គម្រោង​ហោះហើរ​ត្រង់​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ មក​កម្ពុជា នៅ​មិន​ច្បាស់
Posted On : ធ្នូ, 26, 2016 | By Sarim Tith

ការហោះហើរត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា នៅមានភាពស្រពិចស្រពិលនៅឡើយដោយសារតែកត្តាទីផ្សារ បើទោះបីជាប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នាស្ដីពីការហោះហើរត្រង់រវាងយ៉ាងណាក៏ដោយ។នេះបើយោងតាមមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកស៊ីនចាន់សិរីវុត្ថាបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានចរចាគ្រប់ប្រទេសនានាទាំងអស់ដើម្បីបើកផ្លូវឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជាមិនតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសជាច្រើនផងដែរក្នុងការហោះហើរត្រង់ រួមមានប្រទេសឥណ្ឌូណេស៊ីផងដែរ។ប៉ុន្តែកត្តាទីផ្សារជាបញ្ហាចម្បងដែលធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ឥណ្ឌូណេស៊ី ពិចារណាពីការហោះហើរត្រង់ និងកំពុងសិក្សាពីទីផ្សាររវាងប្រទេសទាំងពីរថា តើគួរហោះហើរត្រង់ ឬយ៉ាងណា។

លោក ចាន់សិរីវុត្ថា ថ្លែងថា៖ «បញ្ហាចម្បងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូណេស៊ី គឺទីផ្សារ ប៉ុន្តែនៅតែមានជម្រើសសម្រាប់ពួកគេ ដោយពួកគេអាចហោះត្រង់ ឬបញ្ញើភ្ញៀវ ឬអ្នកធ្វើដំណើរតាមក្រុមហ៊ុនយន្តហោះផ្សេង(Codeshare)ដើម្បីផលចំណេញ ជាជាងការហោះហើរត្រង់ដែលធ្វើឲ្យពួកគេបាត់ចំណូល»។

លោក សិរីវុត្ថា ថា ហេតុផលដែលក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្ទាក់ស្ទើរក្នុងការហោះត្រង់មកកម្ពុជា គឺពីព្រោះភ្ញៀវទេសចរឥណ្ឌូណេស៊ី មកទស្សនាកម្ពុជា មានចំនួនតិច ខណៈទីផ្សារទេសចរណ៍របស់ឥណ្ឌូណេស៊ី មាននៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងអឺរ៉ុប ពីព្រោះកម្ពុជា មិនមែនជាគោលដៅទេសចរណ៍របស់អ្នកទេសចរឥណ្ឌូណេស៊ី ដូច្នេះវាពិបាកក្នុងបង្កើតប្រាក់ចំណេញទៅលើទីផ្សារនេះ [ទីផ្សារទេសចរណ៍នៅកម្ពុជា]។

លោក ហូ វណ្ឌី អគ្គលេខាធិការនៃសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បាននិយាយថា ការទាក់ទាញអ្នកទេសចរជនជាតិឥណ្ឌូណេស៊ី ពិតជាពិបាកពីព្រោះអ្នកទេសចរឥណ្ឌូណេស៊ី តែងតែសួររកផលិតផលទេសចរណ៍ និងទីតាំងទេសចរណ៍ដែលកម្ពុជាមាន។

លោកបន្ថែមថា ឥណ្ឌូណេស៊ី មានប្រជាជនច្រើន ដូច្នេះបើសិនជាមានការហោះហើរត្រង់វាអាចនឹងជួយទាក់ទាញអ្នកទេសចរជនជាតិឥណ្ឌូណេស៊ី កាន់តែច្រើន។

លោក វណ្ឌី ថា៖ «បើសិនជាមានការហោះហើរត្រង់ ការសម្រេចចិត្តរបស់ទេសចរឥណ្ឌូណេស៊ី នឹងពិចារណាមកកម្ពុជា កាន់តែច្រើន»។

