គម្រោង​អភិ​វឌ្ឍន៍​របស់ Yuetai នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​ ២០១៩
Posted On : វិច្ឆិកា, 15, 2018 | By សំឡេងទីក្រុង

ភ្នំពេញៈ គម្រោង​អភិ​វឌ្ឍន៍ Phnom Penh Harbour​ ឬ The City Gate របស់​ក្រុម​ហ៊ុន​​ Yuetai Group ដែល​ស្ថិត​នៅ​​តាម​មាត់​ទន្លេ​សាប នឹង​​ចាប់​​ផ្តើម​​​សាង​សង់​នៅ​ត្រី​មាស​ទី​ ១ ឆ្នាំ ២០១៩ ខណៈ​គម្រោង​មួយ​ចំ​នួន​​បាន​លក់​អស់​ទាំង​ស្រុង​។ នេះ​បើ​តាម​អ្នក​គ្រប់​គ្រង​ការ​លក់​របស់​ក្រុម​ហ៊ុន។

គម្រោង​អភិ​វឌ្ឍន៍​ចម្រុះ​ដែល​​ទទួល​បាន​សម្ប​ទាន​ជួល​រយៈ​ពេល​ ៥០ ឆ្នាំ ​ពី​កំពង់​ផែ​ស្វ​យ័ត​ក្រុង​​ភ្នំ​ពេញ​នេះ ស្ថិត​ក្រោម​ការ​អភិ​វឌ្ឍ​ដោយ​ក្រុម​ហ៊ុន ចៀន ឈឹង ថៃ គ្រុប ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ Yuetai Group​។

តំ​ណាង​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​ថា គម្រោង​ទាំង​មូល​គ្រោង​នឹង​ត្រូវ​បញ្ចប់​យ៉ាង​តិច​ក្នុង​រយៈ​ពេល​ ៦ ឆ្នាំ។ ​

ក្រុម​ហ៊ុន ចៀន ឈឹង ថៃ គ្រុប ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Yuetai Group ដែល​ជា​ក្រុម​ហ៊ុន​​អ​ច​ល​ន​ទ្រព្យ​ដ៏​ធំ​មក​ពី​ខេត្ត​ក្វាងចូវ​ ប្រទេស​ ចិន។ Yuetai Group ជា​ម្ចាស់​គម្រោង​អគារ​ធំ​ៗ​ចំ​នួន​៣ ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​​រួម​មាន East One, East view និង​Yuetai The Garden។​

Phnom Penh Harbour​ នឹង​ត្រូវ​សាង​សង់​នៅ​លើ​​ផ្ទៃ​ដី​​ ៩២,៥៣៨ ម៉ែត្រ​ការ៉េ​ ដែល​​ជា​ទី​តាំង​ជួល​ពី​កំ​ពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​ ក្នុង​តម្លៃ ​១៦,៥ ​លាន​​ដុល្លារ​ ​រហូត​ដល់​ឆ្នាំ​ ២០៦៨ ។ គម្រោង​នេះ​​​លាត​សន្ធឹង​ចាប់​​ពី​គល់​​​ស្ពាន​ជ្រោយ​ចង្វារ​​ទៅ​ដល់​​ផ្សារ​រាត្រី​។​

តាម​ផែន​ការ​ Phnom Penh Harbour នឹង​មាន​អគារ​ខ្ពស់​ៗ​ចំ​នួន​ ២៨​។ ក្នុង​​គម្រោង​នេះ​រួម​​មាន ​អគារ​កា​រិ​យា​ល័យ មជ្ឈ​​មណ្ឌល​សិល្បៈ ទី​ធ្លា​សម្តែង​​ សួន​បាញ់​ទឹក ផ្សារ​បណ្តែត​​ទឹក ទីធ្លា​កម្សាន្ត ទី​ធ្លា​សម្តែង​វប្បធម៌​សិល្បៈ សណ្ឋា​គារ​លំ​ដាប់​ផ្កាយ​​​ ៥ សាល​តាំង​ពិ​ព័រណ៍ និង​​សួន​ច្បារ​សាធា​រណៈ​ជា​ដើម​។

