គម្រោង ​Elysee ​តម្លៃ​ជាង​ ៥០ ​លាន​ដុល្លារ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ ២០១៨
Posted On : January, 24, 2015 | By សំឡេងទីក្រុង

ដោយ ស៊ីវ ម៉េង, ភ្នំពេញបុស្តិ៍ុ,​ ថ្ងៃទី ២៤ មករា ២០១៥

អគារ​ពាណិជ្ជ​កម្ម​ខ្នាត​មធ្យម Elysee ដែល​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ​​ ៥០ លាន​ដុល្លារ ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាង​សង់​គ្រឹះ​អគារ ខណៈ​គម្រោង​ខាង​លើ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ ២០១៨ ​ខាង​មុខ​។

លោក រ៉ា បូរីវុទ្ធ ប្រធាន​គ្រប់​គ្រង​គម្រោង​ Elysee នៃ​ក្រុម​ហ៊ុន OCIC បាន​ប្រាប់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សាងសង់​គ្រឹះ និង​ចំណត​រថយន្ត​នៅ​ជាន់​ខាង​ក្រោម​នៃ​អគារ។​ អគារ​ពាណិជ្ជ​កម្ម Elysee ត្រូវ​បាន​រចនា​ឡើង​តាម​បែប​រចនា​ប័ទ្ម​ប្រទេស​លោក​ខាង​លិច ដោយ​មាន​កម្ពស់​ ៩ ​ជាន់ និង​មាន​ផ្ទះ​ចំនួន​ជាង​ ២០០ ​ល្វែង​។

លោក​បន្តថា គម្រោង​នេះ​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​កាល​ពី​ដើម​ឆ្នាំ ២០១៤ លើ​ផ្ទៃ​ដី​ទំហំ ​៧,៥ ហិកតា។

លោក​ថ្លែង​ថា៖ «លក្ខណ​​ពិសេស​របស់​គម្រោង​ Elysee ​គឺ​ស្ថិត​នៅ​ចំទីតាំង​ល្អ​ដោយ​នៅ​ជាប់​មាត់​ទន្លេ ចំណែក​ការ​ឌីហ្សាញ​ គឺ​យក​តាម​រចនាប័ទ្ម​បែប​ប្រទេស​លោក​ខាង​លិច ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ក្នុង ​និង​ក្រៅ​ប្រទេស»។

លោក​អះអាង​ថា៖ «អគារ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​កម្សាន្ត​សម្រាប់​អ្នក​មិន​មាន​លទ្ធភាព​ទៅ​ទស្សនា​ទ្វីប​អឺរ៉ុប គឺ​ពួក​គេ​អាច​មក​មើល​អគារ Elysee និង​អគារ​ក្នុង​គម្រោង ​La sence ​នៅ​កោះ​ពេជ្រ​បាន​ បើ​ទោះ​បី​ជា​វា​មិន​បាន​ដូច​ ១០០ ​ភាគរយ​ក្តី»។

លោក បូរីវុទ្ធ បានឲ្យ​ដឹង​ទៀត​ថា ​អគារ​ក្នុង​គម្រោង Elysee ត្រូវ​បាន​ឌីហ្សាញ​យ៉ាង​ពិសេស ដោយ​ការ​ឌីហ្សាញ​បាន​ធ្វើ​ឡើង​សម្រាប់​ប្រើ​ប្រាស់​ជា​ប្រភេទ​សណ្ឋាគារ ខុនដូ និង​ហាង​លក់​ទំនិញ​ខ្នាត​មធ្យម។ គម្រោង​​នេះ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​ ៥០ ​លាន​ដុល្លារ​អាមេរិក ​ដោយ​មិន​ទាន់​គិត​បញ្ចូល​តម្លៃ​ដី​នោះ​ទេ​។

កញ្ញា បាញ់ ​ស៊ូលី ប្រធាន​ផ្នែក​លក់​នៃ​គម្រោង Elysee បាន​និយាយ​ថា ​ការ​លក់​គម្រោង Elysee បាន​ចាប់​ផ្តើម​ជិត​មួយ​ឆ្នាំ​ហើយ​ ដោយ​ការ​លក់​បាន​ចែក​ចេញ​ជា​បី​ដំណាក់​កាល​។ ដំណាក់​កាល​ទី ១​ និង​ទី ២​ ក្រុមហ៊ុន​លក់​អស់​ ១០០ ​ភាគ​រយ​ហើយ​ ខណៈ​ការ​លក់​ក្នុង​ដំណាក់​កាល​ទី​ ៣ ​កំពុង​ដំណើរ​ការ​ជា​រៀង​រាល់​ថ្ងៃ​។ ជា​រួម​​​មក​ទល់​ពេល​នេះ​គម្រោង​ទាំង​មូល​​លក់​អស់​ជាង​ ៨០ ​ភាគ​រយ​ហើយ​។

កញ្ញា ស៊ូលី បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​ក្នុង​គម្រោង Elyses លក់​ក្នុង​តម្លៃ​ចាប់​ពី​ ៩៥ ​ម៉ឺន​​ដល់​ជាង​ ៥ លាន​ដុល្លារ​។

លោក ប៉ូ ​អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​​ក្រុមហ៊ុន​ អេស៊ា ​រៀល​អេស្ទេត បាន​និយាយ​​ថា​ Elysee ​ជា​គម្រោង​មួយ​ដែល​ផ្តោត​លើ​អតិថិជន​មាន​ប្រាក់​ច្រើន​ ព្រោះ​វា​មាន​តម្លៃ​​ចាប់ពី​៩៥​​ម៉ឺនដុល្លារ​ឡើង​ទៅ។

លោក ចេង ខេង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលន​ទ្រព្យ​​កម្ពុជា និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​អចលនទ្រព្យ​កម្ពុជា​ ស៊ីភីអិល ​មាន​ប្រសាសន៍​ថា អ្នក​វិនិយោគ​បាន​សម្លឹង​​ឃើញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​សញ្ញា​ល្អ ហើយ​រំពឹង​ថា ក្នុង​ឆ្នាំ ២០១៥ នេះ​នឹង​មាន​អគារ​ខ្ពស់ៗ​កប់​ពពក​ជា​ច្រើន​បង្ហាញ​ខ្លួន ដូច្នេះ​ការ​លក់​អគារ​ពាណិជ្ជកម្ម​ខ្នាត​មធ្យម Elysee នឹង​​ទទួល​ជោគ​ជ័យ។

លោក​​បន្ត​ថា ឲ្យ​តែ​អ្នក​វិនិយោគ​សាង​សង់​ប្រកប​ដោយ​គុណភាព​សោភណភាព មិន​គិត​តែ​ពី​ចំណេញ ពួក​គាត់​តែង​តែ​ទទួល​​បាន​ជោគ​ជ័យ។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​គម្រោង​មួយ​សាង​សង់​ល្អ​ប្រកប​ដោយ​គុណភាព​គាត់​នឹង​ទទួល​ជោគ​ជ័យ​ ទោះ​បី​ជា​លក់​ក្នុង​តម្លៃ​ថ្លៃ​ក៏​ដោយ។

លោក​បាន​បន្ត​ថា​៖​«​នៅលើ​ទីផ្សារ​កម្ពុជា យើង​មិន​សូវ​​​ឮអតិថិ​ជន​ណា​សរសើរ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន OCIC នោះ​ទេ​ តែ​យើង​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​គាត់​ធំ​ និង​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន»៕

Urban Voice Cambodia

Urban Voice Cambodia