លោក គង់ សុភារៈ ប្រធាននាយកដ្ឋានការិយាល័យស្ថិតិ និងព័ត៌មាន នៃក្រសួងទេសចរណ៍ បាននិយាយថា ចំនួនភ្ញៀវទេសចរឥណ្ឌូណេស៊ី មកទស្សនាកម្ពុជា មានចំនួនកើនឡើងតិចតួច ប៉ុន្តែបើធៀបនឹងប្រទេសផ្សេងៗ ចំនួនភ្ញៀវទេសចរឥណ្ឌូណេស៊ី នៅទាបនៅឡើយ ពីព្រោះមិនមានការហោះហើរត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា។

លោក សុភារៈ ថ្លែងបញ្ជាក់ថា៖ «បើសិនជាមានការហោះហើរត្រង់ វាជាការល្អ ពីព្រោះយើងមានអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខារួចរាល់ហើយ ប៉ុន្តែប្រតិបត្តិការនៅមិនទាន់កើតមានឡើង ដោយសារតែពួកគេកំពុងសម្លឹងមើលសក្ដានុពល នៃទិដ្ឋភាពទីផ្សារទេសចរណ៍ និងការវិនិយោគ»។

លោក សុភារៈ ថា ទីកន្លែងទេសចរណ៍ និងផលិតផលទេសចរណ៍ឥណ្ឌូណេស៊ី ស្រដៀងនឹងកម្ពុជា ដូច្នេះភ្ញៀវទេសចរឥណ្ឌូណេស៊ី ពិបាកសម្រេចចិត្តមកទស្សនាកម្ពុជា។

មន្ត្រីស្ថានទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា មិនអាចទាក់ទងបានទេ ប៉ុន្តែលោកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា លោក Pitono Purnomo បានឲ្យដឹងកាលពីខែកញ្ញា ថា សម្រាប់ពេលនេះ ការហោះហើរប្រចាំថ្ងៃពីឥណ្ឌូណេស៊ី មកកម្ពុជា គឺហោះតាមរយៈទីក្រុងបាងកក ប្រទេសថៃ ជាមួយក្រុមហ៊ុន Bangkok Airways។

លោកបានបន្ថែមថា លោកក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូណេស៊ី Garuda ធ្វើការហោះត្រង់មកកម្ពុជា ដែរ ប៉ុន្តែគាត់គិត និងពិចារណាពីប្រាក់ចំណេញ។

លោកអគ្គរដ្ឋទូតថា៖ «ប្រជាជនកម្ពុជា ទៅទស្សនាឥណ្ឌូណេស៊ី ប្រចាំឆ្នាំមានចំនួន តិចជាង៥០០០នាក់ ខណៈភ្ញៀវទេសចរឥណ្ឌូណេស៊ី មកកម្ពុជា ប្រមាណជា ៥ម៉ឺននាក់ក្នុងមួយឆ្នាំ ដូច្នេះក្រុមហ៊ុនអាកាសចរតែងតែគណនាថា តើវាចំណេញ ឬអត់ ប៉ុន្តែខ្ញុំបានប្រាប់គាត់ថា ហេតុអ្វីមិនព្យាយាមពីរដង ឬបីដងក្នុងមួយសបា្តហ៍ ដោយមិនចាំបាច់ធ្វើការហោះប្រចាំថ្ងៃ ពួកគេកំពុងតែធ្វើការសិក្សាពីទីផ្សារនេះ»។

បើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ពីខែមករា ដល់តុលា ឆ្នាំនេះ ភ្ញៀវទេសចរពីឥណ្ឌូណេស៊ី បានកើនឡើង ១៤ភាគរយ ពី ៣៤.០៩៩ នៅឆ្នាំ២០១៥ ដល់ ៣៩.១៦៤នៅឆ្នាំ២០១៦ ស្របពេលដែលភ្ញៀវទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជា ពីខែមករា ដល់តុលា មានចំនួន ៣,៩២លាននាក់នៅឆ្នាំ២០១៦ រហូតដល់ ៤,៤ភាគរយ កើនពី ៣,៧៥លាននាក់នៅឆ្នាំ២០១៥៕

ប្រភព៖ khmertime

សំឡេងទីក្រុង!

សំឡេងទីក្រុង!