ប្រភព៖ www.postkhmer.com, Sat, 17 January 2015, ស៊ីវ ម៉េង
នៅពេលឮដំណឹងថា អ្នកវិនិយោគកូរ៉េខាងត្បូង គ្រោងនឹងបញ្ចេញប្រាក់ ៤ ពាន់លានដុល្លារ ដើម្បីសាងសង់ទីក្រុងរណបមួយលើផ្ទៃដី ២០០០ ហិកតានៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នោះបានធ្វើឲ្យមានការសាទរ និងការចំអកភ្លាមៗពីបណ្តាញសារព័ត៌មានក្នុងស្រុក។
ប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មានស្តីពីគម្រោង អភិវឌ្ឍន៍ទីក្រុងរណបនេះមានគេហទំព័រល្បីឈ្មោះក្នុងស្រុកមួយបាន ពិពណ៌នាគម្រោងនេះក្នុងទស្សនៈចំអកជាច្រើន។ ការចំអកនោះ គឺផ្តោតទៅលើចំនួនទឹកប្រាក់ ៤ ពាន់លានដុល្លារដែលគ្រោងនឹងចំណាយបង្កើតក្រុងរណបថ្មីមួយ និងបានចំអកដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនទៀតដូចជាអគារ Gold Tower 42 ,Camko City, Booyoung Town ដែលអភិវឌ្ឍហាក់មិនចប់ចុងចប់ដើម។
ក្រុងរណបថ្មីដែលគេគ្រោងនឹងអភិវឌ្ឍនោះមានឈ្មោះថា U City ដែលជាការសហការវិនិយោគដោយក្រុមហ៊ុនយូ ស៊ីធី ជាមួយក្រុមហ៊ុន GMG ក្រុមហ៊ុន Won Ban Do Chae សាកលវិទ្យាល័យ Junson និងសាកលវិទ្យាល័យ Jaunnam។
លោកស្រី You Ri Na អគ្គនាយិកាក្រុមហ៊ុន GMG បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយដែលបានរៀបចំនៅសណ្ឋាគារ កាំបូឌីយ៉ាណា កាលពីពេលថ្មីៗនេះថា គម្រោងអភិវឌ្ឍន៍នេះបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជារួច ហើយ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៥ នេះ។ ដំណើរការអភិវឌ្ឍន៍នេះនឹងធ្វើជាដំណាក់កាលៗ ដោយដំណាក់កាលទី១ មានរយៈពេល៤ឆ្នាំ មានការសាងសង់សាកលវិទ្យាល័យសិល្បៈអន្តរជាតិ និងអគារលំនៅឋានមុនគេ។
លោកស្រីរំពឹងថា ទីក្រុងរណបថ្មីនេះនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ ឧស្សាហកម្ម វេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន វប្បធម៌ និងកសិកម្ម ព្រមទាំងមានសាងសង់សាកលវិទ្យាល័យ មន្ទីរពេទ្យ ប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ រោងចក្រផលិតអំពូលអគ្គិសនី LED គម្រោងកសិកម្ម បរិស្ថាន និងវិស័យមួយចំនួនទៀត។
លោកស្រីបានថ្លែងថា៖ «មូលហេតុដែលខ្ញុំ និងដៃគូអភិវឌ្ឍន៍មកវិនិយោគនៅកម្ពុជា ព្រោះខ្ញុំស្រឡាញ់ប្រទេសកម្ពុជាដែលមានវប្បធម៌ល្អ ព្រមទាំងមានសក្តានុពលសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសន្តិភាព ពិសេសប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយសាធារណរដ្ឋកូរ៉េផង ដែរ»។
