គួរតែ​បង្កើន​ថ្លៃ​សេវា​ប្រមូល​សំរាម​ ហើយ​បង្កើន​ប្រសិទ្ធភាព​ប្រមូល​សំរាម
Posted On : January, 2, 2019 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

មាន​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​ស្ទើរតែ​រាល់ថ្ងៃ​រឿង​សំរាម​ហ្នឹង​ដែល​បណ្តាល​មកពី​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​មិន​ទៀងទាត់​ការយឺតយ៉ាវ​មិន​មក​ប្រមូល​សំរាម​ បន្ទាប់ពី​ថ្ងៃ​បុណ្យទាន​ការចាក់​សំរាម​នៅ​តាម​របង​សាលារៀន ឬ​ក៏​តាម​ផ្លូវ​លូទឹកស្អុយ​យ៉ាង​អនាធិបតេយ្យ​ដោយ​ពលរដ្ឋ​ធំ​ក្លិន​សំរាម​ស្អុយ​ហូរ​ស្រក់​ទឹកស្អុយ​ពី​រថយន្ត​ដឹក​សំរាម​មក​លើ​ថ្នល់ និង​ការ​ស្ទះលូ​លិច​ទីក្រុង ដោយសារ​តែ​សំរាម​នេះ​ដែរ​។

ការដោះស្រាយ​បញ្ហា​សំរាម​នេះ​ក៏​មិន​ឃើញ​ធ្វើ​ទៅ​ដោយ​រលូន​ដែរ​មកពី​ការដេញថ្លៃ​ផ្តាច់​មុខ​រយៈពេល​វែង​អ៊ីចឹង​បាន​ក្រុមហ៊ុន​ស៊ីនទ្រី​ក្លាយ​ទៅ​ជា​ទីផ្សារ​ម៉ូណូប៉ូលី​ (Monopoly market) គ្មាន​គូប្រកួត​ប្រជែង​ចំពោះ​ការផ្តល់សេវា​ប្រមូល​សំរាម​នេះ​។

រីឯ​ការផាក​ពិន័យ​ពី​អ្នក​បោះចោល​សំរាម​ទៅ​តាម​ច្បាប់​មិន​ដែល​បាន​អ្វី​ ១ ​រៀល​នោះ​ទេ បើ​ទោះបី​ជា​លោក​អភិបាល​រាជធានី​ភ្នំពេញ​ប្រកាស​ផាកពិន័យ ចំពោះ​អ្នក​ចោល​សំរាម​តាម​ទី​សារធារណៈ​កាលពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ក៏ដោយ​។

រីឯ​ស្លាក​ធំៗ​ដែល​ដាក់​តាម​ទីសាធារណៈ​ប្រាប់​ពី​ការផាកពិន័យ​ជា​ទឹកប្រាក់​ទៅ​តាម​ច្បាប់​នោះ​ក៏​បាក់បែក​ខ្ទេចខ្ទី​ចង់​អស់​ដែរ បើ​ទោះបី​អនុក្រឹត្យ ដែល​តម្រូវ​ឲ្យ​អនុវត្ត​តាំងពី​ឆ្នាំ ​២០១៥ មក​នោះ​គឺ​ពិន័យ​អ្នក​បោះចោល​សំរាម​ពី ១ ​ម៉ឺន​រហូត​ដល់ ២០ ​ម៉ឺន​រៀល​ក៏ដោយ​។ ម្យ៉ាង​ទៀត​មាន​ផ្ទះ​ពលរដ្ឋ​ខ្លះ​បាន​ទិញ​ធុងសំរាម​ជ័រ​ធំៗ​ទុក​ប្រើ​នៅពេល​ដែល​ដាក់​ចោល​ចោរលួច​យក​ទៅ​បាត់​។