កញ្ញា ស្រី ពេជ្រ អ្នក​គ្រប់​គ្រង​ផ្នែក​លក់​នៃ​គម្រោង Phnom Penh Harbour បាន​ប្រាប់​ភ្នំ​ពេញ ប៉ុស្តិ៍​ នៅ​កា​រិ​យា​ល័យ​កណ្តាល​របស់​ក្រុម​ហ៊ុន​ កាល​ពី​​ថ្ងៃ​ម្សិល​មិញ​​ថា តាម​ផែន​ការ​ការ​សាង​សង់​គម្រោង Phnom​ Penh Harbour ត្រូវ​​​ចែក​ចេញ​​​ជា​ ៤ ​គម្រោង​​ ​ដោយ​គម្រោង​​ទី​ ៣ ដែល​​រួម​មាន​ផ្ទះ​អា​ជីវ​កម្ម និង​​ខុន​ដូ​ចំ​នួន​ ៩ នឹង​ត្រូវ​សាង​សង់​មុន​គេ​ ដោយ​មាន​អគារ​ខ្ពស់​បំ​ផុត​ ៥០ ​ជាន់។

គម្រោង​នេះ​នឹង​ចាប់​ផ្តើម​សាង​​​សង់​នៅ​​​ដើម​​ឆ្នាំ​ ២០១៩ ​នឹង​បញ្ចប់​​​នៅ​ក្នុង​ឆ្នាំ​ ២០២២​​។ បច្ចុ​ប្បន្ន​ការ​លក់​​ផ្ទះ​អា​ជីវ​កម្ម​ក្នុង​គម្រោង​បាន​បញ្ចប់​ ១០០ ​ភាគ​រយ​​​ហើយ ខណៈ​ការ​លក់​អគារ​ខុន​ដូ A1 ដែល​មាន​​ចំ​នួន ៤០០ ​យូ​នីត​ សម្រេច​បាន​ជាង​ ១០ ​​ភាគ​រយ​​ហើយ​។

កញ្ញា​ ស្រី ពេជ្រ ​និ​យាយ​ថា៖​ «​សក្តា​នុ​ពល​​ទី​តាំង​ភូមិ​សាស្រ្ត​បាន​ធ្វើ​ឲ្យ​ការ​លក់​ប្រ​ភេទ​ផ្ទះ​អា​ជីវ​កម្ម ដែល​មាន​ចំ​នួន​ ១៦០​ ត្រូវ​បាន​លក់​អស់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ៣ ​ខែ​ប៉ុ​ណ្ណោះ​»។

បើ​តាម​កញ្ញា ស្រី ពេជ្រ អតិ​ថិ​ជន​​ដែល​​ទិញ​ខុន​ដូ​ មាន​ ៥០ ​ភាគ​រយ​ជា​ជន​ជាតិ​ខ្មែរ។ បន្ទប់​ខុន​ដូ​​​ ដែល​មាន​ទំ​ហំ​ចាប់​ពី ៤៥ ទៅ​ ៨២ ​ម៉ែត្រ​កា​រ៉េ ​មាន​តម្លៃ​ចាប់​​ពី​ជាង ​៨០,០០០​ដុ​ល្លារ​ទៅ​ដល់​​ ១២០,០០០ ​ដុល្លារ ខណៈ​ប្រ​ភេទ​ផ្ទះ​អា​ជីវ​កម្ម​មាន​តម្លៃ​ចាប់​ពី​ ១៥០,០០០ រហូត​ដល់​ជាង​ ១ លាន​ដុ​ល្លារ​។​

លោក ឌឹត ចណ្ណា នា​យក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ​ ឡាក់​គី រៀល​ធី បាន​ឲ្យ​ដឹង​ថា បើ​មើល​តាម​រូប​ភាព​​ការ​រចនា​ Phnom Penh Harbour គឺ​ពិត​ជា​ល្អ​ណាស់ ស្រប​ដែល​ទី​តាំង​​ និង​តម្លៃ​​របស់​វា​ក៏​មាន​ភាព​​ទាក់​ទាញ​​​ផង​ដែរ​។

ទាក់​ទង​នឹង​ការ​កំ​ណត់​តម្លៃ​ លោក ​ចណ្ណា​ បាន​បញ្ជាក់​​ថា៖ «​សម្រាប់​តម្លៃ​ដែល​ក្រុម​ហ៊ុន​ប្រ​កាស​លក់ គឺ​មាន​ភាព​សម​រម្យ​អាច​ទទួល​យក​បាន។ តែ​បើ​និ​យាយ​ពី​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ ពិ​សេស​សម្រាប់​ប្រ​ជា​ជន​​នៅ​ក្នុង​ស្រុក វា​អាច​មាន​បញ្ហា​ខ្លះ ព្រោះ​ទី​តាំង​គម្រោង​​នេះជា​ដី​ដែល​ជួល​ពី​រដ្ឋ​​ និង​មាន​រយៈ​ពេល​កំ​ណត់​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!