5-story-1_0

គ្មាន​ការ​ព្រម​ព្រៀង​ លើ​តម្លៃ​ផ្ទះ​នៅ ប៊ុលឌិង នឹង​បន្ត​ពិភាក្សា​ទៀត

ការបន្តពិភាក្សាគ្នាពីតម្លៃផ្ទះគិតជាម៉ែត្រ ការ៉េ រវាងអ្នករស់នៅអគារ ប៊ុលឌិង កាលពីសប្តាហ៍មុនជាមួយរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោក ជា សុផារ៉ា មិនទទួលបានការព្រមព្រៀងគ្នានោះទេ ខណៈដែលអ្នកពិគ្រោះ យោបល់ផ្នែកសេដ្ឋកិច្ច យល់ឃើញថា គួរតែឲ្យតម្លៃខុសគ្នារវាងផ្ទះជាន់ដី និងជាន់លើ។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែក សេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃក្រុមហ៊ុនពិគ្រោះ យោបល់ EMC លោក ង៉ែត ជូ បានបង្ហាញឲ្យឃើញថា តម្លៃផ្ទះគិតជាម៉ែត្រការ៉េសម្រាប់អគារប៊ុលឌិងសជាន់ទី ១ ជាន់ទី ២ និងទី ៣ គឺសមរម្យដែលតម្លៃរដ្ឋមន្រ្តីដាក់ឲ្យចរចា ប៉ុន្តែសម្រាប់អ្នកជាន់ផ្ទាល់ដីអាចនឹងមានតម្លៃលើសពីនេះ គឺពី ៤ ០០០ ដុល្លារទៅ ៥ ០០០ ដុល្លារក្នុងមួយការ៉េសម្រាប់ជាន់ផ្ទាល់ដី។

លោកថ្លែងថា៖ «តម្លៃគឺសមរម្យហើយសម្រាប់អ្នកជាន់ទី ១ ទី ២ ទី ៣ តែសម្រាប់ផ្ទាល់ដីគឺគួរលើសនេះ ព្រោះតំបន់អគារ ប៊ុលឌិង សជាតំបន់ថ្លៃជាងគេក្នុងក្រុង»។

កាលពីថ្ងៃទី ៧ ខែ មេសា លោក ជា សុផារ៉ា បានអញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់ជាសាធារណៈនៅទីស្តីការក្រសួង ដើម្បីពិភាក្សារកដំណោះស្រាយសមស្របជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤៩៣ គ្រួសារដែលរស់នៅក្នុងអគារ ប៊ុលឌិង សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ។ ក្រសួងបានដាក់តម្លៃចរចាជាមួយក្រុមហ៊ុនពី ១២៦៣ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េឬអាចលើស ៥០ ដុល្លារទៀត។

លោកថ្លែងថា៖ «ក្រុមហ៊ុនអាចឲ្យក្នុងតម្លៃចន្លោះពី ១២៦៣ ដុល្លារ និង ១៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អ៊ីចឹងបងប្អូនដែលមានទំហំ ៤៧,៥ ម៉ែត្រការ៉េអាចទទួលបានជាង ៦ ម៉ឺនដុល្លារទាល់តែព្រម ១០០% ទើបក្រសួងធ្វើការអភិវឌ្ឍ ព្រោះមិនអាចអភិវឌ្ឍអគារធ្វើឡើងហើយមួយគ្រួសារមិនព្រមនោះទេ»។

ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឲ្យអ្នកភូមិបោះឆ្នោតជូនចៅសង្កាត់ ទន្លេបាសាក់ ដែលមកពីគណបក្សប្រជាជន សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដើម្បីនិរន្តរភាពឯកសារនិងដំណោះស្រាយ។

យ៉ាងណាក៏ដោយការជួបពិភាក្សាគ្នារវាងរដ្ឋមន្រ្តីក្រសួងដែនដី និងប្រជាពលរដ្ឋបញ្ចប់ទៅដោយមិនទាន់ត្រូវគំនិតគ្នាលើតម្លៃនោះទេហើយក្រសួងនឹងពិភាក្សាជាមួយភាគីក្រុមហ៊ុនម្តងទៀត។

លោកស្រី ឌី សុផាន់ណារ៉ាម៉ានី ជាប្រជាពលរដ្ឋរស់នៅ ប៊ុលឌិងស បានឲ្យដឹងថា ពលរដ្ឋបានដាក់តម្លៃជាង ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ទើបពួកគាត់ព្រមលក់។

លោកស្រីបានថ្លែងថា ប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្រ្តីក្រសួងដែនដីជួយពិភាក្សាបន្តទៅក្រុមហ៊ុន ដើម្បីដាក់តម្លៃណាដែលភាគីទាំងពីរអាចទទួលយកបាន។

លោកស្រី បាននិយាយថា៖ «ខ្ញុំរស់នៅទីនេះជិត ៣០ ឆ្នាំវាដូចភូមិកំណើតខ្ញុំអ៊ីចឹង ហើយមិនចង់ចេញទៅទាំងទឹកភ្នែកដោយយកលុយទិញផ្ទះផ្សេងមិនបាននោះទេ។ ចង់ចេញទៅដោយស្នាមញញឹម»។

ចំណែក អ្នកភូមិម្នាក់ទៀត ឈ្មោះ កុល សុវ៉ាន់ អាយុ ៦២ ឆ្នាំ បានឲ្យដឹងថា បើផ្ទះអ្នកខ្លះទំហំ ៣០ ម៉ែត្រការ៉េអ៊ីចឹងលុយទទួលបាន ៤ ម៉ឺនដុល្លារគឺមិនអាចទៅទិញផ្ទះថ្មីបានទេ ហើយបើទិញបានគឺនៅជាយក្រុង។

ស្រីរូបនោះនិយាយថា៖ «ខ្ញុំលក់ ៩ ម៉ឺនដុល្លារ ព្រោះតំបន់នេះគឺតំបន់ខ្លាញ់ ព្រោះយើងចង់លក់ហើយអាចទៅទិញផ្ទះថ្មីបានព្រោះ ផ្ទះឥឡូវថ្លៃៗណាស់ហើយឆ្ងាយក្រុងទៀត»។

ការសិក្សារវាងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ជាមួយក្រុមហ៊ុន ជប៉ុន Arakawa គឺគ្រោងចំណាយថវិកាប្រមាណ ៧០-៨០ លានដុល្លារសហរដ្ឋអាមេរិក រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ ២១ ជាន់ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ ជាន់កន្លែងលក់ដូរ ១ ជាន់ និង កន្លែងស្នាក់នៅ ៥ ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន ១០ ភាគរយ ហើយចាប់ពីជាន់ទី ៩ ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន ជប៉ុន Arakawa៕

ប្រភព៖ postkhmer

Leave a Reply