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បាននិយាយថា ម្ចាស់គម្រោងនេះបានចូលមកផ្សព្វផ្សាយនៅកម្ពុជាកាលពីអំឡុងឆ្នាំ ២០០៩-២០១០ ម្តងរួចមកហើយ ដោយនៅពេលនោះអ្នកអភិវឌ្ឍន៍គម្រោងនេះបានអញ្ជើញលោកទៅជួប និងបង្ហាញ Master Plan របស់គម្រោងឲ្យលោកបានឃើញដែរ ប៉ុន្តែក្រោយមកក្រុមហ៊ុននេះបានបិទការិយាល័យរបស់ខ្លួនមិនដឹងរើ ទៅទីតាំងណានោះទេ។ ទើបតែពេលនេះលោកបានឮពីគម្រោងនេះឡើងវិញ។ គម្រោងនេះអាចស្ថិតនៅតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ស្រុកស្អាង ខេត្តកណ្តាល ដែលដីនៅតំបន់នោះភាគច្រើនជាដីបឹង និងជាដីមានម្ចាស់រួចទៅហើយ។
លោកមានប្រសាសន៍ថា៖ «គម្រោងដែលគេកំពុងផ្សព្វផ្សាយនាពេលនេះខ្ញុំជឿត្រឹមតែ ៣០ ភាគរយ សិនប៉ុណ្ណោះ ហើយបើសួរថា តើក្រុមហ៊ុននោះចូលមកក្រឡុកទីផ្សារ ឬយ៉ាងណានោះ ខ្ញុំគ្រាន់តែអាចនិយាយបានថា ក្នុងបរិបទទីផ្សារបច្ចុប្បន្នយើងពិបាកនិយាយណាស់ ព្រោះយើងមិនដឹងថា គាត់សហការជាមួយអ្នកវិនិយោគ និងអ្នកមានអំណាចក្នុងស្រុក ឬអត់នោះទេ»។
លោក អ៊ាវគង់ បានលើកឡើងថា ដើម្បីនិយាយពីភាពច្បាស់លាស់របស់គម្រោងមួយគេត្រូវសិក្សាពីភាព ជាក់ស្តែង ឬភាពស្របច្បាប់នៃគម្រោងថា មាននិរន្តរភាពដែរ ឬទេ ដោយគេអាចមើលទៅលើកត្តាចំនួន ២ ជាសំខាន់ គឺទី១អ្នកអភិវឌ្ឍន៍ត្រូវបង្ហាញថា តើគាត់បានទិញដី ឬមានដីស្របច្បាប់ហើយ ឬនៅ? Master Plan មានសិក្សាទីផ្សារ និងមានថវិកាសម្រាប់អភិវឌ្ឍ ឬអត់? ទី២ តើគាត់មានអាជ្ញាប័ណ្ណសម្រាប់អភិវឌ្ឍហើយ ឬនៅ? ព្រោះគ្រាន់តែធ្វើសន្និសីទសារព័ត៌មានវាមិនចំណាយអស់ប៉ុន្មាននោះ ទេ។
លោកបានបន្តថា បើនិយាយពីគម្រោងនេះទទួលជោគជ័យ ឬអត់ គឺគេត្រូវសិក្សាពីគម្រោងនេះថា មានអ្វីខ្លះ និងត្រូវសិក្សា Master Plan សិន ប៉ុន្តែបើក្រុងរណបនេះជាក្រុងសម្រាប់អភិវឌ្ឍតែលំនៅឋាន គឺវាហាក់នៅឆ្ងាយបន្តិច។
អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប លោក ស៊ឹង ប៊ុណ្ណា បានប្រាប់ថា ប្រសិនបើក្រុមហ៊ុននេះមានគម្រោងធ្វើជាទីក្រុងរណបមួយឲ្យមាន សក្តានុពលគ្រប់គ្រាន់ គឺត្រូវមានលុយគ្រប់គ្រាន់។ អ្វីដែលទីផ្សារនៅកម្ពុជាត្រូវការខ្លាំងនាពេលនេះ គឺគម្រោងអភិវឌ្ឍន៍លំនៅឋានចាប់ពីថ្នាក់មធ្យមចុះក្រោម ខណៈអ្នកអភិវឌ្ឍន៍ដែលលើកគម្រោងសព្វថ្ងៃនេះភាគច្រើន តែងផ្តោតតែលើក្រុមអ្នកមានប្រាក់ចំណូលមធ្យម និងខ្ពស់។
លោកស្រី ហែម សម្បត្តិ អភិបាលរងក្រុងតាខ្មៅ បានប្រាប់ថា លោកស្រីមិនទាន់បានទទួលសំណើ ឬមានការទាក់ទងពីក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខាងលើមកកាន់សាលា ក្រុងតាខ្មៅនោះទេ អ្វីដែលអ្នកស្រីបានដឹង គឺការឮតៗគ្នាតាមរយៈសារព័ត៌មានតែប៉ុណ្ណោះ។
