គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

Guangzhou Yuetai Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន​កំពុង​មាន​ប្រតិបត្តិការ​លើ​គម្រោង​ជាច្រើន​នៅ​កម្ពុជា​ដូចជា East One និង East View នោះ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​ខ្លួន​មាន​ផែនការអភិវឌ្ឍន៍​នៅ​លើ​ដី​ដែល​មាន​ទំហំ​ ៩.២៥ ​ហិកតា​នា​មាត់​ទន្លេសាប​ក្នុង​រាជធានី​ភ្នំពេញ​។ គម្រោង​ថ្មី​នោះ​នឹង​មាន​ឈ្មោះ​ថា Harbour Bay ដែល​អាច​មាន​អគារ​ខ្ពស់ៗ​ចំនួន​ ២៤ ស្ថិត​តាម​ឆ្នេរ​ទន្លេ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​ទៅ​ដល់​សួនច្បារ​ផ្សារ​រាត្រី​។ នេះ​បើ​យោង​តាម​គម្រោង​រចនា​ប្លង់​។

ដី​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​ធ្លាប់​ជា​ដី​របស់​រដ្ឋ​ដែល​ដី​ពាក់កណ្តាល​នៃ​តំបន់​នេះ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ខណៈ​ដែល​ដី​ពាក់កណ្ដាល​ផ្សេង​ទៀត​គឺ​ភាគច្រើន​ជា​កន្លែង​សំចត​របស់​ទូក​កម្សាន្ត​។

កាលពី​ថ្ងៃ​ម្សិលមិញ​បុគ្គលិក​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន Yuetai Group បាន​បញ្ជាក់​អំពី​វត្តមាន​នៃ​គម្រោង​នេះ​នៅ​ក្នុង​តំបន់​មាត់ទន្លេ ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្តល់ព័ត៌មាន​លម្អិត​នោះទេ​។

ទោះបី​ជា​យ៉ាង​ណា​រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​មាន​ភាពជាក់លាក់​ដែល​ថា តើ​រដ្ឋាភិបាល​បាន​យល់ព្រម​ក្នុង​ការលក់​ដី​នៅ​ទីតាំង​នោះ​ឲ្យ​ក្រុមហ៊ុន Yuetai Group ដែរ​ឬ​ទេ​? អាជ្ញាធរ​មិន​បាន​ឆ្លើយតប​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ​។

យោង​តាម​អនុក្រឹត្យ​លេខ ​៣២ អនក្រ.បក ដែល​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​ ៩ ខែ​មីនា ឆ្នាំ​ ២០១៨ បាន​សរសេរ​ថា​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នូវ​ផ្ទៃដី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (​កសភ​) តាម​បណ្តោយ​ទន្លេសាប​ពី​ជ្រោយចង្វារ​ដល់​ផ្សារ​រាត្រី​ទំហំ​ ៩២៥៣៨ ម៉ែត្រក្រឡា​។

ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​បាន​បង្ហោះ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ បាន​បង្ហាញ​ថា គម្រោង Harbour Bay បាន​គ្រោង​សាងសង់​នៅ​ទី​នោះ​។

ដី​នៅ​តាម​មាត់​ទន្លេសាប​នៃ​រាជធានី​ភ្នំពេញ​ពី​គល់ស្ពាន​ជ្រោយចង្វារ​ទៅ​ផ្សារ​រាត្រី​ត្រូវ​បាន​បើក​សម្រាប់​ការវិនិយោគ​ឯកជន ឬ​ការជួល​រយៈពេល​វែង បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កំណត់​ដី​ទំហំ​ជាង​ ៩ ​ហិកតា​នៅ​ទី​នោះ​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​។

លោកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​មាន​ប្រសាសន៍​ថា៖ «​ក្រុមហ៊ុន Yue Tai មិន​ទាន់​បាន​បញ្ចប់​គម្រោង​ប្លង់​មេ​របស់​ខ្លួន​នៅ​ឡើយ​ទេ ដូច្នេះ​ខ្ញុំ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​នេះ​ទេ​»​។ លោកស្រី សុធីតា បញ្ជាក់​ថា​ទោះ​ជា​យ៉ាងណា​ក៏ដោយ គេ​នឹង​ឮ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​គម្រោង​នេះ​បន្ទាប់ពី​ក្រុមហ៊ុន​បញ្ចប់​ផែនការមេ​។

យោង​តាម​លោកស្រី ជៀម សំណាង​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Lucky Property Service បាន​ឱ្យ​ដឹង​ថា​តម្លៃ​ដី​តាម​បណ្តោយ​ផ្លូវ​ពី​ផ្សារ​រាត្រី​ទៅ​ស្ពាន​ជ្រោយចង្វារ​មាន​តម្លៃ​ពី​ចន្លោះ​ពី​ ៣៥០០-៦០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​៕

 

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

Your email address will not be published. Required fields are marked *