ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀនបាន​កើន​ឡើង​ជាង​ទ្វេដង
Posted On : មករា, 3, 2018 | By Vantha

ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងមណ្ឌលស្តារនីតិសម្បទា ដែលគ្រប់គ្រងដោយរដ្ឋ បានកើនឡើងជាងទ្វេដង នៅចន្លោះពីឆ្នាំ ២០១៦ និង ២០១៧ ក្រោមការបង្ក្រាបទូទាំងប្រទេសទៅលើគ្រឿងញៀន។

បើតាមរបាយការណ៍បំណាច់ឆ្នាំរបស់ក្រសួងសង្គមកិច្ច បានឲ្យដឹងថា អ្នកប្រើប្រាស់គ្រឿងញៀនជាង ៨៧០០នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទាចំនួន ៧ ដែលគ្រប់គ្រងដោយរដ្ឋ កាលពីឆ្នាំមុន គឺកើនឡើងពីចំនួនប្រហែល ៣៤០០ នាក់ក្នុងឆ្នាំ ២០១៦។

តួលេខនេះ មិនរួមបញ្ចូលអ្នកប្រើប្រាស់គ្រឿងញៀនជាង ១៣០០ នាក់ ដែលបានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនជាតិក្នុងខេត្តព្រះសីហនុនោះទេ។

លោក ឌីន បូរី ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា របស់ក្រសួង បានថ្លែងថា យុទ្ធនាការប្រឆាំងគ្រឿងញៀនកំពុងបង្កឲ្យមានស្ថានភាពណែនណាន់នៅមណ្ឌលស្តារនីតិសម្បទារបស់រដ្ឋដូចជា មណ្ឌលស្តារនីតិសម្បទាឱកាសខ្ញុំ ក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមានអ្នកជំងឺ ១៨០០នាក់។

លោក បូរី បានថ្លែងថា៖ «នៅពេលចំនួនមនុស្សកើនឡើងខ្ពស់ខ្លាំង ការព្យាបាលកាន់តែមានកម្រិត»។ លោកបានបន្ថែមថា ឆ្នាំ ២០១៧ និង២០១៦ គឺជាឆ្នាំដែលមានចំនួនអ្នកជំងឺគ្រឿងញៀនខ្ពស់។

លោក មាស សុវណ្ណ ប្រធានប្រតិបត្តិនៃសមាគមសង្គ្រោះអ្នកញៀនថ្នាំកម្ពុជា (DARAC) បានថ្លែងថា លោកគាំទ្រជំហរតឹងរ៉ឹងជាងមុន ទៅលើគ្រឿងញៀន ប៉ុន្តែបានថ្លែងថា ការបង្ខំមនុស្សឲ្យចូលទៅក្នុងមណ្ឌលព្យាបាលគ្រប់គ្រងដោយរដ្ឋជាធម្មតាមិនមានប្រសិទ្ធភាពទេ។

លោក សុវណ្ណ បានថ្លែងបន្តថា៖ «ខ្ញុំជឿថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ មិនអាចជោគជ័យទេ។ មានភាពជោគជ័យតិចណាស់។ មណ្ឌលទាំងនោះខ្វះខាតអ្នកជំនាញ និងការព្យាបាលបច្ចេកទេស»។

របាយការណ៍បានបន្តថា ក្រសួងក៏បានរាប់មណ្ឌលកុមារកំព្រា ដែលបានចុះបញ្ជីចំនួន ៤០៦។ សរុបទៅមានកុមារជាង ២៦១០០ នាក់រស់នៅក្នុងមណ្ឌលថែទាំដូចជាកុមារកំព្រា វត្ត និងផ្ទះជាក្រុមទូទាំងប្រទេស។

ក្រសួងក៏បានកត់សម្គាល់ការបង្កើតសមាគមជាង ១៦០០ សមាគម សម្រាប់មនុស្សចាស់ ក្រោមយុទ្ធសាស្រ្តជាតិ ដើម្បីបង្កើតសមាគមបែបនេះ នៅក្នុងទូទាំងឃុំ-សង្កាត់នៅក្នុងប្រទេស៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

សំឡេងទីក្រុង!

សំឡេងទីក្រុង!