ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ តទៅ អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យសង់រោងពិធីផ្សេងៗ នៅលើផ្លូវសាធារណៈទៀតឡើយ
Posted On : មករា, 23, 2019 | By សំឡេងទីក្រុង

ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ តទៅ អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យសង់រោងបុណ្យ រោងការ ឬកម្មវិធីផ្សេងទៀត នៅលើទ្រូងផ្លូវ ឬចិញ្ចើមផ្លូវទៀតនោះទេ។ នេះបើយោងតាមសារាចរណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។

លើសពីនេះទៀត រាល់ចិញ្ចើមផ្លូវអាចយកទៅប្រើប្រាស់សម្រាប់សកម្មភាពក្នុងគោលបំណងដូចជា៖

១. បម្រើដល់ការធ្វើចរាចរណ៍ដោយថ្មើរជើង

២.បម្រើសម្មភាព ដូចជា សកម្មភាពវប្បធម៌ កីឡា ការតាំងពិព័រណ៍ បម្រើសកម្មភាពជីកកប់បណ្តាញក្រោមដី ដូចជា បណ្តាញទឹកស្អាត ប្រព័ន្ធលូ ខ្សែបញ្ជូនអគ្គិសនី បំពង់ទុយោ ខ្សែកាបអុបទិចគ្រប់ប្រភេទ និងបរិក្ខារក្រោមដីផ្សេងៗទៀត ។

៣. បម្រើសកម្មភាពសាងសង់ ក្នុងគម្រោងចាំបាច់មួយចំនួន ដូចជា បរិក្ខារបម្រើឱ្យវិស័យការពារជាតិ សន្តិសុខជាតិ ការគ្រប់គ្រង ឬ សាងសង់ផ្លូវ និងសំណង់សេវាសាធារណៈផ្សេងៗទៀត តាមការចាំបាច់។

៤. ចំពោះការធ្វើ រោងបុណ្យ រោងការ និងរោងពិធីផ្សេងៗទៀតនៅលើចិញ្ចើមផ្លូវនៅរាជធានីភ្នំពេញ អាជ្ញាធរទុកពេលវេលាឲ្យត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះប៉ុណ្ណោះ ម្ចាស់កម្មវិធីត្រូវលើកសំណើសុំអាជ្ញាធរមូលដ្ឋានដោយភ្ជាប់នូវកិច្ចសន្យា និងគំរូដើម្បីពិនិត្យ និងសម្រេចលើសំណើរទៅនឹងកម្រិតប្រើប្រាស់ចាំបាច់មិនឲ្យលើស ១/២ នៃទ្រូងផ្លូវ និងត្រូវរៀបចំកម្លាំងសមស្របដើម្បីសម្រួលចរាចរណ៍។

 

ចំពោះរថយន្តដឹកទំនិញធុនធំ រថយន្តកុងតឺន័រ រថយន្តបាញ់បេតុង និងរថយន្តក្រឡុកស៊ីម៉ងត៍ ត្រូវចេញចូលរាជធានីភ្នំពេញ ដោយគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងចៀសវាងការប្រើប្រាស់ទ្រូងផ្លូវ ក្នុងការលើកដាក់ផ្ទេរទំនិញ បាញ់បេតុង ឬឈប់សំចតដោយអនាធិបតេយ្យ។ ហើយក្នុងករណីបម្រើឲ្យការងារសំណង់ម្ចាស់ការដ្ឋាន ត្រូវណែនាំដល់អ្នកបើកបររថយន្តបាញ់បេតុង និងរថយន្តក្រឡុកស៊ីម៉ង់ត៍ ត្រូវចតរថយន្តរបស់ខ្លួនឲ្យមានសណ្ដាប់ធ្នាប់ដាក់ស្លាកសញ្ញាសំគាល់ការដ្ឋាន និងត្រូវរៀបចំកម្លាំងដើម្បីជួយសម្រួលចរាចរណ៍។

 

ម្យ៉ាងវិញទៀតប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវចតយានជំនិះគ្រប់ដោយគោរពតាមផ្លាកសញ្ញាចរាចរណ៍ ចៀសវាងដាច់ខាតការឈប់ ឬចតយានជំនិះនៅកន្លែងហាមឃាត់ដូចជា នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងផ្សេងៗទៀត។ រីឯម្ចាស់ការដ្ឋានសំណង់គ្រប់ប្រភេទ ហាមដាច់ខាតធ្វើការហ៊ុមព័ទ្ធការដ្ឋានលើចិញ្ចើមផ្លូវលើសពី ១/៣ ឬប្រើទ្រូងផ្លូវដាក់សម្ភារៈសំណង់ជាដើម។

 

ក្នុងករណីប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឹះស្ថានអប់រំ អគារសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងឡាយណាមិនចូលរួមអនុវត្តតាមសេចក្តីខ្លឹមសារ នៃសេចក្តីណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការរដ្ឋបាល រួមមានបិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារ រុះរើសំណង់។ល។ ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន៕

 

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!