ឥឡូវ​ចូល​ដល់​បញ្ហា​ខាង​ក្នុង​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​វិញ​ម្តង​គឺ​បុគ្គលិក​ប្រមូល​សំរាម​មិន​បាន​ប្រើ​ស្រោមដៃ​ការពារ​សុវត្ថិភាព​នោះ​ទេ​មាន​ន័យ​ថា​លើក​ដាក់ៗ​ចូល​ក្នុង​រថយន្ត ឬ​ក៏​រទេះអូស​។ ពួកគេ​ប្រឈម​ទៅ​នឹង​ការ​មុត​ដាច់​រលាត់​អាច​ឆ្លង​តេតាណូស និង​ជំងឺ​ឆ្លង​ផ្សេងៗ ឯការ​ហិតក្លិន​វិញ​គឺ​ចូល​សួត​ពេញៗ​រាល់​ថ្ងៃ ពួកគេ​មិន​ដែល​សូវ​ឃើញ​ពាក់​ម៉ាស់​នោះ​ទេ មើល​ទៅ​ហាក់បី​ដូចជា​មាន​ការ​លំបាក​ជាង​កម្មករ​រោងចក្រ​ផង និង​ប្រាក់ខែ​ក៏​តិច​ជាង​កម្មករ​រោងចក្រ​ដែរ តែ​ប្រាក់ខែ​កម្មករ​រោងចក្រ​ត្រូវ​បាន​គេ​ដំឡើង​ឲ្យ​​រាល់​ឆ្នាំ​។

កាលពី​សប្តាហ៍​មុន​នេះ​គឺ​មាន​បាតុកម្ម​របស់​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ប្រមាណ​ជា ៥០០ នាក់​ទាម​ទារ​ប្រាក់ខែ​បន្ថែម ១២ ​ដុល្លារ និង​ប្រាក់​បំណាច់​ផ្សេង​ទៀត​នៅ​មុខ​​ក្រុមហ៊ុន​ស៊ីនទ្រី​តែ​ម្តង​។

ចំណុច​នេះ​ក្រុមហ៊ុន​ស៊ីនទ្រី​គួរ​តែ​ផ្តល់​ការលើក​ទឹកចិត្ត​ដល់​ពួកគេ ដើម្បី​ឲ្យ​មាន​កម្លាំង​ធ្វើការ ព្រោះ​អ្វីៗ​ក៏​ឡើង​ថ្លៃ​ដែរ ឲ្យ​នៅ​ប្រាក់ខែ​ដដែល​ម៉េច​នឹង​កើត បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ផ្សេងៗ​ក៏​ឡើង​ថ្លៃ​ជា​រៀងរាល់​ឆ្នាំ​ដែរ ហើយ​វិបត្តិ​ខ្វះ​កម្មករ​ក្នុង​ស្រុក​ធ្វើការ​ក៏​ជា​បញ្ហា​ផង​ដែរ​។ ដើម្បី​បំពេញ​ការខាតបង់​សម្រាប់​បុគ្គលិក​នេះ​គឺ​ក្រុម​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការកែសម្រួល​កិច្ចសន្យា​ក្នុង​ការ​ដំឡើង​ថ្លៃ​សេវា​យក​សំរាម​តាម​ផ្ទះ​ដែល​ភ្ជាប់​​ជាមួយ​ក្រដាស​តម្លៃ​ភ្លើង​ពី​ ១ ​ដុល្លារ​ក្នុង​ ១ ​ខែ ទៅ ២ ​ដុល្លារ​ក្នុង​ ១ ​ខែ​វិញ​ទៅ​សម្រាប់​ ១ ​ខ្នង​ផ្ទះ រីឯ​ក្រុមហ៊ុន ឬ​ក៏​អាជីវកម្ម​ផ្សេង​ក៏​ដំឡើង​ទៅ​តាម​តម្លៃ​សមស្រប​។

