cam-photo-waste-channa-khmer-800x533

គ្រាន់តែសំរាមធ្វើមិនបានផង តើទៅដោះស្រាយបញ្ហាធំៗម៉េចនឹងកើត?

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

សំរាម! មនុស្សរាល់ថ្ងៃដើររស់នៅជិតសំរាម ដេកជិតសំរាម ដើរជិតសំរាម ទទួលទានអាហារក្បែរសំរាម និងជាអ្នកបង្កើតសំរាម តែភាគច្រើនពួកគេមើលងាយបញ្ហាសំរាម។ នៅគ្រប់ផ្ទះសុទ្ធតែមានកន្លែងទុកសំរាម មិនថាបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ឬក៏ផ្ទះបាយនោះទេ សំរាមតែងតែនៅក្បែរមនុស្សគ្រប់ទីកន្លែង តែពេលខ្លះសំណល់កខ្វក់ទាំងអស់នេះត្រូវបានគេបំភ្លេចចោល ហើយមិនព្រមចូលរួមចំណែកគិតគូរពីបញ្ហាប្រឈមដែលកើតឡើងពីវា។

ជាទូទៅគំនរសំរាមធំៗកើតចេញពី បំណែកសំណល់តូចៗរបស់មនុស្ស បន្ទាប់មកក៏គរធំឡើងៗរហូតក្លាយជាបណ្តុះនៃរបស់កខ្វក់ និងអាចបំផ្លាញការរស់នៅរបស់មនុស្សវិញ។ បើយើងគិតដល់ទិដ្ឋភាពមួយនេះ យើងនឹងនឹកឃើញដល់គំនិតរបស់មនុស្សដូចគ្នា ការដែលមើលងាយថារឿងសំរាមជារឿងកំប៉ិកកំប៉ុក អាចនឹងធ្វើឱ្យបញ្ហាតូចៗទាំងអស់នោះផ្តុំគ្នាទៅជារឿងធំ ហើយមានពេលខ្លះអាចធ្វើឱ្យជីវិតធ្លាក់ចុះស្ទើរដល់ចំណុចសូន្យដោយសារសំរាមថែមទៀតផង។

មិនបាច់រកនឹកទៅដល់ណាឆ្ងាយទេពីបញ្ហាខាងលើ យើងគ្រប់គ្នាគ្រាន់តែក្រឡេកមើលជុំវិញខ្លួននាពេលនេះយើងនឹងឃើញថាលើដងផ្លូវនៅស្រុកយើងនៅតែមានសំរាមនៅក្រៅធុង ជុំវិញផ្សារនានានៅតែមានគំនរស្អុយដែលជាប្រភពនៃមេរោគ ពេលភ្លៀងម្តងៗនៅតែមានសំរាមអណ្តែតរាយប៉ាយពាសវាលពាសកាល ហើយរឿងដែលកាន់តែទាក់ទាញចំណាប់អារម្មណ៍ ឬធ្វើឱ្យយើងព្រួយបារម្ភទៅទៀតនោះគឺពេលដែលឃើញកូនតូចៗជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាត្រូវដើរលើកំណាត់ផ្លូវដែលកខ្វក់។

img_0126

បញ្ហាទាំងអស់នេះគួរបន្ទោសអ្នកណា? បើគិតលំៗបែបធម្មតា មនុស្សគ្រប់គ្នានឹងបន្ទោសអ្នកគ្រប់គ្រងទីផ្សារ គ្រប់គ្រងតំបន់ គ្រប់គ្រងសាលា ឬគ្រប់គ្រងទីកន្លែងដែលខ្លួនរស់នៅភ្លាមថាបណ្តែតបណ្តោយឱ្យមានសំរាមកខ្វក់ មិនព្រមចាត់ចែងឱ្យមានរបៀប តែបើគិតឱ្យល្អិតបន្តិចទៀតយើងនឹងឃើញថា អ្នកទាំងអស់គ្នាជាចំណែកដែលនាំឱ្យមានកំហុសយ៉ាងធំមួយនេះ។

ជាការពិតណាស់ ដែលយើងឃើញមនុស្សនៅស្រុកយើងជាពិសេសនៅក្នុងទីក្រុងរវល់តែយកចិត្តទុកដាក់លើរឿងនានាដែលគាត់គិតថាវាជារឿងធំៗសម្រាប់ជីវិត ដូចជារឿងការងារ រឿងសេដ្ឋកិច្ច រឿងរកស៊ី ឬរឿងអប់រំជាដើម។ នៅពេលដែលពួកគេរវល់គិតរឿងធំៗទាំងអស់នោះពេកទៅ គាត់ក៏ភ្លេចគិតពីបញ្ហាសំរាម ហើយធ្វើឱ្យខាតពេលយ៉ាងមានតម្លៃរបស់ពួកគាត់មកអង្គុយរអ៊ូពីភាពកខ្វក់ក្នុងទីក្រុងមិនស្អាត ទាំងមិនសូវខ្វល់ពីការចូលរួមបញ្ចេញសកម្មភាព ខណៈមានអ្នកខ្លះទៀតបង្កើតសំរាមរាប់មិនអស់ តែមិនព្រមចូលរួមសូម្បីតែសកម្មភាពតិចតួចដើម្បីសម្អាតទីក្រុង។

អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាជនបរទេសដែលមកដល់ប្រទេសកម្ពុជាហាក់យកចិត្តទុកដាក់ខ្លាំងម្ល៉េះជាមួយនឹងបញ្ហាសំរាម ហើយម្តងម្កាលគេឃើញមានក្រុមជនបរទេសដើររើសសំរាមថែមទៀតផង។ បញ្ហាទាំងអស់នេះគឺមកពីពួកគាត់ធ្លាប់រស់នៅកន្លែងដែលគ្មានសំរាម ហើយនៅពេលដែលគាត់ឃើញដងផ្លូវ និងទីសាធារណៈពោរពេញដោយសំរាម គាត់ប្រាកដជាមិនអាចទម្លាប់ខ្លួនបាននោះទេ ខុសពីមនុស្សមួយចំនួនដែលដើររំលងវាហើយ ថែមទាំងបង្កើនសំរាមថែមទៀត។

តាមពិតទៅ គ្រាន់តែរឿងសំរាមសោះមិនគួរនាំគ្នាមកអំពល់ទុក្ខនោះទេ ប្រសិនបើយើងទាំងអស់គ្នាចាប់ផ្តើមគិតគូរ ហើយរួមគ្នាដោះស្រាយវានោះ។ សម្រាប់ប្រជាជនទូទៅគួរតែចាប់ផ្តើមដោះស្រាយដោយបង្កើតទម្លាប់ល្អចាប់ពីខ្លួនឯង ហើយធ្វើគំរូល្អដល់ក្មេងៗ។ ឈប់រអ៊ូរទាំពីរឿងសំរាម ហើយរួមគ្នារើសវាចេញពីមុខផ្ទះ រើសវាចេញពីដងផ្លូវ ហើយរើសវាចេញគ្រប់កន្លែងដែលគិតថាទើស។
គ្រាន់តែបោះចោលសំរាមទៅក្នុងធុងវាមិនមែនជារឿងអស្ចារ្យពេកនោះទេ តែប្រសិនបើមិនបោះវាចោលវិញ យើងនឹងក្លាយជាមនុស្សដែលត្រូវគេវាយតម្លៃថាមិនល្អភ្លាម ចុះហេតុអ្វីបានជាមិនព្រមធ្វើ ហើយបន្តអប់រំគ្នា។

គិតដល់ចំណុចនេះ មានមនុស្សមួយចំនួនប្រាកដជាប្រតិកម្មហើយថា ខ្លួនគាត់រាល់ថ្ងៃបានធ្វើល្អហើយ តែគាត់ម្នាក់ឯងធ្វើមិនកើតទេ ព្រោះមានមនុស្សជាច្រើននាក់ផ្សេងទៀតបានពង្រាយពាសវាលពាសកាល ទាល់តែអាជ្ញាធរចាត់វិធានការទើបអាចធ្វើទៅបាន។ ជារួម មិនមែនគ្រប់រឿងត្រូវបន្ទោសអាជ្ញាធរនោះទេ តែទោះជាយ៉ាងណាក៏ដោយក៏អាជ្ញាធរមិនអាចគេចពីការទទួលខុសត្រូវនេះដែរ។ ជាក់ស្តែង ពួកគាត់មិនមែនមានការងារតែមួយមុខនេះទេ តែបញ្ហាសំរាមក៏មិនអាចមើលរំលងបានដែរ ព្រោះថាមនុស្សទូទៅតែងតែភ្ជាប់រឿងជាក់ស្តែងទៅនឹងការងារសំខាន់ដទៃទៀត ហេតុនេះការមិនមើលពីបញ្ហាសំរាមអាចធ្វើឱ្យគាត់ខាតបាន។ រឿងប្រជាពលរដ្ឋធ្វើខុសជារឿងមួយ តែប្រសិនបើមានចាត់វិធានការល្អប្រាកដជាមានប្រសិទ្ធភាព។ រាល់អ្នកចោលសំរាមផ្តេសផ្តាសលើដងផ្លូវត្រូវផាកពិន័យឱ្យធ្ងន់ធ្ងរជាការព្រមាន ហើយធ្វើឱ្យច្បាស់លាស់ នៅពេលនោះប្រជាជននឹងចាប់ផ្តើមរៀបចំខ្លួនឱ្យមានវិន័យទៅតាមនោះដែរ។

អ្នកទាំងអស់គ្នាសាកស្រមៃទៅមើលថា បើគ្រប់គ្នារួមគ្នាធ្វើរឿងដែលសាមញ្ញទាំងអស់គ្នាបាន តើទីក្រុងនឹងទៅជាយ៉ាងណា? ភាពស្រស់បំព្រងនឹងកើតមានឡើង ហើយទីក្រុងទាំងមូលនឹងពោរពេញទៅដោយសោភ័ណភាពដូចបណ្តាប្រទេសអភិវឌ្ឍនានា។ ហេតុនេះសូមចាប់ផ្តើមពីរឿងតូចៗទាំងអស់នេះ ដើម្បីខ្លួនឯង និងសង្គម ព្រោះគ្រាន់តែការចូលរួមគ្នាសម្អាតគ្រប់ទីកន្លែង គឺស្មើនឹងការរួមគ្នាលើកមុខមាត់ប្រទេសរបស់យើងដូចគ្នា កុំឱ្យគេគិតថាត្រឹមរឿងសំរាមយើងធ្វើមិនបានផង ចុះទម្រាំរឿងសំខាន់ផ្សេងទៀតឱ្យធ្វើបានយ៉ាងម៉េចទៅ៕

ប្រភព៖ lareine.com.kh

Leave a Reply