គំនរ​សំរាម​រុយ​រោម​នឹង​គរ​កាន់​តែ​ច្រើន​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក
Posted On : វិច្ឆិកា, 3, 2014 | By សំឡេងទីក្រុង

ដោយ៖ ភ្នំពេញប៉ុស្តិ៍ Laignee Barron and ប៉ិច សុធារី, Fri, 31 October 2014
ភ្នំពេញៈ គំនរ​សំរាម​រុយ​រោម​ដែល​គរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​គរ​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​ភ្ញៀវ​រាប់​លាន​នាក់​នឹង​នាំ​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នា​ពេល​ខាង​មុខ​នេះ ដែល​នឹង​បន្ថែម​បន្ទុក​មក​លើ​អ្នក​ប្រមូល​សំរាម​របស់​រាជធានី​ភ្នំពេញ។

មនុស្ស ២ លាន​បន្ថែម​ទៀត នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ភ្នំពេញ នា​សប្តាហ៍​ក្រោយ ហើយ​ជាមួយ​នឹង​លំហូរ​មនុស្ស​នេះ គេ​ព្យាករ​ថា សំរាម​នឹង​កើន​ឡើង​ជិត ២ ដង​គឺ​លើស ២ ពាន់​តោន​ក្នុង​មួយ​ថ្ងៃ។ ដើម្បី​ដោះស្រាយ​កំណើន​នេះ ក្រុម​ហ៊ុន​ប្រមូល​សំរាម​តែ​មួយ​គត់​របស់​រាជធានី​គឺ​ក្រុម​ហ៊ុន ស៊ីនទ្រី ត្រូវ​បាន​ស្នើ​ឲ្យ​បន្ថែម​កម្លាំង​ការងារ​និង​ដាក់​ពង្រាយ​រថយន្ត​ដឹក​សំរាម​បន្ថែម។

លោក អៀង អានី អភិបាល​រង​រាជធានី​ភ្នំពេញ ដែល​បាន​សម្តែង​មន្ទិល​ថា ក្រុម​ហ៊ុន​ប្រមូល​សំរាម​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ថ្លែង​ថា៖ «ពួក​គេ​ចាំ​បាច់​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ពួក​គេ»។ «នា​ពេល​បច្ចុប្បន្ន​ពួក​គេ​មិន​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ទេ។ អ្នក​រាល់​គ្នា​អាច​មើល​ឃើញ នៅ​តែ​មាន​សំរាម​តាម​ផ្លូវ​នៅ​កន្លែង​ជាច្រើន ដូច្នេះ​ពួក​គេ​មិន​បាន​ធ្វើ​ការងារ​របស់​ខ្លួន​យ៉ាង​ត្រឹម​ត្រូវ​ទេ»។

ក្រុម​ហ៊ុន ស៊ីនទ្រី ប៉ាន់​ប្រមាណ​ថា កម្មករ​បន្ថែម ៥០០ នាក់​ទៀត​នឹង​ត្រូវ​ការ​ដើម្បី​រក្សា​តំបន់​រៀបចំ​ពិធី​ឲ្យ​ស្អាត ហើយ​ក្រុម​ហ៊ុន​បាន​ស្នើ​ឲ្យ​និយោជិត​របស់​ខ្លួន​ស្ម័គ្រ​ចិត្ត​ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​ជាតិ​នេះ។ យោង​តាម​ច្បាប់​ការងារ កម្មករ​ត្រូវ​ឈប់​សម្រាក ប៉ុន្តែ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​សម្អាត​ក្រុង​ក្រុម​ហ៊ុន​បាន​សន្យា​ផ្តល់​ប្រាក់​បន្ថែម​ម៉ោង​និង​ប្រាក់​រង្វាន់​ប្រចាំ​ថ្ងៃ។

លោក Jon Morales មន្រ្តី​កម្មវិធី​នៅ​មូលនិធិ​អាស៊ី បាន​ថ្លែង​ថា៖ «រាល់​ថ្ងៃ​បុណ្យ​គឺជា​បញ្ហា​ប្រឈម​ចំពោះ​ការ​ប្រមូល​សំរាម​ក្នុង​ទីក្រុង។ [ការ​លើក​ទឹក​ចិត្ត​ប្រាក់​ឈ្នួល] ពុំ​សូវ​ជោគជ័យ​ទេ ព្រោះ​មនុស្ស​ជាច្រើន​ចង់​ឈប់​សម្រាក​ថ្ងៃ​បុណ្យ»។

កម្មករ​ប្រមូល​សំរាម​ដែល​បាន​ធ្វើ​កូដកម្ម​ពីរ​ដង​ក្នុង​ឆ្នាំ​នេះ ទាក់​ទង​នឹង​លក្ខខណ្ឌ​ការងារ និង​ការ​ដំឡើង​ប្រាក់​ឈ្នួល បាន​ថ្លែង​ថា ពួក​គេ​ត្រៀម​ជា​ស្រេច​ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​ពិធី​បុណ្យ​អុំទូក ប៉ុន្តែ​ពួក​គេ​សង្ឃឹម​ទទួល​បាន​ប្រាក់​ឈ្នួល​ល្អ​ជាង​នេះ។

លោក ប្រាក់ សុខា អ្នក​បើក​ឡាន​ដឹក​សំរាម​ក្រុម​ហ៊ុន ស៊ីនទ្រី និង​ជា​តំណាង​កម្មករ បាន​ថ្លែង​ថា៖ «ខ្ញុំ​តែង​តែ​ធ្វើ​ការ​នៅ​ថ្ងៃ​បុណ្យ…ដើម្បី​រក​ប្រាក់​បន្ថែម»។ លោក សុខា បាន​បន្ថែម​ថា ក្រុម​ហ៊ុន​បាន​សន្យា​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ចំនួន ៣ ម៉ឺន​រៀល សម្រាប់​អ្នក​បើក​ឡាន ១៥០០០ រៀល​សម្រាប់​អ្នក​ប្រមូល​សំរាម និង ៥០០០ រៀល​សម្រាប់​អ្នក​បោស​ថ្នល់។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​គិត​ថា វា​គ្រប់​គ្រាន់​ទេ។ យើង​ធ្វើ​ការ​នៅ​កន្លែង​កខ្វក់ ហើយ​វា​ប៉ះពាល់​ដល់​សុខភាព​របស់​យើង»។

បើ​ទោះ​បី​ជា​រាជធានី​ភ្នំពេញ មាន​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ជា​ផ្លូវ​ការ ដែល​បាន​ដំណើរ​ការ​ជាច្រើន​ឆ្នាំ​មក​ហើយ​យ៉ាង​ណា​ក្តី ក៏​ជា​ញឹក​ញាប់ គេ​នៅ​តែ​ឃើញ​គំនរ​សំរាម​ស្អុយ​រលួយ​មាន​រុយ​រោម នៅ​តែ​មាន​នៅ​តាម​តំបន់​ជាច្រើន​នៅ​ឡើយ​ទាំង​នៅ​តំបន់​ជាយ​ក្រុង​និង​កណ្តាល​ក្រុង។

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា គំនរ​សំរាម​ស្អុយ​រលួយ ក្រៅ​ពី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​សាធារណៈ វា​ក៏​បាន​ធ្វើ​ឲ្យ​ខូច​ដល់​សោភណភាព​រាជធានី​ភ្នំពេញ​ផង​ដែរ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!