ប្រភព៖ www.PostKhmer.Com, Sat, 7 February 2015, ហ៊ិន ពិសី
ចំនួនគម្រោងវិនិយោគដែលទទួលបានច្បាប់អនុញ្ញាតឲ្យសាងសង់ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី ឆ្នាំ២០១៤ បានកើនឡើងជិត ២០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៣។
ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលប៉ុស្តិ៍អចលនទ្រព្យ ទើបទទួលបានបង្ហាញថា ក្នុង ឆ្នាំ២០១៤ កន្លងមកក្រសួងបានចេញច្បាប់អនុញ្ញាតឲ្យសាងសង់ដល់គម្រោងចំនួន ១៩៦០ ដែលមានតម្លៃសរុបជាង ២៥០០ លានដុល្លារលើផ្ទៃក្រឡាសាងសង់ជាង ៦,៥ លានម៉ែត្រការ៉េ ខណៈកាលពី ឆ្នាំ២០១៣ មានចំនួនត្រឹមតែ ១៦៤១ គម្រោង។
លោក ឡៅ ទិព្វសីហា អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ ថា ស្ថិរភាពផ្នែកនយោបាយ កំណើនសេដ្ឋកិច្ច និងទំនុកចិត្តរបស់អ្នកវិនិយោគ បានធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានមកដាក់ពាក្យស្នើសុំ ច្បាប់សាងសង់នៅក្រសួង។
លោកបានបន្តទៀតថា ក្រុមហ៊ុនបរទេសដែលមកដាក់ពាក្យស្នើសុំសាងសង់ពីក្រសួង ភាគច្រើនមកពីប្រទេសចិន កូរ៉េ ជប៉ុន ថៃ អង់គ្លេស និងម៉ាឡេស៊ី។
លោក ទិព្វសីហា បានថ្លែងថា៖ «ក្នុង ឆ្នាំ២០១៤ កន្លងមកវិស័យសំណង់នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញបានរីកលូតលាស់យ៉ាងខ្លាំង។ ការរីកចម្រើននៃវិស័យសំណង់នៅរាជធានីភ្នំពេញយើងអាចបែងចែកចេញជា ២ គឺតំបន់រីកតាមទិសឈរ និងមួយទៀតរីកតាមទិសដេក»។
ការរីកតាមទិសឈរ ដែលលោក ទិព្វសីហា សំដៅដល់នោះ គឺការរីកលូតលាស់សំណង់ខ្ពស់ៗនៅផ្នែកកណ្តាលនៃរាជធានីភ្នំពេញ ដែលមាននៅក្នុងខណ្ឌចំនួន ៤ គឺ ខណ្ឌចំការមន ទួលគោក ដូនពេញ និង ខណ្ឌ៧មករា។ ចំណែកការរីកទៅតាមទិសដេក គឺសំដៅដល់ការរីកលូតលាស់នៃសំណង់លំនៅឋាន និងបុរីនានា នៅតាមបណ្តាខណ្ឌចំនួន ៨ ទៀតក្នុងរាជធានីភ្នំពេញ។
នៅក្នុង ឆ្នាំ២០១៤ គេសង្កេតឃើញមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនបានចាប់ផ្តើមដំណើរការ ដូចជា គម្រោងសាងសង់ខុនដូ អាផាតមិន អគារការិយាល័យ អគារពាណិជ្ជកម្ម សំណង់លំនៅឋាន បុរី សណ្ឋាគារ ផ្ទះសំណាក់ ឃ្លាំង រោងចក្រ ម៉ាស៊ីនកិនស្រូវ មជ្ឈមណ្ឌលកម្សាន្ត និងទីលានលេងកីឡាជាដើម។
សម្រាប់ ឆ្នាំ២០១៥ នេះ លោកបានអះអាងថា៖ «ចំនួនគម្រោងវិនិយោគវិស័យសំណង់នឹងកើនឡើងខ្ពស់ ព្រោះ ឆ្នាំ២០១៥ គឺជាឆ្នាំល្អសម្រាប់ប្រទេសកម្ពុជាដែលកំពុងត្រៀមខ្លួនក្នុងការ ធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់។ កម្ពុជា ត្រូវបានគេដឹងថា ជាប្រទេសមានសក្តានុពលខ្លាំងនៅក្នុងតំបន់ ព្រោះប្រទេសយើងសម្បូរធនធានមនុស្ស និងមានស្ថិរភាពសេដ្ឋកិច្ច និងនយោបាយល្អ»។
លោកបានប្រាប់ទៀតថា គ្រាន់តែក្នុង ខែមករា កន្លងមក មានក្រុមហ៊ុនវិនិយោគជាច្រើនបានមកដាក់ពាក្យស្នើសុំសាងសង់នៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»៕