​គណបក្ស​ទាំង​ពីរ បាន​ជជែក​ដេញ​ដោល​ច្រើន​ពី​កត្តា​ផ្លូវ មនុស្ស និង​យាន​យន្ត ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​កន្លង​មក​និង​បច្ចុប្បន្ន។

តាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ នៅ ឆ្នាំ​២០១៣ មាន​ជន​រង​គ្រោះ​សរុប ១៦ ២២៧ នាក់​ក្នុង​នោះ​ស្លាប់ ១៩៥០ នាក់ និង​រង​របួស​ធ្ងន់ ៥៦៧១ នាក់ គិត​ជា​មធ្យម​ក្នុង ១ ថ្ងៃ​ចំនួន​អ្នក​ស្លាប់​មាន​ច្រើន​ជាង ៥ នាក់​និង​របួស​ធ្ងន់​ជិត ១៦ នាក់។ សម្រាប់​រយៈ​ពេល ៩​ខែ ក្នុង ឆ្នាំ​២០១៤ នេះ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​មាន ១៦៣០ នាក់ របួស​ស្រាល ២៥៤៧ នាក់ និង​របួស​ធ្ងន់ ៣៤៧៦ នាក់​នៅ​ក្នុង ៣៦៣៨ ករណី នៅ​ទូទាំង​ប្រទេស៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!