លោកបណ្ឌិត វ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល បានប្រាប់ថា លោកមិនទាន់ឃើញសំណើណាមួយពីក្រុមហ៊ុនដើម្បីសុំកិច្ចសហការពី មន្ទីរនៅឡើយទេ ប៉ុន្តែលោកថា អាជ្ញាធរក្រុងតាខ្មៅកំពុងរៀបចំប្លង់គោលក្រុងជិត ២ ឆ្នាំមកហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៥ នេះ។ ប្រសិនបើក្រុមហ៊ុនមានបំណងអភិវឌ្ឍក្រុងរណបមែននោះ ក្រុមហ៊ុនគួរតែមកសុំកិច្ចសហការជាមួយក្រុមការងាររៀបចំប្លង់គោល របស់ទីក្រុងនេះ ដើម្បីកុំឲ្យមានបញ្ហានៅពេលគម្រោងនេះចាប់ផ្តើមដំណើរការ។
លោកបានថ្លែងថា៖ «ប្រសិនបើមានការអភិវឌ្ឍពិតប្រាកដទាំងអាជ្ញាធរដែនដី សហគមន៍ និងក្រុមការងារអភិវឌ្ឍន៍ប្លង់គោលរបស់ក្រុងនឹងជួយសហការ និងគាំទ្រគម្រោងនេះច្រើន»។
លោកបានបន្តថា៖ «ពេលក្រុមហ៊ុនមកអភិវឌ្ឍហើយសហការជាមួយក្រុមការងារប្លង់គោល ធ្វើឲ្យយើងមានប្រាក់សម្រាប់រៀបចំប្លង់គោលក្រុងតាខ្មៅកាន់តែលឿន ថែមមួយកម្រិតទៀត»។
លោកបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា លោកមិនដឹងច្បាស់ពីគម្រោងនេះនៅឡើយទេ។
លោក គីម ហ៊ាង នាយកក្រុមហ៊ុនខ្មែរ រៀលអេស្ទេត និយាយថា អ្នកវិនិយោគកូរ៉េ ដែលមកប្រកាសកសាងក្រុងរណបតម្លៃ ៤ ០០០ លានដុល្លារថ្មីៗនេះ គឺពួកគេមកបោកយកលុយ។ ពួកគេចូលមកប្រកាសលក់ដីដែលគេបានទិញតាំងពីឆ្នាំ ២០០៥-២០០៦ មកម្ល៉េះ។
លោកបន្តថា គម្រោងវិនិយោគមានតម្លៃរហូតដល់ ៤០០០ លានដុល្លារវាមិនអាចនោះទេ ព្រោះរដ្ឋាភិបាលកូរ៉េសព្វថ្ងៃនេះមិនឲ្យលុយច្រើនបែបនេះហូរចេញ ពីប្រទេសគេទេ គឺឲ្យតែហូរចូលប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖«ឥឡូវនេះអ្នកវិនិយោគកូរ៉េ ប្រហែល ៩០ ភាគរយបានចូលមកគឺលក់ដីសល់ពីមុនតែប៉ុណ្ណោះ ដើម្បីយកលុយទៅវិញ។ ពួកគេមកបង្ហាញគម្រោងអភិវឌ្ឍន៍ទីក្រុងរណប U City គឺមកបង្ហាញឲ្យយើងទិញដីពួកគេ ហើយពួកគេលក់ក្នុងតម្លៃថ្លៃទៀតផង»។
លោកបានបញ្ជាក់ថា៖«គម្រោងដែលអួតយកប្រាក់រាប់ពាន់លានដុល្លារមកវិនិយោគ គឺជាគម្រោងបោក»។
លោក ចេង ខេង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបន្ទរថា ក្រុមហ៊ុននេះមកនិយាយពីការបោះទុន ៤០០០ លានដុល្លារកសាងក្រុងរណប U City ប៉ុន្តែតើអ្នកណាជាម្ចាស់ដី គឺមិនមានអ្នកណាដឹងនោះទេ។ នេះជាការបំប៉ោងព័ត៌មានមួយដែលងាយធ្វើឲ្យប្រជាជនចាញ់ការឃោសនា អកុសល។
លោកបានបន្តថា បើសូម្បីតែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនដឹងផង តើគម្រោងទីក្រុងរណបនេះកើតឡើងដោយរបៀបណា?