ករណី​នេះ​ក្រុមហ៊ុន​ស៊ីនទ្រី ក៏​មិន​អាច​នៅ​តែ​យក​លុយ ១ ​ដុល្លារ ក្នុង ១ ខែ​សម្រាប់​ប្រជាពលរដ្ឋ​ ១ ​ខ្នង​ផ្ទះ​ដូច​កាលពី ១០ ឆ្នាំ​មុន​នោះ​ទៀត​ដែរ ពីព្រោះ​វា​មិន​ឆ្លើយតប​ទៅ​នឹង​តម្លៃ​ទីផ្សារ ហើយ​ម្យ៉ាង​ទៀត​ប្រាក់​ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​ក៏​កើនឡើង​រាល់​ឆ្នាំ​ដែរ​ដោយ​នៅ​ឆ្នាំ​ ២០១៧ ពលរដ្ឋ​ខ្មែរ​ម្នាក់​មាន​ប្រាក់​ចំណូល​ជា​មធ្យម ១៣៨៥ ដុល្លារ​ក្នុង ១ ​ឆ្នាំ (Data World Bank)​។ បើ​ប្រៀបធៀប​ជាមួយ​ថ្លៃ​ភ្លើង​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ បើ​ទោះបី​ជា​ចំណាយ​ភ្លើងអគ្គិសនី​មាន​កម្រិត​លម្អៀង​ពី ៣ ទៅ ៤ ​ម៉ឺន​រៀល​ (​ប្រហែល​ជា ៨ ​ទៅ​ ១០ ​ដុល្លារ​) ​ក្នុង​ ១ ​ខែ​ក៏​គ្មាន​នរណា​ទៅ​យក​ចិត្ត​ទុក​ដាក់​ខ្វល់ខ្វាយ​នោះ​ទេ​។

បើ​តម្លៃ​ប្រមូល​សំរាម​នោះ​ត្រូវ​បាន​ដំឡើង ហើយ​ក្រុមហ៊ុន​ស៊ីនទ្រី​ត្រូវ​តែ​ឆ្លើយតប និង​រក​ដំណោះស្រាយ​វិញ​ដូចជា​៖

១- ត្រូវ​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់​​ ២ ​ថ្ងៃ​ម្តង​ និង​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​មិន​ត្រូវ​ឲ្យ​ឃើញ​មាន​គំនរ​សំរាម​ស្អុយរលួយ​មាន​នៅ​ពាសវាល​ពាសកាល​តាម​ទីសាធារណៈ​ទៀត​ទេ​។

២- ថ្ងៃ​ឈប់​សម្រាក​បុណ្យទាន​ក៏​ត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់​ដែរ​។

៣- ត្រូវ​មាន​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ ដើម្បី​មើល​សកម្មភាព​ការអនុវត្ត​របស់​កម្មករ​ប្រមូល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។

៤- រថយន្ត​ដឹក​សំរាម​ត្រូវ​លាង​សម្អាត​រាល់ថ្ងៃ ដើម្បី​សុខភាព​ទាំងអស់​គ្នា ចៀសវាង​គ្រាន់​តែ​សម្បក​ឡាន​បើក​កាត់​ក៏​ធុំក្លិន​ស្អុយ​ដែរ​នោះ​។

៥- កាត់បន្ថយ​ឲ្យ​ខាង​តែ​បាន​រឿង​ហូរ​ទឹកស្អុយ​តាម​ផ្លូវ​ក្លិន​ស្អុយ​ពេញ​ផ្លូវ និង​ប្រឡាក់​ពេញ​ផ្លូវ​ស្អាត​។

៦- ប្រមូល​តាម​ផ្លូវធំៗ​ពេល​យប់​ឲ្យ​អស់​ហើយ​ពេល​ថ្ងៃ​ប្រមូល​តាម​ផ្លូវ​តូចៗ​តាម​បុរី​ ឬ​ក៏​ផ្ទះល្វែង​ដើម្បី​រួម​ចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។

រីឯ​រាជរដ្ឋាភិបាល​វិញ​ក៏​គួរតែ​បើកចំហ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ផ្សេង​ទៀត ចូលរួម​ប្រកួត​ប្រជែង​ប្រមូល​សំរាម​ផង​ដែរ​ហើយ​ធ្វើការ​ប្រៀបធៀប និង​វាយតម្លៃ​ក្នុង​ការ​អនុវត្ត​របស់​ពួកគេ​ជា​ជាង​ឲ្យ​ក្រុមហ៊ុន​តែ​មួយ ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ចង់​មក​ប្រមូល​ ឬ​ក៏​មិន​ប្រមូល​ស្រេច​តែ​ចិត្ត​នោះ​ទេ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Urban Voice Cambodia

Urban Voice Cambodia