ចៅហ្វាយក្រុង បញ្ជាឲ្យ​មន្រ្តីគ្រប់ខណ្ឌ ផាកពិន័យ អ្នកចោលសំរាម នៅទីសាធារណៈ
Posted On : កញ្ញា, 26, 2018 | By សំឡេងទីក្រុង

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យ​អភិបាលខណ្ឌទាំង១២ និងមន្ត្រីមន្ទីរពាក់ព័ន្ធទាំងអស់ ធ្វើការផាកពិន័យ ទៅលើកបុគ្គល ដែលចោលសំរាម នៅតាមទីសាធារណៈ រំលោភលើច្បាប់ អន្តរក្រសួង ដែលបានបានចែងកន្លងមក។ ការបញ្ជា​នេះ លោក​បានលើកឡើង នៅកិច្ចប្រជុំ ស្តីពីបញ្ហាសំរាម ជាមួយអភិបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធនានា នារសៀលថ្ងៃទី១៤ ខែកញ្ញានេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់​អ្នកចាក់សំរាមចោល គ្មានប្រក្រតី នៅតាមផ្លូវសាធារណៈ ដូចជា៖ ការចាក់សំរាម​ចោល ចូលលូ និងចាក់សំរាមចោល នៅលើផ្លូវសាធារណៈ ត្រូវអនុវត្តការផាកពិន័យទៅតាមច្បាប់អន្តរក្រសួង ដែលមានស្រាប់។

លោកអភិបាល បានលើកឡើងផងដែរ ពីបញ្ហាទីលានចាក់សំរាម នៅរាជធានីភ្នំពេញ នឹងត្រូវធ្វើការរៀបចំពង្រី​កបន្ថែមទៅ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃការកើនឡើង នៃសំរាម ព្រោះ​ថា បើមិនពង្រីកនោះទេ នៅប៉ុន្មានឆ្នាំខាងមុនទៀត រាជធានីភ្នំពេញ និងខ្វះខាតកន្លែងចាក់សំរាមជាក់ជាមិនខាន។

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រាជ​រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យថ្មីមួយ ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន» ដែលកំណត់ឲ្យមានការផាកពិន័យ ជាប្រាក់ចាប់ពី១ម៉ឺនរៀលទៅ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការ ចំពោះជនណា ដែលចោលសំរាមមិនបានត្រឹមត្រូវ៕

ប្រភព៖ Khmer Readers

សំឡេងទីក្រុង!

សំឡេងទីក្រុង!